អន្តរជាតិ
ចំនួនប្រជាជនជប៉ុន បន្តធ្លាក់ចុះ១២ឆ្នាំជាប់គ្នា
13, Apr 2023 , 4:39 pm        
រូបភាព
ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបង្ហាញនៅថ្ងៃទី១២ ខែមេសា ថា ចំនួនប្រជាជនសរុបធ្លាក់ចុះមកត្រឹម ១២៤,៩៥លាននាក់ក្នុងឆ្នាំ២០២២ ។ នេះជាការថយចុះ១២ឆ្នាំជាប់ៗគ្នា។
 
គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ប្រជាជនសរុបរបស់ជប៉ុនដែលរាប់ទាំងប្រជាជនបរទេស ថយចុះចំនួន៥៥៦០០០នាក់ ឬ០,៤៤ភាគរយធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមការប៉ាន់ស្មានចំនួនប្រជាជនចុងក្រោយដែលចេញផ្សាយដោយក្រសួងមហាផ្ទៃ និងគមនាគមន៍ជប៉ុន។
 
បើតាមរបាយការណ៍ចេញផ្សាយតាមអនឡាញ ចំនួនជនជាតិជប៉ុនមាន១២២លាននាក់ ធ្លាក់ចុះ៧៥ម៉ឺននាក់។ នេះជាការថយចុះថែមទៀតចាប់តាំងពីឆ្នាំនិន្នាការថយចុះចាប់ផ្ដើមនៅឆ្នាំ២០១១។
 
ទាក់ទងរឿងនេះ ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុនលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលនឹងដោះស្រាយអត្រាកំណើតធ្លាក់ចុះរបស់ប្រទេសនេះ ជាមួយនឹងអាទិភាពខ្ពស់បំផុត។
 
នៅក្នុងការរាប់ប្រជាជនចុងក្រោយបំផុត ចំនួនមនុស្សដែលមានអាយុក្រោម១៥ឆ្នាំបានមកដល់១៤,៥លាននាក់ ដែលស្មើនឹង១១,៦ភាគរយ ខណៈដែលមនុស្សដែលមានអាយុលើសពី៦៥ឆ្នាំមានចំនួនសរុបប្រហែល៣៦,២៣លាននាក់ដែលកើនឡើងបន្តិចធៀបនឹងឆ្នាំ២០២១ ហើយស្មើ២៩ភាគរយនៃចំនួនសរុប។
 
ក្នុងចំណោមប្រជាជនសរុបនេះដែរ បុរសមានចំនួន៤៨,៦ភាគរយដែលជាការធ្លាក់ចុះសម្រាប់រយៈពេល១៥ឆ្នាំជាប់ៗគ្នា ខណៈដែលចំនួនប្រជាជនស្ត្រីធ្លាក់ចុះ១២ឆ្នាំជាប់ៗគ្នាផងដែរជាមួយចំនួន៥១,៤ភាគរយ។
 
តាមតំបន់វិញ ទីក្រុងតូក្យូមានចំនួនប្រជាជនកើនឡើង០,២០ភាគរយ ដែលជាការស្ទុះងើបឡើងវិញបន្ទាប់ពីធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល២៦ឆ្នាំចុងក្រោយកាលពីឆ្នាំ២០២១។
 
ជាមួយនឹងការថយចុះអត្រាកំណើត និងចំនួនប្រជាជនវ័យចំណាស់កើនឡើង ការធ្លាក់ចុះកម្លាំងការងារ និងបន្ទុកហិរញ្ញវត្ថុកាន់តែច្រើនលើប្រព័ន្ធសុខាភិបាល និងសន្តិសុខសង្គម កំពុងបង្កបញ្ហាប្រឈមដល់ប្រទេសនេះ។ នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វីមីអូ បានសន្យាជាច្រើនលើកនឹងផ្តោតលើគោលនយោបាយទាក់ទងនឹងកុមារនៅឆ្នាំនេះ ដោយប្តេជ្ញាដោះស្រាយអត្រាកំណើតទាបតាមរយៈជំហានដែលមិនធ្លាប់មានពីមុនមក។ នៅក្នុងវិធានការចុងក្រោយបំផុតដើម្បីដោះស្រាយអត្រាកំណើតដែលធ្លាក់ចុះ រដ្ឋាភិបាលជប៉ុនបានដាក់ឱ្យដំណើរការនូវស្ថាប័នរដ្ឋបាលថ្មីមួយរបស់ទីភ្នាក់ងារកុមារ និងគ្រួសារ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងគោលនយោបាយទាក់ទងនឹងកុមាររបស់ប្រទេសនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com