អន្តរជាតិ
ថៃ៖ សម្ព័ន្ធភាពដឹកនាំដោយបក្សឆ្ពោះទៅមុខ មិនបញ្ចូលគម្រោងកែច្បាប់ស្ដីពីការប្រមាថស្ដេចឡើយ
22, May 2023 , 3:59 pm        
រូបភាព
សម្ព័ន្ធភាពបក្សនយោបាយថៃសម្រាប់រៀបចំរដ្ឋាភិបាលចម្រុះថ្មី។ រូបភាព បាងកកប៉ុស្តិ៍
សម្ព័ន្ធភាពបក្សនយោបាយថៃសម្រាប់រៀបចំរដ្ឋាភិបាលចម្រុះថ្មី។ រូបភាព បាងកកប៉ុស្តិ៍
បក្សឆ្ពោះទៅមុខ និងបក្សដៃគូសម្ព័ន្ធភាព នឹងចេញផ្សាយអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលលម្អិតពីគោលនយោបាយរបស់អនាគតរដ្ឋាភិបាលថៃ ដោយដឹកនាំដោយលោក  Pita Limjaroenrat នៅរសៀលថ្ងៃទី២២ ខែឧសភានេះ។ យ៉ាងណាមិញ កិច្ចព្រមព្រៀង មិនបានបញ្ចូលការធ្វើវិសោធនកម្មច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រថៃឡើយ។
 
បក្សបក្សឆ្ពោះទៅមុខ គ្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយបក្សនយោបាយចំនួន៧ផ្សេងទៀត ក្នុងការដាក់ចេញជាគោលនយោបាយសម្រាប់អនាគតរដ្ឋាភិបាលថៃចម្រុះថ្មី ដែលដឹកនាំដោយលោក Pita Limjaroenrat។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath សេចក្តីព្រាងនៃMoU នេះ នឹងមិនរួមបញ្ចូលការសន្យារបស់បក្សឆ្ពោះទៅមុខ លើការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រឡើយ។ កន្លងមក បក្ស Pheu Thai និងបក្ស Thai Sang Thai បានរក្សាគម្លាតនៅយ៉ាងឆ្ងាយពីផែនការនេះ។
 
គោលនយោបាយ ដែលបានបញ្ជាក់នៅក្នុងMoU នេះ មានដូចជា ការកែលម្អប្រព័ន្ធដីធ្លី, ច្បាប់លើកលែងទោស, ការគាំទ្រលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ, ការនាំយុត្តិធម៌ចំពោះប្រជាជនដែលរងផលប៉ះពាល់ដោយសាររដ្ឋប្រហារនៅពេលកន្លងមក និងការធ្វើកំណែទម្រង់យោធាថៃជាដើម។ 
 
ការចេញផ្សាយអនុស្សរណៈនៃការយោគយល់គ្នានៅក្នុងថ្ងៃនេះ ក៏ចំខួបនៃការធ្វើរដ្ឋប្រហារយោធា ដឹកនាំដោយលោកប្រាយុទ្ធ ចន្ទអូចា នៅក្នុងឆ្នាំ ២០១៤។ 
 
សូមបញ្ជាក់ថា សម្ព័ន្ធភាពសម្រាប់រៀបចំរដ្ឋាភិបាលចម្រុះថៃនេះ មានបក្សនយោបាយដូចជា បក្សឆ្ពោះទៅមុខ, បក្ស Pheu Thai, បក្ស Prachachart, បក្ស Thai Sang Thai, បក្ស Seri Ruam Thai, បក្ស Fair, បក្ស Plung Sungkom Mai និងបក្ស Peu Thai Rumphlang៕ 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com