ធម្មនុញ្ញសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចែងពីការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការការសន្ទនាដែលមានផលប្រយោជន៍ទៅវិញទៅមក និងភាពជាដៃគូជាមួយបណ្តាប្រទេស អង្គការ និងស្ថាប័នអនុតំបន់ តំបន់ និងកម្រិតអន្តរជាតិ។ ទំនាក់ទំនងខាងក្រៅរបស់អាស៊ានកំណត់ក្របខណ្ឌមួយតាមរយៈការធ្វើសន្និសីទផ្លូវការនៃដៃគូសន្ទនា (DPs) ឬភាគច្រើនហៅថាដៃគូសន្ទនាពេញសិទ្ធិ ដៃគូសន្ទនាតាមវិស័យ (SDPs) និងដៃគូអភិវឌ្ឍន៍។
នៅក្រោមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ផែនការសហគមន៍នយោបាយ-សន្តិសុខអាស៊ានឆ្នាំ២០២៥ គូសបញ្ជាក់អំពីសារសំខាន់សម្រាប់អាស៊ានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា ពង្រឹងការចូលរួមជាមួយភាគីខាងក្រៅផ្សេងទៀត ដើម្បីឈានដល់ដៃគូសក្តានុពលថ្មីសម្រាប់ទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមក និងឆ្លើយតបជាសមូហភាព និងស្ថាបនាចំពោះការអភិវឌ្ឍសកល។
ដៃគូខាងក្រៅរបស់អាស៊ាន ត្រូវបានកំណត់តាមកម្រិតនៃទំនាក់ទំនងដូចខាងក្រោម៖
ដៃគូសន្ទនា
កិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា (DPs) ជាកម្រិតទំនាក់ទំនងដ៏សំខាន់មួយ និងមានកិច្ចប្រជុំកំពូលជាមួយអាស៊ានប្រចាំឆ្នាំ។ ប្លុក និងប្រទេសដែលជាដៃគូសន្ទនារបស់អាស៊ានមាន កាណាដា ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្សី ចក្រភពអង់គ្លេស អាមេរិក និងសហភាពអឺរ៉ុប។
ជាប្រទេសដៃគូសន្ទនារបស់អាស៊ាន ប្រទេសដៃគូក៏អាចចូលរួមក្នុងការតាក់តែងសេចក្ដីថ្លែងការណ៍ថ្នាក់មន្ត្រីជាន់ខ្ពស់ ថ្នាក់រដ្ឋមន្ត្រី ថ្នាក់មេដឹកនាំប្រទេស ឬកិច្ចប្រជុំកំពូល ផែនការសកម្មភាព និងព្រមទាំងសេចក្ដីប្រកាសរួមជាមួយអាស៊ានផងដែរ។ ក្នុងភាពជាដៃគូនេះ ប្រទេសនានាក៏អាចចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនិងសេដ្ឋកិច្ចប្រចាំឆ្នាំ រួមជាមួយនឹងការចូលរួមរបស់រដ្ឋមន្ត្រីផ្សេងទៀត។
ក្នុងចំណោមដៃគូខ្លះ អាស៊ានអាចដំឡើងទំនាក់ទំនងទៅជាកម្រិតគ្រប់ជ្រុងជ្រោយដូចជាអាម៉រិក ឥណ្ឌា ចិន និងអូស្ត្រាលីជាដើម។
ដៃគូសន្ទនាតាមវិស័យ
ដៃគូសន្ទនាតាមវិស័យ ជាយន្តការកិច្ចសហប្រតិបត្តិការផ្លូវការមួយផ្សេងទៀត តែមានកម្រិត ទាបជាងដៃគូសន្ទនាពេញសិទ្ធិដូចរៀបរាប់ខាងលើ ឬអាចរាប់ជាជំហានដំបូងនៃទំនាក់ទំនងផ្លូងការ។ ប្រទេសដែលជាដៃគូតាមវិស័យរួមមានន័រវេស ប៉ាគីស្ថាន ស្វីស តួកគី និងអេមីរ៉ាតអារ៉ាប់រួម។
ស្រដៀងនឹងដៃគូសន្ទានាខាងលើដែរ ភាគីដៃគូសន្ទនាតាមវិស័យកំណត់កិច្ចសហប្រតិបត្តិការតាមគម្រោង និងកម្មវិធីតាមផ្នែកដែលមានផលប្រយោជន៍ទៅវិញទៅមក។ យ៉ាងណាមិញ បណ្ដាប្រទេសទាំងនេះភាគច្រើនមានត្រឹមជាឯកសារកំណត់តំបន់សហប្រតិបត្តិការជាក់ស្តែង (PCA) ដែលជាក្របខណ្ឌណែនាំក្នុងការសម្រេចគោលដៅរួម និងផែនការអាទិភាពនានា។
ក្រោមភាពជាដៃគូនេះ អាស៊ាន ក៏មានគណៈកម្មាធិការសហប្រតិបត្តិការវិស័យរួម (JSCC) ជាមួយដៃគូនីមួយៗផងដែរ ដែលមានកិច្ចប្រជុំយ៉ាងហោចណាស់មួយឆ្នាំម្ដង និងនៅពេលណាមួយផ្សេង ទៀតតាមការឯកភាពគ្នា។
ដៃគូអភិវឌ្ឍន៍
ដៃគូអភិវឌ្ឍន៍អាស៊ានស្ថិតក្នុងកម្រិតទាបជាងដៃគូទាំងពីរដែលបានរៀបរាប់ខាងលើដែលបច្ចុប្បន្ននេះមានចំនួន៤ប្រទេសដូចជា ស៊ីលី បារាំង អាល្លឺម៉ង់ និងអ៊ីតាលី។ ស្រដៀង និងដៃគូតាមវិស័យដែរ ដៃគូអភិវឌ្ឍន៍មានឯកសារកំណត់តំបន់សហប្រតិបត្តិការជាក់ស្តែង (PCA) ហើយមានគណៈកម្មាធិការដៃគូអភិវឌ្ឍន៍ (DPC) ជាអ្នកត្រួតពិនិត្យ។
កិច្ចប្រជុំនិងរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំស្តីពី PCA ត្រូវដាក់ជូនដោយលេខាធិការដ្ឋានអាស៊ានទៅកាន់ DPC នីមួយៗ៕