ជាតិ
ស៊ីហ្គេម២០២៣
គ្រូបាល់ទះកម្ពុជា ៖ មេដាយប្រាក់មានតម្លៃសម្រាប់កម្ពុជា តែក៏ត្រូវប្រឹងដើម្បីលទ្ធផលល្អមួយកម្រិតទៀត
09, May 2023 , 9:49 am        
រូបភាព
លោក លី ជុន គ្រូបង្វឹកបាល់ទះជម្រើសជាតិកម្ពុជា ឈរណែនាំកូនក្រុម ពីបច្ចេកទេសលេង នាការប្រកួតជាមួយឥណ្ឌូណេស៊ី នៃវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី៨ ឧសភា ២០២៣។
លោក លី ជុន គ្រូបង្វឹកបាល់ទះជម្រើសជាតិកម្ពុជា ឈរណែនាំកូនក្រុម ពីបច្ចេកទេសលេង នាការប្រកួតជាមួយឥណ្ឌូណេស៊ី នៃវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី៨ ឧសភា ២០២៣។
គ្រូបង្វឹកបាល់ទះកម្ពុជា លោក លី ជុន ចាត់ទុកការដណ្ដើមបានមេដាយប្រាក់នេះ ជាតម្លៃប្រវត្តិសាស្រ្តមួយ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា។ លោកថ្លែងបែបនេះ ក្រោយក្រុមជម្រើសជាតិកម្ពុជា ចាញ់ក្រុមឥណ្ឌូណេស៊ី ដោយលទ្ធផល ៣-០សិត នៅវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី៨  ឧសភា។


តាមរយៈការកត់សម្គាល់របស់គ្រូបង្វឹកបាល់ទះកម្ពុជា ឃើញថា ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី មានកម្រិតលេងខ្ពស់ ទាំងទម្រង់លេងបាល់លឿន ,បច្ចេកទេសប៉ះបាល់ទៅដៃគូវាយផ្ដាច់ , ការបាំង ឬរារាំងបាល់ និងការវាយសេវា (Service ) ដែលធ្វើក្រុមជម្រើសជាតិកម្ពុជា ពិបាកក្នុងការយកឈ្នះ។
 
តែយ៉ាងណាគ្រូបង្វឹកសញ្ជាតិចិនរូបនេះ ចាត់ទុកការដណ្ដើមបានមេដាយប្រាក់នេះ ជាតម្លៃប្រវត្តិសាស្រ្តមួយ សម្រាប់កម្ពុជា។ «បានមេដាយប្រាក់ គឺល្អបំផុតសម្រាប់ប្រវត្តិសាស្រ្តកម្ពុជាយើង។ តែខ្ញុំជឿជាក់ថា បើពួកយើងប្រឹងប្រែងបន្តទៀត យើងនឹងទទួលបានលទ្ធផលល្អថែមទៀត»។
 

ទោះបីជាយ៉ាងណាក៏ដោយ ការទទួលបានមេដាយប្រាក់ គឺជាកំណត់ត្រាថ្មីរបស់ក្រុមបាល់ទះក្នុងសាលរបស់កម្ពុជា បើគិតចាប់តាំងពីកីឡាប្រភេទនេះ បង្ហាញវត្តមានជាទៀងទាត់ក្នុងស៊ីហ្គេមចាប់តាំងពីឆ្នាំ១៩៧៧មក។
 
កម្ពុជាដែលទទួលបានមេដាយសំរឹទ្ធកាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម ធ្វើបានយ៉ាងល្អនាការប្រកួតក្នុងពូល ហើយបន្តយកឈ្នះថៃនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-២។ 
 
ក្រុមវៀតណាមទទួលបានមេដាយសំរឹទ្ធក្រោយឈ្នះក្រុមថៃ ៣-០៕

Tag:
 បាល់ទះ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com