អន្តរជាតិ
ចិន និងហ្វីលីពីន ឯកភាពបង្កើតប្រព័ន្ធទំនាក់ទំនងឱ្យច្រើន ដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង
23, Apr 2023 , 3:39 pm        
រូបភាព
លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន ចាប់ដៃជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង។ រូបភាពយកការិយាល័យប្រធានាធិបតីហ្វីលីពីន
លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន ចាប់ដៃជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង។ រូបភាពយកការិយាល័យប្រធានាធិបតីហ្វីលីពីន
ហ្វីលីពីន និងចិន បានឯកភាពបង្កើតប្រព័ន្ធទំនាក់ទំនងឱ្យកាន់តែច្រើន ដើម្បីគ្រប់គ្រងជម្លោះនៅក្នុងដែនទឹក ក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមសេចក្តីប្រកាសរបស់វិមានប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី២២ ខែមេសា។
 
ក្នុងដំណើរទស្សនកិច្ចនៅហ្វីលីពីន លោក ឈីន កាង ប្រមុខការទូតចិន បានជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃទី២២ ខែមេសា  ដោយបានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ពាណិជ្ជកម្ម និងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងជាដើម។ 
 
«យើងបានឯកភាពបង្កើតប្រព័ន្ធទំនាក់ទំនងឱ្យកាន់តែច្រើន។ ដូច្នេះរាល់ហេតុការណ៍កើតឡើងនៅសមុទ្រហ្វីលីពីនខាងលិច ដែលមានពាក់ព័ន្ធជាមួយចិន និងហ្វីលីពីន អាចដោះស្រាយបានភ្លាមៗ»។ លោក Marcos Jr បានបញ្ជាក់បែបនេះ នៅក្នុងក្នុងសេចក្តីថ្លែងការណ៍ចេញដោយវិមានប្រធានាធិបតីហ្វីលីពីន។ សមុទ្រចិនខាងត្បូង ត្រូវបានហ្វីលីពីនហៅថា សមុទ្រហ្វីលីពីនខាងលិច។
 
ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោកឈីន បានលើកឡើងថា ប្រទេសទាំងពីរចាំបាច់ធ្វើការជាមួយគ្នា ដើម្បីបន្តមិត្តភាពបែបប្រពៃណី ពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយជម្លោះឱ្យបានត្រឹមត្រូវ។ បើតាមប្រមុខការទូតចិន ការសហការជាមួយគ្នា នឹងជួយលើកតម្កើងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ រួមទាំងពិភពលោក។
 
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ឈីន ធ្វើឡើងក្រោយហ្វីលីពីន បានអនុញ្ញាតឱ្យអាម៉េរិកប្រើមូលដ្ឋានទ័ពចំនួន ៤ នៅក្នុងខេត្តដែលទល់មុខសមុទ្រចិនខាងត្បូង។ ជាញយៗ ហ្វីលីពីន តែងតែដាក់ការតវ៉ាជាមួយចិន ជុំវិញនាវាល្បាតចិនចូលមកក្នុងដែនទឹករបស់ខ្លួន៕ 
 

Tag:
 ចិន
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com