កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក ហ៊ុន ម៉ានី ៖ ចាញ់ឬ ឈ្នះ ជារឿងធម្មតា តែអ្នកគាំទ្រកុំធ្វើឱ្យប៉ះពាល់មុខមាត់ជាតិ ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម
08, May 2023 , 12:42 pm        
រូបភាព
តំណាងរាស្ត្រមណ្ឌកំពង់ស្ពឺ និងជាប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា លោក ហ៊ុន ម៉ានី អំពាវនាវដល់អ្នកគាំទ្រកម្ពុជា កុំធ្វើទង្វើមិនគប្បីទៅកាន់ប្រតិភូ និងអត្តពលិកបរទេស ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីលោក បានឃើញវីដែអូអ្នកគាំទ្រស្រែកហ៊ោបែបឌឺដងទៅកាន់អត្តពលិកបរទេស ដោយពាក្យជាភាសាអង់គ្លេស«Go Home» មានន័យថា «ទៅផ្ទះវិញ»។
 
«ទង្វើដែលមិនគួរឲ្យកើតមាន!»។ លោក ហ៊ុន ម៉ានី មិនគាំទ្រឱ្យពលរដ្ឋកម្ពុជា ធ្វើទង្វើបែបនេះឡើយ។ សម្រាប់លោក ហ៊ុន ម៉ានី ក្នុងនាមជាម្ចាស់ផ្ទះនោះ ពលរដ្ឋកម្ពុជា ត្រូវដើរតួនាទីជាអ្នកទទួលស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់ប្រតិភូ និងអត្តពលិកទាំងអស់ ដោយមិនត្រូវប្រព្រឹត្តសកម្មភាព ដែលប៉ះពាល់ដល់មុខមាត់ជាតិឡើយ។
 
«ឈ្នះ ឬ ចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ យើងគប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ជើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។ នេះជាសំណេររបស់ប្រធាន ស.ស.យ.ក អមជាមួយសញ្ញាមិនគាំទ្រចំពោះវីដេអូ ដែលបង្ហាញពីទង្វើរបស់អ្នកគាំទ្រ ទៅកាន់អត្តពលិកបរទេស។
  
បើតាមលោក ម៉ានី សកម្មភាពដែលនាំឱ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយមកលើកម្ពុជាបែបនេះ ជាចំណុចសំខាន់ ដែលពលរដ្ឋទាំងអស់គួរតែជៀសវាងឱ្យបានជាដាច់ខាត មិនថាការចូលរួមដោយផ្ទាល់ ឬការបញ្ចេញមតិយោបល់លើបណ្តាញសង្គមនោះទេ។ 
 
តំណាងរាស្ត្រកំពង់ស្ពឺរូបនេះ បានសង្កត់ធ្ងន់ថា៖«យើងសង្ឃឹម ហើយជឿជាក់ថា រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តទៀតនោះទេ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ទាំងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣»។ 
 
លោក បន្ថែមថា កម្ពុជាបានខិតខំប្រឹងប្រែងច្រើនណាស់ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងគណៈកម្មការរៀបចំ ទាំងសហព័ន្ធកីឡានានា ទាំងកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់។ «ដូច្នេះយើងម្នាក់ៗដែលជាប្រជាពលរដ្ឋខ្មែរត្រូវខ្នះខ្នែងប្រឹងប្រែង ចូលរួមដោយសប្បាយរីករាយ ក៏ដូចជាកសាងបាននូវអនុស្សាវរីយ៍ឲ្យបានច្រើនសម្រាប់ខ្លួនយើងផង និងមិត្តភក្តិបរទេសរបស់យើងផង»។ លោក ម៉ានី បន្ថែម៕
 

Tag:
 ហ៊ុន ម៉ានី
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com