អន្តរជាតិ
G7៖ ចិនគ្មានមូលដ្ឋានច្បាប់ទាមទារដែនទឹកក្នុងសមុទ្រចិនខាងត្បូងឡើយ
18, Apr 2023 , 6:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ក្រុមប្រទេសអ្នកមានទាំង៧ (G7) បានបង្ហាញពីក្តីបារម្ភជុំវិញស្ថានភាពនោក្នុងសមុទ្រចិនខាងកើត និងខាងត្បូង នៅថ្ងៃទី១៨ ខែមេសា។ បើតាមក្រុមប្រទេស G7 វាគ្មានមូលដ្ឋានច្បាប់សម្រាប់ចិន ក្នុង ការទាមទារដែនទឹកដ៏ធំ នៅក្នុងសមុទ្រចិនខាងត្បូងឡើយ។
 
សមុទ្រចិនខាងត្បូងដែលជាដែនទឹកសម្បូរដោយធនធានធម្មជាតិ និងជាផ្លូវសម្រាប់នាវាចរណ៍ដ៏សំខាន់ ត្រូវចិនបានទាមទារដែនទឹកក្នុងសមុទ្រចិនខាងត្បូងស្ទើរតែ៩០ភាគរយ។ ចិនកសាងមូលដ្ឋានយោធា ដែលបង្កឱ្យមានការប៉ះពាល់ដល់រដ្ឋអាស៊ានមួយចំនួនដែលទាមទារដែនទឹកនេះដែរ។ 
 
នៅក្នុងសមុទ្រចិនខាងត្បូងនេះ រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ បានជំទាស់រាល់ការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (status quo) តាមរយៈការប្រើប្រាស់កម្លាំងចាប់បង្ខំពីសំណាក់ចិន។ 
 
«វាគ្មានមូលដ្ឋានច្បាប់សម្រាប់ការទាមទារដែនទឹកដ៏ធំពីសំណាក់ចិន នៅក្នុងសមុទ្រចិនខាងត្បូង ហើយយើងជំទាស់សកម្មភាពយោធូបនីយកម្មរបស់ចិនក្នុងតំបន់»។ រដ្ឋមន្រ្តីការបរទេសក្រុមប្រទេសអ្នកមានទាំង ៧ បានលើកឡើងរួមគ្នាបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១៨ ខែមេសាក្រោយបញ្ចប់កិច្ចប្រជុំនៅជប៉ុន។
 
ទន្ទឹមនេះ ក្រុមប្រទេស G7 បានអំពាវនាវឱ្យមានការគោរពអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) រួមទាំងតួនាទីរបស់អនុសញ្ញាមួយនេះក្នុងការអនុវត្តលើសកម្មភាពទាំងអស់។ បើតាមក្រុមប្រទេសអ្នកមានទាំង ៧ ចិន ចាំបាច់ត្រូវប្រកាន់យកគោលបំណង និងគោលការណ៍អង្គការសហប្រជាជាតិ (UN) រួមទាំងបញ្ចៀសការប្រើប្រាស់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងទ័ព។ 
 
បន្ថែមពីនេះ ក្រុមប្រទេសរីកចម្រើនទាំង៧ ក៏បានបង្ហាញការគាំទ្រចំពោះសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ផង រួមទាំងការចូលរួមរបស់តៃវ៉ាន់នៅក្នុងអង្គការអន្តរជាតិ ក្នុងនោះមានមហាសន្និបាតអង្គការសុខភាពពិភពលោក (WHO) និងកិច្ចប្រជុំបច្ចេកទេសរបស់អង្គការ WHO ផង។
 
យ៉ាងណាក៏ដោយ ក្រុមប្រទេសមួយនេះ បានបញ្ជាក់ច្បាស់ថា មិនបានផ្លាស់ប្ដូរជំហររបស់ខ្លូន លើបញ្ហាតៃវ៉ាន់ឡើយ ដោយរួមទាំងគោលនយោបាយចិនតែមួយផង។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ រដ្ឋមន្រ្តីការបរទេស G7 បានអះអាងថា ខ្លួននឹងបន្តលើកឡើងពីក្តីបារម្ភជុំវិញរបាយការណ៍ការរំលោភបំពានសិទ្ធិមនុស្សនៅចិន រួមទាំងតំបន់ស៊ីនជាំង ហុងកុង និងទីបេ៕ 
 

Tag:
 ចិន
  G7
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com