អន្តរជាតិ
លោក ជែក ម៉ា ទទួលតួនាទីជាសាស្រ្តចារ្យកិត្តិយសនៅសកលវិទ្យាល័យហុងកុង
22, Apr 2023 , 7:59 pm        
រូបភាព
លោក ជែក ម៉ា ស្ថាបនិកក្រុមហ៊ុន​ Alibaba។ រូបភាព AFP
លោក ជែក ម៉ា ស្ថាបនិកក្រុមហ៊ុន​ Alibaba។ រូបភាព AFP
លោក ជែក ម៉ា ដែលជាស្ថាបនិកក្រុមហ៊ុន Alibaba បានទទួលយកតួនាទីជាសាស្រ្តចារ្យកិត្តិយសនៅសកលវិទ្យាល័យហុងកុងលើមុខវិជ្ជាធុរកិច្ច។ នេះបើតាមការប្រកាសរបស់សកលវិទ្យាល័យនៅថ្ងៃទី២១ ខែមេសា។
 
ថ្មីៗ លោក ជែក ម៉ា ស្ថាបនិកក្រុមហ៊ុន Alibaba បានបង្ហាញមុខជាថ្មីនៅចិន ក្រោយរដ្ឋាភិបាលក្រុងប៉េកាំងបានបង្ក្រាបលើក្រុមហ៊ុនមួយនេះ កាលពីពីរឆ្នាំមុន។ ចាប់តាំងពីពេលនោះមក លោក ជែក ម៉ា តែងរក្សាឋានៈរបស់ខ្លួនទាបបំផុត និងមិនសូវចេញមុខជាសាធារណៈឡើយ។ 
 
ក្រោយបាត់មុខមួយរយៈ សកលវិទ្យាល័យហុងកុង នៅថ្ងៃទី២១ ខែមេសា បានប្រកាសថា លោក ជែក ម៉ា បានទទួលយកតួនាទីជាសាស្រ្តចារ្យកិត្តិយសពីសាលាធុរកិច្ចរបស់ខ្លួន។ អ្នកនាំពាក្យសកលវិទ្យាល័យហុងកុងមួយរូប បានបង្ហាញការស្វាគមន៍ ចំពោះការចែករំលែកចំណេះដឹងដ៏ខ្លាំងរបស់លោក ជែក ម៉ា និងបទពិសោធន៍នៅក្នុងវិស័យធុរកិច្ច។ 
 
តាមការបញ្ជាក់របស់សារព័ត៌មានក្នុងស្រុក តួនាទីជាសាស្រ្តចារ្យកិត្តិយស មានរយៈពេល ៣ឆ្នាំ ដោយបញ្ចប់នៅក្នុងឆ្នាំ២០២៦។ កាសែត South China Morning Post បានចុះផ្សាយថា លោក ជែក ម៉ា គ្មានគម្រោងផ្តល់សុន្ទរកថាជាសាធារណៈឡើយ។ 
 
គួររំឭកថា មុនពេលចាប់ផ្តើមបើកក្រុមហ៊ុន Alibaba លោក ជែក ម៉ា ជាគ្រូបង្រៀនភាសាអង់គ្លេសរយៈពេល ៨ឆ្នាំ នៅសកលវិទ្យាល័យ Hangzhou Dianzi University ក្នុងខេត្តភាគខាងកើតចិន Zhejiang៕ 
 

Tag:
 ចិន
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com