អន្តរជាតិ
ប្រមុខណាតូ ធ្វើទស្សនកិច្ចនៅអ៊ុយក្រែនលើកដំបូង ចាប់តាំងពីសង្រ្គាមផ្ទុះឡើង
20, Apr 2023 , 9:29 pm        
រូបភាព
លោក Jens Stoltenberg ប្រមុខអង្គការណាតូ ក្នុងដំណើរទស្សនកិច្ចនៅក្រុងកៀវ។ រូបភាព Reuters
លោក Jens Stoltenberg ប្រមុខអង្គការណាតូ ក្នុងដំណើរទស្សនកិច្ចនៅក្រុងកៀវ។ រូបភាព Reuters
ប្រមុខអង្គការណាតូ Jens Stoltenberg នៅថ្ងៃទី២០​ ខែមេសា បានបំពេញទស្សនកិច្ចនៅក្រុងកៀវ អ៊ុយក្រែន។ ក្នុងទស្សនកិច្ចលើកដំបូង ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីមួយឆ្នាំមុន ដំណើរនេះ ជាការបង្ហាញពីការគាំទ្ររបស់លោកខាងលិចចំពោះអ៊ុយក្រែន។
 
ក្នុងដំណើរទស្សនកិច្ចនៅអ៊ុយក្រែនដោយមិនប្រកាសជាមុន Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានគោរពវិញ្ញាណក្ខន្ធយោធាអ៊ុយក្រែន ដែលបានបាត់បង់ជីវិតក្នុងការការពារដែនដីភាគខាងកើតរបស់អ៊ុយក្រែន ក៏ដូចជាតួ្រតពិនិត្យលើរថយន្តពាសដែករបស់រុស្ស៊ី ដែលអ៊ុយក្រែនរឹបអូសបាន។ 
 
តាមរូបភាពពីទីភ្នាក់ងារព័ត៌មាន Reuters បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធយោធាអ៊ុយក្រែន លោក Stoltenberg បានដើរចូលទៅក្នុងរថយន្ត និងដើរចេញពីទីកន្លែងនោះ។ 
 
ដូចដំណើររបស់មេដឹកនាំនៃបណ្តាប្រទេសផ្សេងៗទៅអ៊ុយក្រែនក្នុងអំឡុងពេលសង្រ្គាម លោក Stoltenberg មិនមានការប្រកាសដំណឹងជាមុនឡើយ។ ដំណើរទស្សនកិច្ចនៃមេដឹកនាំទាំងនោះ តែងតែជួបជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្តល់ជំនួយយោធាផ្សេងៗ ដើម្បីទប់ជាមួយកម្លាំងរុស្ស៊ី៕ 
 

Tag:
 អ៊ុយក្រែន
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com