អន្តរជាតិ
អនុប្រធានគណៈកម្មការបោះឆ្នោតមីយ៉ាន់ម៉ា ត្រូវបានបាញ់សម្លាប់
23, Apr 2023 , 4:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
អនុប្រធានគណៈកម្មការបោះឆ្នោតសហភាពមីយ៉ាន់ម៉ា (UEC) លោក Sai Kyaw Thu ដែលត្រូវបានតែងតាំងដោយយោធាមីយ៉ាន់ម៉ា ត្រូវបានបាញ់សម្លាប់នៅថ្ងៃទី២២ ខែមេសា។ ក្រោយហេតុការណ៍នេះ យោធាមីយ៉ាន់ម៉ា បានទម្លាក់កំហុសលើកម្លាំងស្វ័យការពារប្រជាជន (PDF) របស់រដ្ឋាភិបាលស្រមោល។
 
លោក Sai Kyaw Thu អនុប្រធានគណៈកម្មការបោះឆ្នោតសហភាពមីយ៉ាន់ម៉ា (UEC) ត្រូវបានបាញ់សម្លាប់ នៅថ្ងៃទី២២ ខែមេសា នៅក្នុងសង្កាត់  Thingangyun ក្នុងក្រុងយ៉ាំងហ្គោន។ សារព័ត៌មានក្រុងស្រុក បានចុះផ្សាយថា មន្រ្តីគណៈកម្មការរៀបចំបោះឆ្នោតរូបនេះ ត្រូវបានបាញ់ជាច្រើនគ្រាប់ នៅលើទ្រូង និងក្បាល។ 
 
ក្រោយហេតុការណ៍ខាងលើ យោធាមីយ៉ាន់ម៉ា បានទម្លាក់ការទទួលខុសត្រូវលើកម្លាំងស្វ័យការពារប្រជាជន របស់រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា។ យ៉ាងណាមិញ យោធាមីយ៉ាន់ម៉ា មិនបានផ្តល់ព័ត៌មានលម្អិតអ្វីឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
សូមបញ្ជាក់ថា ករណីបាញ់សម្លាប់នេះ ធ្វើឡើងក្រោយបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ត្រូវបានរំលាយ ដោយសារមិនបានចុះឈ្មោះ នៅក្រោមច្បាប់បោះឆ្នោតថ្មី៕ 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com