សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អូស្ត្រាលីមិនគាំទ្រចិនក្នុងការចូលជាសមាជិក CPTPP
24, May 2023 , 8:29 am        
រូបភាព
រូបភាពពី ៖  VCG ។
រូបភាពពី ៖ VCG ។
ចិនបានទទួលបរាជ័យក្នុងការគាំទ្រពីអូស្ត្រាលីដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក CPTPP ។ ការប៉ុនប៉ងចូលកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ចិន នឹងមិនអាចទៅរួចសម្រាប់អូស្ត្រាលី ដ៏រាបណាការដាក់ទណ្ឌកម្មរបស់ទីក្រុងប៉េកាំងនៅតែមាន។
 
បើតាមកាសែត South China Morning Post បញ្ហាដែលចិនចូលរួម CPTPP គឺជាចំណុចសំខាន់ក្នុងរបៀបវារៈនៅលើតុចរចារវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ាអំឡុងទស្សនកិច្ចរបស់រដ្ឋមន្រ្តីពាណិជ្ជកម្មអូស្ត្រាលី Don Farrell នៅប៉េកាំងក្នុងបរិបទនៃទំនាក់ទំនងកំពុងមានភាពតានតឹង។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអូស្ត្រាលីនឹងមិនគាំទ្រដោយបើកចំហចំពោះសមាជិកភាពរបស់ចិនទេ ស្របពេលដែលប្រទេសខ្លួននៅតែទទួលរងទណ្ឌកម្មពាណិជ្ជកម្មពីប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។
 
ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ លោក Farrell បាន​បញ្ជាក់​ជា​ថ្មី​ថា អូស្រ្តាលីក៏​មិន​គាំទ្រ​សមាជិកភាព CPTPP របស់​តៃវ៉ាន់​ដែរ។ ជំហរ​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese កាល​ពី​ឆ្នាំ​មុន។
 
ប្រទេសចិនបានដាក់ពាក្យចូលរួមជាមួយ CPTPP កាលពីខែកញ្ញា ឆ្នាំ ២០២១ ហើយភ្លាមៗនោះក៏មានការដាក់ពាក្យរបស់តៃវ៉ាន់ផងដែរ។ ទន្ទឹមនឹងនេះ ចក្រភពអង់គ្លេសត្រូវបានយល់ព្រមចូលរួមនៅក្នុងខែមីនា ហើយត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាជាផ្លូវការនៅចុងឆ្នាំនេះ។
 
កិច្ចព្រមព្រៀង CPTPP មានប្រទេសសមាជិកចំនួន ១១ ដូចជា អូស្ត្រាលី ព្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក សិង្ហបុរី នូវែលសេឡង់ ប៉េរូ និងវៀតណាម។ ប្រទេសទាំងនេះមានប្រជាជនរស់នៅប្រហែល ៥០០លាននាក់។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប៉ាន់ប្រមាណថា ដោយមានការចូលរួមពីចក្រភពអង់គ្លេស ក្រុមនេះនឹងរួមចំណែក ១៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕
 

Tag:
 ចិន
  ​អូស្រ្តាលី
  CPTPP
© រក្សាសិទ្ធិដោយ thmeythmey.com