អន្តរជាតិ
លោកអូស្ទីន៖ ក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត នឹងបង្កើនការផ្តល់ប្រព័ន្ធការពារអាកាសទៅអ៊ុយក្រែន
22, Apr 2023 , 4:39 pm        
រូបភាព
លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក (កណ្តាល)។ រូបភាព AFP
លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក (កណ្តាល)។ រូបភាព AFP
ប្រមុខការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន នៅថ្ងៃទី២១ ខែមេសា បានប្តេជ្ញាថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត នឹងបង្កើនការផ្តល់ប្រព័ន្ធការពារអាកាសទៅអ៊ុយក្រែន ដើម្បីការពារពីការវាយប្រហារមីស៊ីល ឬយន្តហោះចម្បាំងរបស់រុស្ស៊ី។ ការអះអាងបែបនេះ ធ្វើឡើងក្រោយប្រព័ន្ធ Patriot ត្រូវបានដឹកជញ្ជូនដល់អ៊ុយក្រែន។


រដ្ឋមន្រ្តីការពារជាតិប្រមាណ ៥០ប្រទេស ដោយក្នុងនោះមានអាម៉េរិកផង បានជួបជុំគ្នានៅមូលដ្ឋានទ័ពអាកាស Ramstein នៅអាល្លឺម៉ង់ ក្នុងថ្ងៃទី២១ ខែមេសា ដើម្បីជជែកពីបញ្ហាអ៊ុយក្រែន រួមទាំងការផ្តល់ជំនួយយោធា។ ក្នុងជំនួបនោះ លោក ឡយ អូស្ទីន ប្រមុខការពារជាតិអាម៉េរិក បានសន្យាថា ក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត នឹងបង្កើនការផ្គត់ផ្គង់ប្រព័ន្ធការពារអាកាសទៅអ៊ុយក្រែន។ 
 
«អ្វីដែលអ៊ុយក្រែនត្រូវការបំផុត គឺសមត្ថភាពការពារដែនអាកាស»។ លោក អូស្ទីន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២១ ខែមេសា ដោយបន្តថា លោកសូមកោតសរសើរចំពោះការងាររបស់សម្ព័ន្ធមិត្ត ហើយជឿថា ប្រទេសទាំងនោះ នឹងបន្តផ្តល់ជំនួយទៅអ៊ុយក្រែនបន្ថែមទៀត។ 
 
ចំណែក លោក ឧត្តមសេនីយ៍ Mark Milley នាយសេនាធិការកងទ័ពអាមេរិក បានសរសេរពីភាពជោគជ័យរបស់អ៊ុយក្រែន ក្នុងការការពារប្រទេស និងដែនអាកាសពីយន្តហោះចម្បាំងរបស់រុស្ស៊ី។ បើតាមលោក Milley ពេលនេះ ក្រុមប្រទេស Ukraine Contact Group នឹងផ្តោតលើការអភិវឌ្ឍសមត្ថភាពរបស់អ៊ុយក្រែន។ 
 
សូមបញ្ជាក់ថា ចាប់តាំងពីត្រូវបានបង្កើតឡើងនៅមួយឆ្នាំមុន ក្រុមប្រទេស Ukraine Contact Group បានផ្តល់ជំនួយសន្តិសុខទៅអ៊ុយក្រែនប្រមាណ ៥៥ពាន់លានដុល្លារ ដោយក្នុងនោះរួមមានមីស៊ីល កាំភ្លើងធំ រថក្រោះ និងប្រព័ន្ធការពារអាកាសជាដើម៕ 
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com