ជាតិ
ឆ្នាំនេះ កម្ពុជា នឹងប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លឡើងវិញ នៅខេត្តកំពង់ធំ
22, Apr 2023 , 3:19 pm        
រូបភាព
ទិដ្ឋភាពព្រះរាជពិធីច្រត់ព្រះនង្គ័ល១។ រូបភាព៖ អ៊ីសា រ៉ហានី
ទិដ្ឋភាពព្រះរាជពិធីច្រត់ព្រះនង្គ័ល១។ រូបភាព៖ អ៊ីសា រ៉ហានី
ភ្នំពេញ៖ នៅឆ្នាំ២០២៣នេះ កម្ពុជា នឹងរៀបចំប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៨ ឧសភា ក្រោយខកខានប៉ុន្មានឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងមានការយាងចូលរួមក្រោមព្រះរាជាធិបតី ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថនរោត្ដម សីហមុនី។

 
ព្រះរាជពីធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៣ នឹងធ្វើនៅទីតាំងស្តាតថ្មី ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ព្រះរាជពីធីច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់មួយរបស់ពលរដ្ឋកម្ពុជា ដែលព្រះមហាក្សត្រគ្រប់ព្រះអង្គតែងដឹកនាំធ្វើ តាំងពីបុរាណកាលមក និងជាការប្រកាសប្រាប់ពលរដ្ឋតាមស្រុកស្រែចម្ការថាជាការចាប់ផ្តើមរដូវវស្សា។ ព្រះរាជពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងខេត្តពិសាខ។
 
កាលពីថ្ងៃទី២០ មេសា លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចុះពិនិត្យទីតាំងរៀបចំ ដើម្បីឱ្យមានសណ្តាប់ធ្នាប់សម្រាប់ត្រៀមប្រារព្ធពិធីច្រត់ព្រះនង្គ័ល ក្រោមព្រះរាជាធិបតី ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថនរោត្ដម សីហមុនី។ ក្នុងដំណើរចុះពិនិត្យទីតាំងអភិបាលខេត្តកំពង់ធំ ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ស្រោចទឹកស្មៅ និងដាក់ជី ដើម្បីឱ្យស្មៅដុះបានល្អ ពិសេសរៀបចំបរិវេណឱ្យបានធំទូលាយ ងាយស្រួលប្រារព្ធព្រះរាជពិធីផងដែរ។
 
ជាមួយគ្នានេះ គោឧសភរាជចំនួន៥គូ ត្រូវបានយកមកដល់ទីតាំងត្រៀមប្រារព្ធព្រះរាជពិធី និងមានអ្នកថែទាំផ្ដល់ស្មៅ និងទឹកត្រឹមត្រូវ។ ក្នុងព្រះរាជពិធីនេះ ព្រាហ្មណ៍ព្រះរាជគ្រូ នឹងសូធ្យផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យបរិភោគរបស់ ៧យ៉ាង ដែលរៀបដាក់តុ ប្រាក់ធំៗរួមមាន គ្រាប់ស្រូវ ១តុ គ្រាប់សណ្ដែក ១តុ គ្រាប់ពោត ១តុ គ្រាប់ល្ង ១តុ ស្មៅ ស្រស់ ១តុ ទឹក ១តុ និងស្រា ១តុ។
 
សូធ្យចប់ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹកមន្ដប្រោះក្បាលគោឧសភរាជ ហើយមន្ត្រីដឹកគោឧសភរាជ ទៅជិត របស់ទាំង៧ យ៉ាងនោះ។ បន្ទាប់មក ឱ្យគោឧសភរាជ បរិភោគអ្វីបរិភោគទៅ ដោយមិនបង្ខំឡើយ។ កាលណា គោឧសភរាជ បរិភោគអ្វីមួយយ៉ាង ឬ ពីរយ៉ាង ព្រាហ្មណ៍ក៏ទាយផលប្រផ្នូលតាមនោះ។ 
 
សូមបញ្ជាក់ថា ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លខាងមុខ នឹងមានការតាំងបង្ហាញពីសមិទ្ធផលនានារបស់ក្រសួង ស្ថាប័ននានាផងដែរ៕
 

Tag:
 ច្រត់ព្រះនង្គ័ល
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com