ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹងបង្កើតមជ្ឈមណ្ឌលភស្តុភាកម្មថ្មី​នៅព្រះសីហនុ ក្រោមទុនវិនិយោគ២០០លានដុល្លារ
19, Apr 2023 , 9:59 pm        
រូបភាព
លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ (ឆ្វេង) ចាប់ដៃជាមួយ លោក Asad Yaqub តំណាងរបស់ IFC ប្រចាំកម្ពុជា នាថ្ងៃទី១៩មេសា ឆ្នាំ២០២៣។
លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ (ឆ្វេង) ចាប់ដៃជាមួយ លោក Asad Yaqub តំណាងរបស់ IFC ប្រចាំកម្ពុជា នាថ្ងៃទី១៩មេសា ឆ្នាំ២០២៣។
ដើម្បីក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជានឹងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មថ្មីនៅខេត្តព្រះសីហនុក្រោមទុនវិនិយោគប្រមាណ២០០លានដុល្លារអាម៉េរិក។ គម្រោងថ្មីរបស់កម្ពុជានេះគឺមានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ( International Finance Corporation/ IFC)​ជាទីប្រឹក្សាដឹកនាំផ្តាច់មុខ។​
 
គម្រោងបង្កើតមជ្ឈមណ្ឌលភស្តុភាកម្ម​ថ្មី​របស់​កម្ពុជា ត្រូវបានចុះព្រមពៀងដោយលោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ លោក Asad Yaqub តំណាងរបស់ IFC ប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី១៩មេសា ឆ្នាំ២០២៣។ ក្រោមកិច្ចព្រមព្រៀងថ្មីនេះ IFC ជាទីប្រឹក្សាដឹកនាំផ្តាច់មុខ ក្នុងរបស់កម្ពុជាក្នុងការរៀបចំរចនាសម្ព័ន្ធ​ប្រតិបត្តិការ ភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន (PPP) និងគាំទ្ររដ្ឋាភិបាលក្នុងការដេញថ្លៃដែលមានលក្ខណ:ប្រកួតប្រជែងជាអន្តរជាតិ ដើម្បីជ្រើសរើសក្រុមហ៊ុនវិនិយោគឯកជនដែលមានគុណវុឌ្ឍិស្របតាមច្បាប់ PPP របស់កម្ពុជា។
 
IFC បានបញ្ជាក់ថា គម្រោង​នេះ​នឹង​ត្រូវ​បាន​ដំណើរការ​ឡើង​ជា​ដំណាក់កាល​ ជាមួយនឹង​ដើមទុន​​ប្រមាណ២០០លាន​ដុល្លារ។ បើតាម លោក ស៊ុន ចាន់ថុល​ មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពមួយក្នុងចំណោមមជ្ឈមណ្ឌល​ភស្តុភារកម្ម​អាទិភាពចំនួនពីរដែលត្រូវអភិវឌ្ឍនៅកម្ពុជា។
 
«គោល​បំណង​របស់យើង ​គឺ​យកប្រទេស​កម្ពុជាធ្វើ​ជា​មជ្ឈមណ្ឌល​ផ្ទេរ​ភស្តុភារកម្ម​​ប្រចាំតំបន់ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​»។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ដោយបានបន្ថែមថា៖ «តាមរយៈការធ្វើការជាមួយ IFC យើងអាចទាញយកផលពី​ជំនាញជាសាកលរបស់ពួកគេ នៅពេលដែល យើងស្វែងរកជម្រើសដ៏ល្អបំផុត ដើម្បីជំរុញការចូលរួម​ពី​វិស័យ​ឯកជនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មដ៏សំខាន់នេះ​នៅកម្ពុជា»។
 
គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មទំនើប នឹងជួយពន្លឿនចលនានៃការនាំចេញ-នាំចូល និងកាត់បន្ថយការកកស្ទះនៅ​កំពង់ផែ។ គម្រោងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងកាត់បន្ថយ ថ្លៃដើមដឹកជញ្ជូនក្នុង​ប្រទេស​ ដែលបច្ចុប្បន្ន កម្ពុជាកំពុងស្ថិតក្នុងចំណោមប្រទេសដែលមានថ្លៃដឹកជញ្ជូនខ្ពស់បំផុតនៅ​អាស៊ីបូព៌ា ដែលជា​ឧបសគ្គដ៏ធំមួយចំពោះការប្រកួតប្រជែង និងការធ្វើពិពិធកម្ម។
 
ក្រុមហ៊ុនវិនិយោគត្រូវបានរំពឹងថា នឹងផ្តល់ហិរញ្ញប្បទាន អភិវឌ្ឍ និងដំណើរការហេដ្ឋារចនាសម្ព័ន្ធ គ្រឿង បរិក្ខារ និងប្រព័ន្ធនានានៅក្នុងមជ្ឈមណ្ឌលភស្តុភារកម្ម ក្រោមកិច្ចសន្យារយៈពេលវែងក្នុងភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន។ ការផ្តល់កិច្ចសន្យាទៅឲ្យអ្នកដេញថ្លៃឈ្នះ នឹងធ្វើឡើងនៅចុងឆ្នាំ ២០២៤ ដោយមជ្ឈមណ្ឌលនេះ ត្រូវការសាងសង់ក្នុងរយៈពេល៣ឆ្នាំ។​
 
បើតាម លោក Asad Yaqub តំណាងរបស់ IFC ប្រចាំកម្ពុជា ការវិនិយោគ​ទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធមានសារសំខាន់ណាស់ក្នុងការជួយដល់​វិស័យផលិតកម្ម​ ដែល​ផ្តោត​លើការនាំចេញរបស់កម្ពុជា ជំរុញខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់កម្ពុជា និងការតភ្ជាប់ផ្នែកដឹកជញ្ជូនជាមួយ​នឹង​តំបន់។  
 
លោកបានបន្តរៀបរាប់ថា៖ « ដោយមានការគាំទ្រពី IFC នេះ គឺជាគម្រោងមួយដែលនឹងត្រូវរៀបចំឡើង​ស្របតាមឧត្តម្មានុវត្តន៍សកល ដើម្បីបង្កើតទីផ្សារដែលមានលក្ខណ:ប្រកួតប្រជែង និងទាក់ទាញវិនិយោគិនដែលមានគុណវុឌ្ឍិគ្រប់គ្រាន់។ ការនាំមកនូវហិរញ្ញប្បទានពីវិស័យឯកជននឹងជួយកាត់បន្ថយបន្ទុកលើ ហិរញ្ញប្បទានរបស់​ប្រទេស ហើយក៏ជាគំរូមួយសម្រាប់ការអភិវឌ្ឍប្រតិបត្តិការដឹកជញ្ជូន និងភស្តុភារកម្មក្នុងភាពជាដៃគូររវាង វិស័យសាធារណ: និង វិស័យឯកជននៅក្នុងប្រទេស ផងដែរ។
 
សូមជម្រាបថា IFC គឺជាទីប្រឹក្សាដ៏គួរឱ្យទុកចិត្តដល់រដ្ឋាភិបាលនានា ​លើការរៀបចំ​រចនាសម្ព័ន្ធ ប្រតិបត្តិការ PPP ដោយធ្វើការលើគម្រោងជាង៣៥០ក្នុងប្រទេសចំនួន៩៩ និង​ប្រទេសក្រីក្រ បំផុតនៅលើពិភពលោកដែលជួយសម្រួលដល់ការវិនិយោគឯកជនក្នុងទំហំថវិកាប្រមាណជា ៤៥ពាន់លានដុល្លារ។ ជាង២០ឆ្នាំមកនេះ លើវិស័យកំពង់ផែការផ្តោតអារម្មណ៍របស់ IFC គឺជួយ​រដ្ឋាភិបាលនានា​ក្នុងការ​រចនាភាពជាដៃគូដែលនឹងបង្កើនប្រសិទ្ធភាពកំពង់ផែ​ក្នុងការធ្វើសមាហរណកម្ម​ជាមួយបណ្តាញដឹកជញ្ជូន ផ្លូវគោក ដោយគិតគូរពីតម្រូវការសង្គម និងសេដ្ឋកិច្ចដ៏ទូលំទូលាយរបស់​ប្រទេស៕ 
 

Tag:
 ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com