អន្តរជាតិ
ប្រមុខUN៖ វាដល់ពេលហើយក្នុងការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ
21, May 2023 , 8:19 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី២១ ខែឧសភា បានលើកឡើងថា វាដល់ពេលហើយ ក្នុងការធ្វើកំណែទម្រង់លើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និងប្រព័ន្ធ Bretton Woods ឱ្យស្របនឹងបរិបទក្នុងពេលបច្ចុប្បន្ន។
 
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយពីទីក្រុង Hiroshima ជប៉ុន ដែលកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង ៧ ត្រូវបានរៀបចំឡើង លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ប្រមុខអង្គការសហប្រជាជាតិ បានអះអាងថា ក្រុមប្រឹក្សាសន្តិសុខ និងប្រព័ន្ធ Bretton Woods គឺបង្ហាញពីទំនាក់ទំនងនៅក្នុងឆ្នាំ ១៩៤៥ប៉ុណ្ណោះ ហើយវាចាំបាច់ ត្រូវកែលម្អ។ 
 
ប្រព័ន្ធ Bretton Woods ជាការគ្រប់គ្រងលើហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតវិធានសម្រាប់ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ នៅក្នុងចំណោមប្រទេសដូចជាអាម៉េរិក កាណាដា អឺរ៉ុបខាងលិច អូស្រ្តាលី និងជប៉ុនជាដើម។ 
 
«ប្រព័ន្ធហិរញ្ញវត្ថុសកល គឺហួសសម័យហើយ ដែលដំណើរការមិនសមស្រប និងមិនត្រឹមត្រូវ»។ លោក ហ្គូតេរ៉េស បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ក្នុងពេលមានបញ្ហាប្រឈមនឹងវិបត្តិសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្រុមប្រឹក្សាសន្តិសុខ និងប្រព័ន្ធ Bretton Woods បរាជ័យក្នុងការបំពេញមុខងាររបស់ខ្លួន។ 
 
សូមបញ្ជាក់ថា រុស្ស៊ី ជាសមាជិកអចិន្រ្តៃយ៍មួយនៃក្រុមប្រឹក្សាសន្តិសុខ និងមានសិទ្ធិវេតូលើសេចក្តីសម្រេចផ្សេងៗ ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន៕ 
 

Tag:
 ក្រុមប្រឹក្សាសន្តិសុខ
  UN
© រក្សាសិទ្ធិដោយ thmeythmey.com