កីឡាជាតិ
ជាតិ
ស៊ីហ្គេម ២០២៣ ៖ គោព្រៃកម្ពុជាបំបាក់ទីម័រខាងកើតឡើងឈរកំពូលតារាងពូល A
29, Apr 2023 , 8:56 pm        
រូបភាព
ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ កម្ពុជា បំបាក់ទីម័រខាងកើតក្នុងលទ្ធផល ៤-០ ក្នុងជំនួបព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំការប្រកួតផ្ទាល់ នាថ្ងៃទី២៩ ខែមេសា។ ជ័យជម្នះរុញច្រានកម្ពុជាឡើងឈរកំពូលតារាងពូល A បណ្តោះអាសន្នពីលើឥណ្ឌូណេស៊ី។
 
ការប្រកួតដ៏កក្រើករវាងកម្ពុជាទល់ទីម័រខាងកើតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមក្រស៊ែរភ្នែកអ្នកគាំទ្ររាប់ម៉ឺននាក់ ក្រុមទាំងសងខាងនៅដើមវគ្គមានការវាយសម្រុកគ្នាទៅវិញទៅមក។ ឈានដល់នាទី៣៩ កម្ពុជារកបានឱកាសមាសនាំមុខ ១គ្រាប់មុន ដោយជាការស៊ុតបានយ៉ាងល្អពីកីឡា ជូ ស៊ិនទិ ដែលកើតចេញពីឱកាសស៊ុតបាល់ពិន័យ Free Kick។ 
 
ហៀបចំការប្រកួតវគ្គទីមួយទៅហើយកម្ពុជាបន្តសម្រុករហូតរកបានឱកាសស៊ុតគ្រាប់បាល់ទីពីរបន្ថែមនៅនាទី៤៥ ដោយកីឡាករ ជូ ស៊ិនទិ នាទី៤៥+៣។ បញ្ចប់ការប្រកួតវគ្គមួយកម្ពុជា ២-០ ទីម័រខាងកើត។
 
ការប្រកួតក្នុងវគ្គទីពីរ កម្ពុជាកាន់តែមានទម្រង់លេងល្អខ្លាំងឡើង ដោយការបន្តវាយសម្រុកដាក់សម្ពាធលើទីម័រខាងកើត។ កម្ពុជារកបានគ្រាប់បាល់ទី៣ ធ្វើបានដោយកីឡាករ ស រតនា នាទី៧៥ ក្រោយបានប្តូរចូលនៅក្នុងវគ្គទីពីរ មិនចាំយូ ១០នាទីក្រោយមក ពោលនាទី៨២ កម្ពុជារកបានគ្រាប់បាល់ទី៤ ដោយ លឹម ពិសុទ្ធ។
 
បញ្ចប់ការប្រកួតកម្ពុជាយកឈ្នះទីម័រដោយលទ្ធផល ៤-0 កម្ពុជាឡើងឈរកំពូលតារាងពូល A មាន ៣ពិន្ទុ ឈរពីលើឥណ្ឌូណេស៊ីស្ថិតនៅចំណាត់ថ្នាក់លេខ ២ មាន ៣ពិន្ទុដូចគ្នា។ ចំណែក ទីម័រខាងកើតធ្លាក់ទៅឈរបាតតារាង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com