អន្តរជាតិ
បក្សនយោបាយថៃ បញ្ចប់យុទ្ធនាការឃោសនារកការគាំទ្រមុនការបោះឆ្នោតថ្ងៃទី១៤ ឧសភា
13, May 2023 , 10:29 pm        
រូបភាព
បណ្ដាបក្សនយោបាយថៃ បញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់ខ្លួននៅម៉ោង៦ល្ងាចថ្ងៃទី១៣ ខែឧសភា ប៉ុន្មានម៉ោងមុនការបោះឆ្នោតនៅថ្ងៃបន្ទាប់។ ការស្ទង់មតិកន្លងមកបង្ហាញថា ប្លុកនយោបាយជិតស្និទ្ធយោធា ឬក្រុមអភិរក្សនិយមទំនងទទួលសំឡេងតិចតួច​ ហើយប្លុកបក្សប្រឆាំងបច្ចុប្បន្ន អាចទទួលសំឡេងភាគច្រើនក្នុងសភា។
 
នាយករដ្ឋមន្រ្តីចាំផ្ទះ ប្រាយុទ្ធ ចន្ទអូចា ជួបសមរភូមិនយោបាយដ៏ខ្លាំងមិនធ្លាប់មានក្នុងដំណើរនយោបាយរបស់ខ្លួន ស្របពេលបក្សនយោបាយប្រឆាំងនិន្នាការយោធាមានភឿថៃ និងចលនាឆ្ពោះទៅមុខ កើនប្រជាប្រិយភាពខ្លាំង។
 
យុទ្ធនាការស្វែងរកសំឡេងឆ្នោតបានបញ្ចប់រួចរាល់នៅល្ងាចថ្ងៃទី១៣ ខែឧសភា ខណៈដែលរាជធានីបាងកក ទទួលការហែឃោសនាយ៉ាងច្រើន។ ប្រជាជនប្រមាណ៥២លាននាក់ មានសិទ្ធិបោះឆ្នោត។
 
ក្នុងទីក្រុងបាងកក បេក្ខជនបក្សភឿថៃ លោកស្រី Paetongtarn Shinawatra និងលោក Srettha Thavisin ដឹកនាំការរកសំឡេងឆ្នោតដោយផ្ទាល់។ កូនស្រីអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត់ និយាយថា លោកស្រីចង់ឱ្យអ្នកបោះឆ្នោតលើកដំបូង ជ្រើសរើសបក្សភឿថៃ ដោយលោកស្រីបានបង្ហាញពីសមិទ្ធផលដែលរដ្ឋាភិបាលរបស់ក្រុមភឿថៃ​សម្រេចបានកន្លងមក។
 
សម្រាប់ការស្ទង់មតិកន្លងមក បក្សភឿថៃ រំពឹងទទួលបានសំឡេងច្រើនក្នុងសភា តែមិនច្បាស់ណាស់ថា គ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលឡើយ។​ ចំណែកបក្សឆ្ពោះទៅមុខដែលជាបក្សមាននិន្នាការជឿនលឿនវិញ ក៏រំពឹងទទួលបានការគាំទ្រច្រើនដែរ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com