កីឡាអន្តរជាតិ
អន្តរជាតិ
ព្រឹទ្ធាចារ្យ សាន គឹមស៊ាន នឹងធ្វើឱ្យគុនល្បុក្កតោ មានមុខមាត់លើពិភពលោក ក្រោយជោគជ័យស៊ីហ្គេម
22, May 2023 , 9:59 pm        
រូបភាព
ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន បាននិយាយថា លោកនឹងធ្វើឱ្យគុនល្បុក្កតោខ្មែរ មានមុខមាត់ល្បីល្បាញលើពិភពលោក ក្រោយឃើញភាពជោគជ័យនៃការប្រកួតគុនល្បុក្កតោ ក្នុងកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ កីឡាល្បុក្កតោរកបានមេដាយមាសចំនួន ៨ ប្រាក់៧ និងសំរិទ្ធិ ៣។


«ខ្ញុំមិនដឹងនិយាយថាម៉េច ព្រោះអីជាបំណងរបស់ខ្ញុំតាំងពីក្មេងមកម៉្លេះ​ ខ្ញុំអ្នកបង្កើតល្បុក្កតោឱ្យរស់ឡើងវិញ ហើយខំប្រឹងបង្កើតអ្វីៗទាំងអស់ដល់កូនចៅជំនាន់ក្រោយ និងដល់កម្ពុជា។
[…] ខ្ញុំបានលះបង់អ្វីទាំងអស់ ក៏ព្រោះតែល្បុក្កតោយើងមួយ ខ្ញុំមិននឹកស្មានថាខ្ញុំអាចធ្វើបានទេ ព្រោះនេះជាក្តីសុបិន្តរបស់ខ្ញុំតាំងតែពីក្មេងមក នឹងធ្វើយ៉ាងម៉េច​ យកក្បាច់គុនវប្បធម៍ក្បាច់គុនបុរាណខ្មែរយកទៅដាក់ផ្សព្វផ្សាយលើពិភពលោកឱ្យបានដូចគេដូចឯង​។ យើងបានជោគជ័យក្នុងស៊ីហ្គេម យើងបានជោគជ័យអ្វីៗទាំងអស់ ហើយយើងបានចូលយូណេស្កូទៀត ខ្ញុំនឹងឱ្យទង់ជាតិខ្មែរតំណាងជាមួយល្បុក្កតោដាក់នៅលើពិភពលោក។»។ នេះបើតាមសម្តីព្រឹទ្ធាចារ្យគុនល្បុក្កតោ សាន គឹមស៊ាន ប្រាប់មកកាន់សារព័ត៌មានថ្មីៗតាមរយៈកិច្ចសម្ភាស។
  


ឆ្លងកាត់ការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងប្រវត្តិសាស្ត្ររួចមក កីឡាគុនល្បុក្កតោបានដាក់បញ្ចូល សម្រាប់ការប្រកួតលើកដំបូង លើការប្រកួតអន្តរជាតិ ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការជួយពាំនាំកំណើនមេដាយដល់កម្ពុជា។
 
មេដាយដែលកម្ពុជាម្ចាស់ផ្ទះ រកបានសរុបចំនួន​ ២៨២មេដាយ ក្នុងនោះមេដាយមាសចំនួន ៨១ ប្រាក់ ៧៤ និង​សំរិទ្ធិ ១២៧ ។ រីឯកីឡាគុនល្បុក្កតោ ជាកីឡាស្ថិតនៅលំដាប់ថ្នាក់លេខ ៣ ដែលធ្វើបានមេដាយច្រើនបំផុតសម្រាប់កម្ពុជា បន្ទាប់ពីកីឡាវ៉ូវីណាម និងកីឡាគុនខ្មែរ។ 
 
កីឡាល្បុក្កតោរកបានមេដាយមាសចំនួន ៨ ប្រាក់៧ និងសំរិទ្ធិ ៣ ដោយភាគច្រើនរកបានពីវិញ្ញាសាសម្តែងទាំងផ្នែកបុរស និងនារី ។ ដោយឡែកមេដាយមាសចំនួន ២ ក្នុងចំណោមមេដាយមាសទាំង ៨ រកបាននៅលើវិញ្ញាសាប្រយុទ្ធផ្នែកបុរស៕
 
 

Tag:
 ស៊ីហ្គេម២០២៣
  ​គុនល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com