កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ជួប Man City វគ្គផ្តាច់ព្រ័ត្រ FA Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ
24, Apr 2023 , 11:09 am        
រូបភាព
ក្រុម Manchester United បានយកឈ្នះ Brighton & Hove Albion នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រក្នុងលទ្ធផល ៧-៦ នៅ Wembley ថ្ងៃទី២៣ ខែមេសា។ Man United នឹងត្រូវជួប Manchester City វគ្គផ្តាច់ព្រ័ត្រ FA Cup ដែលជាការប៉ះគ្នាផ្តាច់ព្រ័ត្រលើកដំបូងក្នុងប្រវត្តិសាស្ត្រ។


ការប្រកួតប្រជែងគ្នាយ៉ាងស្ថិតស្វាញរវាងក្រុមបិសាចក្រហមតទល់ជាមួយនឹង Brighton ក្នុងរយៈពេល ១២០នាទី ក្រុមទាំងពីរបានព្យាយាមស៊ុតបាល់ដើម្បីស្វែករកគ្រាប់រៀងៗខ្លួន ពីការដាក់សម្ពាធ និងវាយសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែគ្មានការស៊ុតបាល់បំប៉ោងសំណាញ់ទីលើគ្នាឡើយ។
  


ឈានដល់ការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ គ្រាប់បាល់ទី៧​ នៃបាល់កាត់សេចក្តី ពីសំណាក់កីឡាករ Solly March ជាកីឡាករទី៧ របស់ ​Brighton ដែលទទួលរាប់រង ប៉ុន្តែគ្រាប់បាល់នោះរូបគេបែរជាស៊ុតបាល់រំលងរបាទី មុនពេលខ្សែការពារ Victor Lindelof របស់បិសាចក្រហមអាចស៊ុតបាល់ទី៧ បញ្ចូលទី នាំជ័យជម្នះលទ្ធផល ៧-៦។
 
Man United នឹងត្រូវជួបក្រុម Man City នៅវគ្គផ្តាច់ព្រ័ត្រ ដែលជាក្រុមទើបប្រកួតយកឈ្នះលើក្រុម Sheffield United ក្នុងលទ្ធផល ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ដូចគ្នាកាលពីថ្ងៃទី២២ ខែមេសា។
 
ការប្រកួតរវាង Man United និង Brighton ក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនេះគឺជាការជួបសងសឹងគ្នាសារជាថ្មីលើកដំបូងបង្អស់ចាប់តាំងពីឆ្នាំ ១៩៨៣ ដែលក្រុមទាំងពីរបានជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup។ កាលនោះ Brighton ក៏រងបរាជ័យក្រោមថ្វីជើង Man United ដូចគ្នា។
 
រដូវកាល ២០២២-២៣ បិសាចក្រហមស្ថិតក្រោមការដឹកនាំរបស់លោក Erik ten Hag និងជាក្រុមម្ចាស់ជើងឯក FA Cup ១២សម័យ កំពុងតែប្រជែងពានលំដាប់ទីពីរអង់គ្លេសមួយនេះ បន្ទាប់ពីពួកគេបានឈ្នះពានរង្វាន់ EFL Cup ក្រោយខកខានជាង ៥ឆ្នាំ។
 
ជំនួបវគ្គផ្តាច់ព្រ័ត្ររវាងក្រុមស្ថិតនៅក្នុងទីក្រុង Manchester ដូចគ្នា នឹងក្លាយជាការប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រនៃក្រុមទាំងពីរ។ ការប្រកួតនឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Wembley ថ្ងៃទី៣ ខែមិថុនា៕
 

Tag:
 Manchester United
  FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com