ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហា​រទាំង​១០​ប្រភេទ​ជួយ​ការពារ​សក់​អ្នក​មិន​អោយ​ជ្រុះ​
20, May 2023 , 6:59 am        
រូបភាព
ប្រសិនបើ​អ្នក កំពុង​តែ​រង​គ្រោះ​ពី​បញ្ហា​សក់​ជ្រុះនោះ​អ្វី​ដែល​អ្នក​គួរ​ផ្តោត​យកចិត្តទុកដាក់​មុនគេ​នោះ​គឺ ប្រភេទ​អាហារ​ដែល​អ្នក​ត្រូវ​ទទួលទាន​ ។ ជា​រឿយ​ៗមនុស្ស​ភាគច្រើនតែង​ព្យាយាម​ចាប់​យកផលិតផល​ថែទាំ​សក់​ផ្សេង​ៗ​យក​មក​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​វា​មិន​បាន​ផ្តល់​ផល​ជាទី​គាប់ចិត្ត​នោះ​ទេ​ ។ អ្វី​ដែល​សំខាន់​នោះ ​គឺអាហារ​ដែល​អ្នក​ត្រូវ​ទទួលទាន​។
 
វិធី​ដ៏​ប្រសើរ​បំផុត​សម្រាប់​អ្នកក្នុង​ការការពារ​សក់​អ្នក​មិន​អោយ​ជ្រុះនិងធ្វើ​អោយ​សក់​របស់​អ្នក​ដុះ​បានយ៉ាង​ល្អ​នោះ ​គឺអ្នក​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​របប​អាហារដែល​អ្នក​ត្រូវ​ទទួលទាន​។ ខាងក្រោម​នេះ គឺជា​អាហារ​ទាំង ១០​ប្រភេទ​ដែល​ជួយ​ការពារ​សក់​អ្នក​មិន​អោយ​ជ្រុះ និងជួយ​អោយ​សក់​របស់​អ្នក​ដុះ​បាន​ក្រាស់​ល្អ ៖
 
១. គ្រាប់​ផ្កាឈូករ័ត្ន
គ្រាប់​ផ្កាឈូករ័ត្ន គឺជា​គ្រាប់​ធញ្ញជាតិ​ម្យ៉ាងដែល​សម្បូរ​ទៅ​ដោយសារ​ជាតិ ស័ង្កសី​, ម៉ា​ញ៉េ​ស្យូ​ម​, កាល់ស្យូម​, ជាតិ​ដែក​,​បី​យ៉ូ​ទី​ន​, ប្រូតេអ៊ីន និង អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៦ ។​ពពួក​សារធាតុចិញ្ចឹម​ទាំងនេះ គឺ​ពិត ជា​អាច​ការពារ​អ្នកពី​បញ្ហា​ជ្រុះ​សក់​បាន តែ​ទោះជា​យ៉ាងណា​ក៏​ដោយ អ្នក​មិន​ត្រូវ​បរិភោគ​វា​ក្នុង​កម្រិត​ច្រើន​ជ្រុល​ពេក​នោះ​ទេព្រោះថា វា​ក៏​អាច​ធ្វើ​អោយ​សក់​របស់​អ្នក​ជ្រុះ​វិញ​បាន​ផង​ដែរ​។
 
២. សណ្តែកដី
សណ្តែកដី​គឺ​មាន​អត្ថប្រយោជន៍​ចំពោះ​ការ​លូតលាស់​របស់​សក់ ក៏​ដូច​ជា​ជួយ​ការពារ នូវ​បញ្ហា​ជ្រុះ​សក់​បាន​ផង​ដែរ​។ ប្រភេទ​សណ្តែកដី​ផ្សេង​ៗ​ទៀត មាន​ដូច​ជា​៖ គ្រាប់​អាល់​មុន​, គ្រាប់ស្វាយ​ចាន់​ទី​, សណ្តែកខៀវ​, វ៉ាល់​ណាត់ គឺ​មាន​ផ្ទុក​នូវ​ប្រភេទ​ផ្សេង​ៗ​ជា​ច្រើន នៃ​ពពួក​វីតាមីន​, រ៉ែ​,​ជាតិ​ដែក​, ស័ង្កសី​, និង ពពួក​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព ដែល​ជួយ​ការពារ​សក់​មិន​អោយ​ជ្រុះ​បាន​ងាយ​ៗ​។ ដូច្នេះ ចូរ​ប្រាកដ​ថា អ្នក​បាន​បន្ថែម​នូវ​ប្រភេទ​សណ្តែកដី ទាំងនេះ ចូល​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក អោយ​បានជា​ប្រចាំ​។
 
៣. ស៊ុត
ដើម្បី​ធ្វើ​អោយ​សក់​របស់​អ្នក​លូតលាស់​បាន​ល្អ ប្រូតេអ៊ីន​គឺជា​សារធាតុ​ដ៏​សំខាន់​មួយ ក្នុង​ការ​ពង្រឹង​ដល់ ដំណើរការ​នេះ​។ ដូចដែល​យើង​បានដឹង​ស្រាប់​ហើយ​ថា ស៊ុត​គឺជា​ប្រភព​ដ៏​ល្អ​នៃ​ពពួក​ប្រូតេអ៊ីន ហើយ​វា ក៏​មាន​ផ្ទុក​ផង​ដែរ​នូវ​សារធាតុ​បី​យ៉ូ​ទី​ន និង វីតាមីន B ដែល​ជួយ​ទប់ស្កាត់​ដល់​បញ្ហា​ជ្រុះ​សក់​។ ដូច្នេះ អ្នក​យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ថ្ងៃ អ្នក​គួរ​ទទួលទាន​ស៊ុត អោយ​បាន​១​គ្រាប់​។
 
៤. ស្ពៃ​ខ្មៅ
នេះ​គឺជា​បន្លែ​ដ៏​ល្អ ពីព្រោះ​ថា​វា​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ជា​ច្រើន​ដូច​ជា វីតាមីន B,C និង E , កាល់ស្យូម​, អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ , ជាតិ​ដែក និង សម្បូរ​ទៅ​ដោយ​ផង​ដែរ​សារធាតុចិញ្ចឹម ព្រមទាំង សមាសធាតុ​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត ដែល​ជួយ​អោយ​សក់​របស់​អ្នក ដុះ​បាន​យ៉ាង​ល្អ​។
 
៥. ការ៉ុត
មនុស្ស​ជា​ច្រើន​សុទ្ធតែ​បានដឹង​ហើយ​ថា បន្លែ​នេះ​គឺ​ល្អ​ចំពោះ​ការ​មើលឃើញ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ វា​ក៏​បាន​ផ្តល់​ផល​ល្អ ផង​ដែរ​ចំពោះ​សុខភាព​សក់​របស់​អ្នក​។ សារធាតុ បេ​តា​ការ៉ូ​តែ​ន គឺជា​សារធាតុចិញ្ចឹម​ដ៏​សំខាន់ និង អាច​ជួយ​ធ្វើ​អោ​យស​សៃ​សក់​របស់​អ្នក រឹង​មាំ​បាន​ផង​ដែរ ។
 
៦. ដំឡូងជ្វា
ការ​ទទួលទាន​ដំឡូងជ្វា​អោយ​បាន​ទៀងទាត់ គឺជា​វិធី​ដ៏​ងាយស្រួល​បំផុត ក្នុង​ការ ការពារ​បញ្ហា​សក់​ជ្រុះ​។ ប្រសិទ្ធិ​ភាព​របស់​វា គឺ​វា​ក៏​មាន​ផ្ទុក​ផង​ដែរ​នូវ​សារធាតុ​បេ​តា​ការ៉ូ​តែ​ន ដែល​វា​នឹង​ប​ម្លែ​ង​ជា​វីតាមីន A នៅ​ពេល​វា​ចូល​ទៅ​ក្នុង​ខ្លួន​យើង ។ វីតាមីន A ក៏​ជួយ​ជម្រុញ​ធ្វើ​អោយ​កោសិកា​និង ជាលិកា​របស់​អ្នក លូតលាស់​បាន​ល្អ​ផង​ដែរ​។
 
៧. សណ្តែកសៀង
វា​គឺជា​ប្រភព​ដ៏​ល្អ នៃ​ពពួក​វីតាមីន B, C និង សារជាតិ​ស័ង្កសី ដែល​អាច​ជួយ​ជម្រុញ​ដល់​ការ​លូតលាស់​របស់​សក់ អោយ​មាន​សុខភាព​ល្អ ហើយ​អ្វី​ដែល​ល្អ​បំផុត​នោះ​គឺថា វា​ជា​ប្រភព​ដ៏​ល្អ នៃ​ពពួក​ប្រូតេអ៊ីន ដែល​មាន​កាឡូរី​ទាប និង មាន​ជាតិ​ស​សៃ​ច្រើន​។
 
៨. ត្រី​សាល់​មុន
វា​គឺជា​ប្រភេទ​ត្រី​ដែល​សម្បូរ​ខ្លាញ់ ជា​ពិសេស​គឺ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ ដែល​ជួយ​ជម្រុញ​ផង​ដែរ ដល់​ការ​លូតលាស់​របស់​សក់​អ្នក​។ វា​ក៏​មាន​ផ្ទុក​ផង​ដែរ នូវ ប្រូតេអ៊ីន និង វីតាមីន B12 ។ ពពួក​សារធាតុចិញ្ចឹម​ទាំងនេះ គឺ​អាច​ជួយ​ធ្វើ​អោ​យស​សៃ​សក់​របស់​ដុះ​បាន​ល្អ និង កាត់​បន្ថយ​នូវ​បញ្ហា​ជ្រុះ​សក់​ដ៏​ច្រើន​របស់​អ្នក​។ ចូរ​ប្រាកដ​ថា អ្នក​ទទួលទាន វា​អោយ​បាន​២​ដង ក្នុង​មួ​យស​ប្តា​ហ៍ ។
 
៩. សាច់​គោ
វា​មាន​ផ្ទុក​នូវ វីតាមីន B ,​ប្រូតេអ៊ីន​, ស័ង្កសី និង ជាតិ​ដែក​ក្នុង​បរិមាណ​មួយ​ដ៏​ល្អ​។ ក្នុង​នោះ​វា​ក៏​ជួយ អោ​យស​សៃ​សក់​អ្នក​រឹង​មាំ និង មាន​សុខភាព​ល្អ​។ ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ល្អ អ្នក​គួរ​ធ្វើការ​ទទួលទាន​វា អោយ​បាន​២ ទៅ ៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍​។
 
១០. ស្រូវ​សាឡី
វា​ក៏​មាន​ផ្ទុក​ផង​ដែរ នូវ​សារធាតុចិញ្ចឹម​តូច​ៗ​ជា​ច្រើន រួម​ផង​ដែរ​នូវ​វីតាមីន B ,​ស័ង្កសី​, ប្រូតេអ៊ីន និង ប៉ូ​តា​ស្យូ​ម ដែល​ពួក​វា​សុទ្ធតែ​អាច​ជួយ​អោ​យស​សៃ​សក់​មាន​សុខភាព​ល្អ និង ការពារ​វា​មិន​អោយ​ជ្រុះ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com