ជាតិ
ព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា កំពុងរៀបចំនៅខេត្តព្រះសីហនុរយៈពេល ៥ថ្ងៃ
20, May 2023 , 1:39 pm        
រូបភាព
រូបភាពពី៖ រដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពី៖ រដ្ឋបាលខេត្តព្រះសីហនុ
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាកម្ពុជា វៀតណាម ថៃ (CVTEC) រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា។ ព្រឹត្តិការណ៍នេះ ក្នុងគោលបំណងផ្សព្វផ្សាយ «ផែនការយុទ្ធសាស្រ្ត និងទាក់ទាញទេសចរជាតិ អន្តរជាតិខេត្តតំបន់ឆ្នេរនៃប្រទេសកម្ពុជា វៀតណាម និងថៃ ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ជាពិសេសខេត្តព្រះសីហនុទៅកាន់ពិភពលោក»។

 
ពិធីបើកព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាកម្ពុជា វៀតណាម ថៃ (CVTEC) លើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រង ស្របពេលក្រុងព្រះសីហនុ ទើបទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមក្រុង-ខណ្ឌចំនួន៧ ទូទាំងប្រទេស ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងចំណាត់ថ្នាក់ឆ្នេរស្អាតកម្រិតល្អណាស់។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ។
 
ជាមួយគ្នានេះ ព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាកម្ពុជា វៀតណាម ថៃ (CVTEC) ក៏មានសិក្ខាសាលា ស្តីពីការអភិវឌ្ឍ និងទាក់ទាញទេសចរណ៍តំបន់ឆ្នេរ ការទស្សនាតាមបណ្ដាកោះ និងរមណីយដ្ឋាននានាផងដែរ។ ក្រៅពីនេះ ក៏មានការតាំងពិព័រណ៍ ការប្រគំតន្ត្រី ការប្រណាំងកង់ចម្ងាយ ៣៥គីឡូម៉ែត្រការប្រកួតបាល់ទះលើឆ្នេរខ្សាច់ និងការប្រកួតបាល់ទាត់មហាជនក្នុងក្របខណ្ឌសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍នៃច្រករវាងកម្ពុជា វៀតណាម ថៃ (CVTEC)ផងដែរ។
 
បន្ថែមពីនេះ ព្រឹត្តិការណ៍ទេសចរណ៍នេះ មានការចូលរួមពីអភិបាលរងខេត្តកោះកុង ខេត្តកំពត ខេត្តកែប មន្ត្រីរាជការ និងប្រជាពលរដ្ឋ ប្រធានសភាពាណិជ្ជកម្ម សមាគមទេសចរណ៍ នៅពយតាម៉ូង (ទីលានតេជោ) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍ទេសចរណ៍នេះ មានការចូលរួមពីអ្នកលក់សរុបចំនួន២០០ស្ដង់៕
 

Tag:
 រដ្ឋបាលខេត្តព្រះសីហនុ
 ព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com