កីឡាអន្តរជាតិ
អន្តរជាតិ
មេដឹកនាំអ៊ុយក្រែនអំពាវនាវពិភពលោកឱ្យធានាថា រុស្ស៊ីនឹងជាប្រទេសឈ្លានពានចុងក្រោយ
22, May 2023 , 2:59 pm        
រូបភាព
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព AFP
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២១ ខែឧសភា បានអំពាវនាវឱ្យពិភពលោកបង្ការសង្រ្គាមនៅពេលអនាគត តាមរយៈការធានាថា រុស្ស៊ីនឹងក្លាយជាប្រទេសឈ្លានពានចុងក្រោយ។


ក្នុងសន្និសីទសារព័ត៌មានមួយពីកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង៧ (G7) នៅក្រុង Hiroshima ក្នុងថ្ងៃទី២១ ខែឧសភា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា ជ័យជម្នះរបស់ទីក្រុងកៀវលើក្រុងមូស្គូ នឹងធ្វើឱ្យមានការផ្លាស់ប្តូរប្រទេសឈ្លានពានអ្នកដទៃ នៅពេលអនាគត។ ទន្ទឹមនេះ មេដឹកនាំអ៊ុយក្រែន ក៏បានលើកឡើងពីផែនការសន្តិភាពរបស់ខ្លួនផង ក្នុងនោះរួមទាំងការស្តារព្រំដែនឡើងវិញ, ការដកទ័ពរបស់រុស្ស៊ី និងការធានាលើនុយក្លេអ៊ែរជាដើម។ 
 
«យើងនឹងបញ្ឈប់អ្នកឈ្លានពានដ៏មានឥទ្ធិពលផ្សេងទៀត»។ ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងថ្ងៃចុងក្រោយនៃកិច្ចប្រជុំក្រុមប្រទេស G7 ដោយបន្តថា នៅពេលប្រទេសមួយចង់បានសង្រ្គាម ពួកគេនឹងកំណត់ពិភពលោកបែបណា ប៉ុន្តែនៅពេលពួកគេចង់បានសន្តិភាព វាគ្មានចំណុចណាមួយ ដែលត្រូវផ្តើមសង្រ្គាមឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។ 
 
ការលើកឡើងបែបនេះ ធ្វើឡើងក្រោយរុស្ស៊ីបានអបអរជ័យជម្នះលើក្រុងអ៊ុយក្រែន Bakhmut ដែលលោក​ហ្សេលេនស្គី អះអាងថា គ្មានអ្វីនៅសល់ឡើយ។ ទីក្រុងនេះ ជាសមរភូមិក្ដៅរវាងកងទ័ពអ៊ុយក្រែន និងរុស្ស៊ី ដោយកងទ័ពប្រទេសទាំង២ វាយប្រយុទ្ធគ្នាខ្លាំងដើម្បីគ្រប់គ្រងទីក្រុងនេះ។ 
 
វត្តមានរបស់លោក ហ្សេលេនស្គី ក្នុងកិច្ចប្រជុំមេដឹកនាំក្រុមប្រទេសអ្នកមានទាំង ៧ បានទទួលការសន្យាជាច្រើន ដើម្បីដាក់សម្ពាធលើរុស្ស៊ី ដែលនៅតែបន្តវាយប្រហារលើប្រទេសខ្លួន។ 
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី២១ ខែឧសភា បានប្រកាសផ្តល់ជំនួយយោធាជាថ្មីទៅអ៊ុយក្រែន ក្នុងទំហំ៣៧៥លានដុល្លារ ដោយក្នុងនោះរួមទាំងគ្រាប់រំសេវ និងរថពាសដែក។ បើតាមលោកបៃឌិន អាម៉េរិកនឹងមិនទៅណាចោលអ៊ុយក្រែនឡើយ។ 
 
ស្របគ្នានេះ ក្រុមប្រទេសG7 បានសន្យាពង្រឹងការដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត រួមទាំងបន្តផ្តល់ជំនួយទៅអ៊ុយក្រែន ក្នុងរយៈពេលវែង។ នៅថ្ងៃទី១៩ ខែឧសភា កន្លងទៅ អាម៉េរិក និងអង់គ្លេស បានដាក់ទណ្ឌកម្មលើរុស្ស៊ីជាថ្មី ក្នុងនោះមានក្រុមហ៊ុនរុស្ស៊ី, បុគ្គលពាក់ព័ន្ធ និងការហាមឃាត់លើការនាំចូលវត្ថុធាតុដើមពីរុស្ស៊ី៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  G7
© រក្សាសិទ្ធិដោយ thmeythmey.com