ភ្នំពេញ៖ ការប្រឡងសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា នាវិទ្យាល័យ នេត យ៉ង់ ខេត្តបាត់ដំបង។ មិនខុសពីឆ្នាំកន្លងទៅរាជធានីភ្នំពេញ, ខេត្តកណ្ដាល,សៀមរាប និងខេត្តតាកែវ នៅតែឈរខ្ពស់លើការបញ្ជូនសិស្សទៅប្រឡងសិស្សពូកែទូទាំងប្រទេស។
ក្នុងតារាងបែងចែកបេក្ខជនសិស្សពូកែ និងប្រតិភូតាមរាជធានី-ខេត្ត សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២៣ បង្ហាញថា រាជធានីភ្នំពេញ អាចបញ្ជូនបេក្ខជនចូលរួមប្រឡងចំនួន ៦៦រូប។ ចំណែកខេត្តកណ្ដាល អាចបញ្ជូនបេក្ខជនចូលរួមប្រឡងចំនួន ៣៩រូប, ខេត្តសៀមរាប និងខេត្តតាកែវ អាចបញ្ជូន ៣៦រូប ដូចគ្នា។
ជ័យលាភីសិស្សពូកែកាលពីឆ្នាំ២០២២។ រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
ដោយឡែក ខេត្តបាត់ដំបង និងព្រៃវែង អាចបញ្ជូនបេក្ខជនចូលរួមចំនួន ៣៣រូប ខណៈខេត្តកំពង់ចាម អាចបញ្ជូនបាន ៣០រូបផងដែរ។ បើតាមតារាងបែងចែកខាងលើ ខេត្តបន្ទាយមានជ័យ, កំពង់ស្ពឺ និងកំពត អាចបញ្ជូនបេក្ខជនចូលប្រឡងចំនួន ២១រូបក្នុងមួយខេត្ត។
ចំពោះខេត្តកំពង់ឆ្នាំង, កំពង់ធំ និងត្បូងឃ្មុំ មានឱកាសបញ្ជូនបេក្ខជនចូលរួមប្រឡងចំនួន ១៨នាក់ ក្នុងមួយខេត្ត។ ក្រៅពីបណ្ដាខេត្តខាងលើ ខេត្តស្វាយរៀង អាចបញ្ជូនបេក្ខជនចូលរួមប្រឡងចំនួន ១៥នាក់ និងខេត្តពោធិ៍សាត់វិញ អាចបញ្ជូនបេក្ខជនបាន ១២នាក់។
សម្រាប់ខេត្តដែលបញ្ជូនបេក្ខជនចូលរួមប្រឡងក្រោម១០រូបរួមមាន ខេត្តក្រចេះ មាន៩រូប, កោះកុង, មណ្ឌលគិរី, ព្រះវិហារ, រតនគិរី, ព្រះសីហនុ, ស្ទឹងត្រែង, កែប និងប៉ៃលិន មានចំនួន ៦រូប ក្នុងមួយខេត្ត។ បេក្ខជនចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២៣នេះ មានចំនួន ៤៨០រូប ដោយក្នុងមួយមុខវិជ្ជា មាន៨០រូប។
សូមបញ្ជាក់ថា ការប្រឡងសិស្សពូកែទូទាំងប្រទេសនេះ នឹងជ្រើសរើសជ័យលាភីចំនួន ១០រូប ក្នុងមួយមុខវិជ្ជា។ សិស្សពូកែជាប់ជ័យលាភីលេខ១ នឹងទទួលបានថវិកា៣លាន៥សែនរៀល, មេដាយមាសមួយគ្រឿង, លេខ២ ទទួលបានថវិកា ៣លាន២សែនរៀល, មេដាយប្រាក់មួយគ្រឿង និងលេខ៣ ទទួលបានថវិកា ២លាន៩សែនរៀល, មេដាយសំរិទ្ធមួយគ្រឿង រួមទាំងវិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស និងប្រកាសស្ដីពីការទទួលស្គាល់សិស្សពូកែដោយរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ ចំណែកជ័យលាភីលេខ៤-១០ នឹងទទួលបានថវិកាមួយចំនួន រួមទាំងវិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស និងប្រកាសស្ដីពីការទទួលស្គាល់សិស្សពូកែដោយរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕