សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាម៉េរិក និង​សម្ព័ន្ធមិត្តរកវិធីសាស្រ្ត​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​​សេដ្ឋកិច្ច​​ចិន
18, Apr 2023 , 8:29 pm        
រូបភាព
រូបភាពពី  Reuters ។
រូបភាពពី Reuters ។
អាម៉េរិក និងសម្ព័ន្ធមិត្តកំពុងសម្លឹងមើលកាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន ដោយចង់ដាក់កម្រិតទំនាក់ទំនងក្នុងវិស័យមួយចំនួនដែលពួកគេចាត់ទុកថាជាយុទ្ធសាស្ត្រ ប៉ុន្តែរក្សាលំហូរពាណិជ្ជកម្ម និងការវិនិយោគដ៏ធំទូលាយជាមួយប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក។
 
ជម្លោះ​នៅ​អ៊ុយក្រែន​បាន​ផ្លាស់ប្តូរ​ការ​គិត​របស់​លោកខាងលិច​អំពី​យុទ្ធសាស្ត្រ​ជាមួយ​ចិន​ដែល​កាន់តែ​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី។ ការកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិរបស់រុស្ស៊ីទៅកាន់អឺរ៉ុបកាលពីឆ្នាំមុន បានធ្វើឱ្យទីផ្សារថាមពលពិភពលោកមានអស្ថិរភាព។  ក្រុមប្រទេស G7 មានបារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អាម៉េរិក អង់គ្លេស និងកាណាដា មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីចិន ដែលជាប្រទេសលេចធ្លោខាងការផ្គត់ផ្គង់ទំនិញ និងសម្ភារៈជាច្រើនក្នុងពិភពលោក។
 
បើតាមមន្ត្រីសេដ្ឋកិច្ចលោកខាងលិច ចិនអាចកាត់បន្ថយការនាំចេញទំនិញសំខាន់ៗ ប្រសិនបើជម្លោះ ឬជំងឺរាតត្បាតផ្សេងទៀតកើតឡើង។ ពួកគេ​ក៏​បារម្ភ​អំពី​ការ​វិនិយោគ​របស់​លោកខាងលិចផងដែរ ​ប្រសិនបើ​មិន​បាន​ត្រួតពិនិត្យ​នោះ​អាច​ជួយ​ចិន​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​យោធា​របស់ខ្លួន។
 
ទោះជាយ៉ាងណាក៏ដោយមន្ត្រី G7 បានលើកឡើងថា ពួកគេកំពុងព្យាយាមគិតអំពីដំណោះស្រាយ ដើម្បីជៀសវាងការប៉ះពាល់ដល់កំណើនសកលលោកជារួម។ លោក Jeremy Hunt រដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេសបាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុននៅទីក្រុងវ៉ាស៊ីនតោនថា ៖« ជម្រើសយុទ្ធសាស្រ្តរបស់យើងគឺដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់»។
 
កាលពីសប្តាហ៍មុន នៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ក្រុមមន្ត្រី G7 បានយល់ព្រមអនុវត្តគំនិតផ្តួចផ្តើមថ្មីដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់។ ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីការប្តេជ្ញាចិត្តនាពេលថ្មីៗនេះដោយអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍទម្រង់គោលនយោបាយថ្មីដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរសេដ្ឋកិច្ចដែលមិនចុះសម្រុងគ្នា។
 
ក្នុងនោះ IMF ក៏បានព្រមានអំពីផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកផងដែរ នៅពេលដែលប្រទេសសេដ្ឋកិច្ចធំៗ ដូចជាអាម៉េរិក និងចិនបានបែកបាក់គ្នា។ ការ​កាត់​ផ្តាច់​នេះ​នឹង​ធ្វើ​ឱ្យ​ខូច​ដល់​ពាណិជ្ជកម្ម និង​កំណើន​សេដ្ឋកិច្ច​ពិភពលោក។
 
នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបានលើកសំណួរពីវិធីដើម្បីពង្រឹងសន្តិសុខផ្គត់ផ្គង់ ដោយមិនរុញច្រានពិភពលោកឱ្យចូលទៅក្នុងសង្រ្គាមត្រជាក់លើកទីពីរ។ លោកស្រី​បាន​បន្ថែម​ថា ៖ «ខ្ញុំ​ជា​សមាជិក​នៃ​ក្រុម​មនុស្ស​ដែល​បាន​ឆ្លង​កាត់​ក្រោយ​សង្រ្គាម​ត្រជាក់។ វា​បាន​ធ្វើ​ឲ្យ​ពិភពលោក​ខាត​បង់​ច្រើន។ ខ្ញុំ​មិន​ចង់​ឃើញ​រឿង​នោះ​កើត​ឡើង​ទៀត​ទេ»។
 
នៅក្នុងបណ្តាប្រទេស G7 អាម៉េរិកគឺជាអ្នកសកម្មបំផុតក្នុងការជំរុញសេដ្ឋកិច្ចពិភពលោកឱ្យផ្លាស់ប្តូរការពឹងផ្អែករបស់ខ្លួនឱ្យឆ្ងាយពីប្រទេសចិន។ កាលពីឆ្នាំមុន ប្រទេសនេះបានអនុម័តច្បាប់ឧបត្ថម្ភធនថ្មីជាច្រើនដែលមានគោលបំណងទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាថាមពលស្អាត និងសឺមីកុងឌុចទ័រអាម៉េរិក។
 
ទាក់ទងរឿងនេះ រដ្ឋមន្ត្រីក្រសួងរតនាគាអាម៉េរិកលោកស្រី Janet Yellen បានអំពាវនាវម្តងហើយម្តងទៀតឱ្យអាម៉េរិកពឹងផ្អែកបន្ថែមទៀតលើសម្ព័ន្ធមិត្តសម្រាប់វិស័យពាណិជ្ជកម្ម។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីសប្តាហ៍មុន លោកស្រីបានលើកឡើងថា ការព្រមានរបស់ IMF អំពីផលវិបាកអវិជ្ជមាននៃការបែកបាក់រវាងចិននិងអាម៉េរិកគឺនិយាយបំផ្លើស។
 
« អត្ថប្រយោជន៍នៃពាណិជ្ជកម្មបើកចំហនៅតែមានជាមួយនឹងវិធីសាស្រ្តនេះ។ ធនធានសកលនៅតែត្រូវបានចែកចាយប្រកបដោយប្រសិទ្ធភាព។ ដូច្នេះហើយ ខ្ញុំគិតថាទស្សនៈដែលថាមិត្តភាពបណ្តាលឱ្យមានការបែកបាក់គ្នា និងការខាតបង់ដ៏ធំនៃពាណិជ្ជកម្មគឺមិនពិតទេ»។ រដ្ឋមន្រ្តីអាម៉េរិកអះអាងបែបនេះ។
 
រហូតមកដល់ពេលនេះ សម្ព័ន្ធមិត្តមួយចំនួននៅតែមានការព្រួយបារម្ភអំពីចេតនារបស់រដ្ឋបាលលោក ចូ បៃឌិន ក្នុងការកាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន។ ការឧបត្ថម្ភធនរបស់អាម៉េរិកសម្រាប់វិស័យថាមពលស្អាតបាននាំឱ្យមន្ត្រីអឺរ៉ុបជាច្រើនគិតថាអាជីវកម្មរបស់ពួកគេនឹងអាចប្រឈមបញ្ហា ។
 
មន្ត្រីអាម៉េរិកបានបន្ធូរបន្ថយកង្វល់ទាំងនេះ ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាបន្តបន្ទាប់ ដើម្បីរួមគ្នាទិញរ៉ែសំខាន់ៗ។ ពួកគេក៏បានបើកវេទិកាស្តីពីគំនិតផ្តួចផ្តើមថាមពលស្អាតជាមួយអឺរ៉ុប ដើម្បីទប់ស្កាត់នៃការប្រកួតប្រជែងតម្លៃ។
 
បញ្ហា​ប្រឈម​មួយ​ទៀត​គឺ​នៅ​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត។ មន្ត្រីអាម៉េរិកកំពុងព្យាយាមគូសខ្សែបន្ទាត់រវាងប្រភេទនៃ AI ដែលអាចប្រើសម្រាប់គោលបំណងយោធា និងស៊ីវិល៕
 

Tag:
 អាម៉េរិក
  G7
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com