អន្តរជាតិ
មនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន ខណៈព្យុះ Mocha វាយប្រហារមីយ៉ាន់ម៉ានិងបង់ក្លាដែស
14, May 2023 , 2:40 pm        
រូបភាព
មនុស្សរាប់ពាន់នាក់ ត្រូវជម្លៀសពីផ្ទះសម្បែងរបស់ពួកគេ ខណៈដែលព្យុះ Mocha វាយប្រហារឆ្នេរសមុទ្រមីយ៉ាន់ម៉ា និងបង់ក្លាដែសនៅជាប់សមុទ្រ Bengal នៅថ្ងៃទី១៣ ខែឧសភា។
 
ព្យុះស៊ីក្លូន Mocha ត្រូវបានក្រុមឧតុនិយមស្ទង់មានល្បឿនដល់ទៅ២២០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលស្មើនឹងព្យុះ Hurricane កម្រិត៤ឯណោះ។ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ព្យុះនេះហាក់ថមថយកម្លាំងខ្លះ តែបន្តទម្លាក់ទឹកភ្លៀងក្នុងកម្រិតខ្ពស់ដដែល ដោយវាយប្រហារបង់ក្លាដែសនៅជំរំ Cox’s Bazar របស់ជនភាគតិចរ៉ូហ៊ីងយ៉ា និងរដ្ឋ Rakhine ដែលនៅភាគខាងលិច។
 
ប្រជាជននៅ Sittwe នាំគ្នារើសម្ភារៈចាំបាច់ដាក់ឡានដើម្បីជម្លៀសខ្លួនទៅកាន់ទីខ្ពស់។ ទីប្រជុំជនដ៏ធំនេះ ស្ថិតក្រោមភាពស្ងប់ស្ងាត់ ហើយប្រជាជនជាច្រើននាំគ្នាទៅស្នាក់តាមវត្តអារាម។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា អាជ្ញាធរក៏ជួយជម្លៀសប្រជាជនផងដែរ។
 
នៅបង់ក្លាដែស អាជ្ញាធរក៏ប្រឹងជម្លៀសជនភៀសខ្លួនទៅកាន់ទីសុវត្ថិភាពផងដែរ។ លោក Azizur Rahman ប្រធាននាយកដ្ឋានឧតុនិយមបង់ក្លាដែសប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ព្យុះ Mocha នេះ ជាព្យុះដែលមានកម្លាំងខ្លាំងបំផុតចាប់តាំងពីព្យុះ Sidr វាយប្រហារបង់ក្លាដែសនៅឆ្នាំ២០០៧ ដែលពេលនោះសម្លាប់មនុសប្រមាណ៣០០០ពាន់នាក់។
 
នៅតាមជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ផ្ទះជាច្រើនត្រូវសង់មិនរៀបរយឡើយ ដោយអាជ្ញាធរបង់ក្លាដែសមិនអនុញ្ញាតឱ្យមានសំណង់រឹងមាំឡើយ។ ការណ៍នេះក៏នាំឱ្យមានក្ដីបារម្ភពីសុវត្ថិភាពរបស់ជនរ៉ូហ៊ីងយ៉ានៅពេលមានខ្យល់បក់ខ្លាំង ឬភ្លៀងធ្លាក់ឥតឈប់ឈរ។ ភ្លៀងធ្លាក់ខ្លាំង ក៏អាចបង្កជាការបាក់ដីថែមទៀត៕ 
 

Tag:
 មីយ៉ាន់ម៉ា
  បង់ក្លាដែស
© រក្សាសិទ្ធិដោយ thmeythmey.com