សេដ្ឋកិច្ច
អន្តរជាតិ
តម្លៃស្ករពិភពលោកនឹងឡើងថ្លៃខ្ពស់នៅឆ្នាំនេះ
24, Apr 2023 , 8:39 am        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
តម្លៃស្ករពិភពលោកនឹងឡើងថ្លៃខ្ពស់ ដោយសារតែការផ្គត់ផ្គង់ស្ករមិនគ្រប់គ្រាន់ដែលបណ្តាលមកពីប្រទេសផ្គត់ផ្គង់ស្ករធំៗពិភពលោកជួបបញ្ហាអាកាសធាតុ និងការកើនឡើងថ្លៃផលិត។ នៅក្នុងខែនេះ តម្លៃស្ករពិភពលោកបានហក់ឡើងដល់ជាង ០,២៤៥ដុល្លារក្នុងមួយផោន (១ ផោនស្មើនឹង ៤៥៣,៥ ក្រាម) ដែលជាតម្លៃខ្ពស់បំផុតគិតចាប់ពីឆ្នាំ ២០១២។
 
នាប៉ុន្មានសប្តាហ៍ខាមុខនេះ គឺដល់រដូវកាលប្រមូលផលអំពៅនៅក្នុងប្រទេសអូស្ត្រាលី ហើយអ្នកដាំអំពៅនៅទីនេះកំពុងទទួលបានតម្លៃពិសេសសម្រាប់ដំណាំរបស់ពួកគេ។ អំពៅដែលកសិករដាំនៅទីនេះអាចលក់បានតម្លៃ ៨០០ដុល្លារអូស្ត្រាលីក្នុងមួយតោន (៥៣៦ដុល្លារអាម៉េរិក)។ នេះជាតម្លៃដែលមិនធ្លាប់ឃើញក្នុងរយៈពេលជាង១០ឆ្នាំមកនេះ។ 
 
បើតាមលោក Owen Menkens ប្រធានក្រុមហ៊ុន Canegrowers កាលពីពីរឆ្នាំមុន តម្លៃស្ករបានធ្លាក់ចុះក្រោម ៤០០ដុល្លារអូស្ត្រាលីក្នុងមួយតោន បើទោះបីមិនការផលិតគ្រាន់សម្រាប់អ្នកដាំដុះជាច្រើនក៏ដោយ។ លោកថា តួលេខនេះបានកើនឡើងទ្វេដងជាមួយនឹងតម្លៃខ្ពស់ ៨០៤ដុល្លារអូស្ត្រាលីក្នុងមួយតោននៅពាក់កណ្តាលខែនេះ។ 
 
ជុំវិញការឡើងថ្លៃស្ករពិភពលោក លោក Tom McNeil ជាអ្នកជំនាញវិភាគទំនិញបានពន្យល់ថា ការផ្គត់ផ្គង់ស្ករសទូទាំងពិភពលោកមានភាពតឹងរឹងជាងមុន បន្ទាប់ពីប្រទេសផលិតស្ករធំៗជាច្រើន ទទួលបានទិន្នផលទាបជាងការរំពឹងទុកក្នុងនោះមានប្រទេស ឥណ្ឌា ចិន និងថៃ...។ 
 
ចំណែកប្រេស៊ីលទើបតែឆ្លងកាត់ការមានភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យមានបញ្ហាលើផ្នែកដឹកជញ្ជូនជាមួយនឹងបរិមាណសណ្តែកសៀង និងពោតដ៏ច្រើនដែលត្រូវប្រមូលផល។ ដូច្នេះវាពិបាកណាស់ក្នុងការយកស្ករចេញពីប្រេស៊ីលនាពេលបច្ចុប្បន្ននេះ ។ អ្នកដាំអំពៅភាគច្រើនបានកំណត់ថ្លៃខ្ពស់រួចមកហើយកាលពីឆ្នាំ ២០២២ ដែលអាចឱ្យពួកគាត់សម្លឹងមើលទីផ្សារអនាគតជាមួយតម្លៃគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់រដូវកាលប្រមូលផលខាងមុខ។ នេះបើតាមលោក Tom McNeil ។
 
គិតត្រឹមពាក់កណ្តាលខែមេសា ឆ្នាំ២០២៣  អ្នកដាំអំពៅអាចកំណត់តម្លៃស្កររបស់ពួកគេក្នុងតម្លៃ ៧៥៦ដុល្លារអូស្ត្រាលីក្នុងមួយតោន (៥០៨ដុល្លារអាម៉េរិក) និងរំពឹងថានឹងបានតម្លៃ ៦៥១ដុល្លារអូស្ត្រាលីក្នុងមួយតោន ( ៤៣៧ដុល្លារ) នៅឆ្នាំ ២០២៤៕
 

Tag:
 ស្ករ
  ប្រេស៊ីល
  ថៃ
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com