កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបគោលដៅចំនួន៦ សម្រាប់ Ronaldo ប្រសិនបើរូបគេចាកចេញពី Al Nassr
26, May 2023 , 8:29 am        
រូបភាព
Cristiano Ronaldo នៅតែជាកីឡាករល្អបំផុត និងអស្ចារ្យមួយរូបនៅក្នុងវិស័យកីឡាបាល់ទាត់នាពេលបច្ចុប្បន្ន បើទោះបីរូបគេផ្លាស់ទៅលេងក្នុងទឹកដីទ្វីបអាស៊ីក្តី។ កីឡាករវ័យ ៣៨ឆ្នាំ បានផ្លាស់ទៅកាន់ក្លិប Al Nassr ជាមួយការភ្ញាក់ផ្អើលកាលពីខែមករា និងបានជ្រាបខ្លួនយ៉ាងរហ័សទៅក្នុងការប្រកួតប្រជែងក្នុងលីគកំពូលរបស់ប្រទេសអារ៉ាប៊ីសអូឌីត និងតែងតែរកបានគ្រាប់បាល់ជារឿយៗ។


ទោះយ៉ាងណា បើតាមរបាយការណ៍ដែលបានផ្សាយកាលពីមុនៗមក កីឡាករម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ នៅតែអាចនឹងសម្លឹងរកមើលការចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត។ 
 
ទោះជា Ronaldo កំពុងស្ថិតនៅក្នុងវ័យដែលហៀបនឹងបញ្ចប់អាជីពជាកីឡាករបាល់ទាត់ដ៏អស្ចារ្យមួយរូបលើពិភពលោកក្តី រូបគេក៏នឹងតែអាចស្វែករកក្លិបក្នុងការបន្តអាជីពប៉ុន្មានឆ្នាំទៅមុខថែមទៀត ហើយអាចនឹងទទួលបានទម្រង់លេងមួយដ៏ល្អក្នុងរយៈពេលខ្លីមួយមុនពេលបញ្ចប់អាជីពផងដែរ។
 
ខាងក្រោមនេះជាគោលដៅចំនួន ៦ ដែល Ronaldo អាចនឹងបន្តអាជីពបាល់ទាត់បន្តទៀតប្រសិនបើរូបគេអាចចេញពីក្លិប Al Nassr នៅចុងបញ្ចប់រដូវកាល ២០២២-២៣៖
 
១. Newcastle United
ក្លិប Newcastle United ទីបំផុតអាចវិលត្រលប់ចូលរួមការប្រកួតពានរង្វាន់ UEFA Champions League ជាមួយនឹងការដឹកនាំរបស់ម្ចាស់ថ្មី ហើយមកដល់ពេលនេះក្លិបរហ័សនាមសារិកាព្រៃកំពុងតែអាចទាក់ទាញចំណាប់អារម្មណ៍កីឡាករល្បីឈ្មោះនៅលើពិភពលោកឱ្យចូលរួមជាមួយពួកគេ។
 
វានឹងក្លាយជាសារមួយទៅកាន់ពិភពបាល់ទាត់ ប្រសិនបើ Newcastle ពិតជាអាចចុះកិច្ចសន្យា Cristiano Ronaldo សម្រាប់រដូវកាលក្រោយពិតមែន។ មិនត្រឹមតែជួយផ្តល់នូវបទពិសោធន៍ជាច្រើនដល់ក្រុមនោះទេ រូបគេក៏នឹងអាចជួយបង្កើនប្រាក់ចំណូលដល់ក្លិប ក៏ដូចជាទទួលបានចំនួនអ្នកគាំទ្រថ្មី។ រដូវកាល ២០២២-២៣ Newcastle United ពិតជាធ្វើបានល្អ តែយ៉ាងណាកីឡាករពួកគេភាគច្រើនខ្វះបទពិសោធន៍ក្នុងការលេង និងឈ្នះបានរង្វាន់ Champions League។


 
២. Sporting CP
ឆាកជីវិតនឹងអាចវិលចុះឡើងសម្រាប់ Ronaldo ប្រសិនបើរូបគេអាចវិលត្រលប់ទៅកាន់ក្លិបកំណើតរបស់គេនៅព័រទុយហ្កាល់គឺក្លិប Sporting CP នៅរដូវកាលក្រោយ។
តារាល្បីសញ្ជាតិព័រទុយហ្កាល់នៅតែមានទំនាក់ទំនងល្អជាមួយ Sporting ហើយវានឹងអាចក្លាយជាការស្វាគមន៍ និងការអរគុណយ៉ាងកក់ក្តៅ ប្រសិនបើ ​Ronaldo អាចបញ្ចប់អាជីបរបស់គេនៅក្លិបដែលផ្តល់ឱកាសដល់រូបគេរហូតដល់ការលេងបាល់ក្នុងកំរិតមួយដ៏ខ្ពស់នាពេលបច្ចុប្បន្ន។
  


៣. AS Roma
លោក Jose Mourinho កំពុងតែកសាងអ្វីមួយដ៏អស្ចារ្យនៅក្លិប Roma របស់អ៊ីតាលី ហើយពួកគេកំពុងតែស្ថិតនៅក្នុងការប្រជែងពានរង្វាន់ Europa League វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ជួយក្រុមឈ្នះពានរង្វាន់ Europa Conference League កាលពីរដូវកាលមុន។ ឈ្នះការប្រកួតទល់ Sevilla នឹងជំរុញឱ្យពួកគេទៅប្រជែងពានរង្វាន់ UEFA Champions league បន្តទៀតនៅរដូវកាលក្រោយ។
 
នៅអ៊ីតាលីបច្ចុប្បន្ន ខ្សែប្រយុទ្ធដែលមានវ័យចំណាស់ៗ ដូចជា Zlatan Ibrahimovic, Edin Dzeko និង Olivier Giroud នៅតែកំពុងធ្វើព្យុះភ្លៀងក្នុងលីគកំពូលអ៊ីតាលី។ Ronaldo នៅតែអាចវិលត្រលប់ទៅកាន់ទឹកដីអ៊ីតាលី ហើយនៅតែរកបានកន្លែងលេងមួយដ៏សក្ក័សមសម្រាប់ក្រុមលោក Mourinho។ ប្រសិនបើ Roma អាចឈ្នះ Europa League និងអាចដណ្តើមបានកៅអី Champions League រដូវកាលក្រោយ Ronaldo អាចជាជម្រើសដ៏ល្អសម្រាប់លោក Jose Mourinho។


 
៤. Bayern Munich
Bayern Munich ក៏ជាក្លិបដ៏ល្អបំផុតមួយនាពេលបច្ចុប្បន្ន ដែលមានការប្រកួតប្រជែងខ្ពស់ទាំងនៅអាល្លឺម៉ង់ និងតំបន់អឺរ៉ុប។ ទោះជាយ៉ាងណារដូវកាលនេះ ពួកគេហាក់មានបញ្ហាទម្រង់លេង និងកំពុងប្រឈមការបាត់បង់ពានរង្វាន់ Bundesliga ទៅលើដៃក្រុមគូប្រជែង Borussia Dortmund។ Bayern Munich ក៏បានធ្លាក់ចេញពី Champions League ដោយត្រូវ ​Manchester City ទម្លាក់លទ្ធផលសរុបទាំង ២ជើង ៤-១។
 
Bayern Munich បច្ចុប្បន្នមានក្រុមកីឡាករល្អខ្លាំងនៅតំបន់ការពារ និងតំបន់បម្រើ ប៉ុន្តែពួកគេមានភាពខ្វះខាតខ្លាំងនៅទីតាំងអ្នកចាំទីប្រចាំក្រុម ព្រមទាំងខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់។ Ronaldo អាចនឹងចូលរួមធ្វើការងារជាមួយពួកគេរយៈពេល ២រដូវកាល ព្រោះតែបទពិសោធន៍លេងក្នុង Champions League អាចត្រូវបានចែករំលែកពីសំណាក់ Ronaldo ហើយរូបគេផ្ទាល់ក៏អាចស្វែករកការឈ្នះពានរង្វាន់ Bundesliga លើកដំបូងសម្រាប់អាជីពដូចគ្នា។
  


៥. Chelsea
ក្លិបតោខៀវ ត្រូវបានគេឃើញថាបានទិញកីឡាច្រើនជាងក្លិបដទៃនៅក្នុងរដូវកាល ២០២២-២៣ ប៉ុន្តែហាក់បីមិនទទួលបានជោគជ័យក្នុងការវិលត្រលប់ទៅកាន់ទម្រង់លេងដ៏ល្អរបស់ពួកគេនាពេលកន្លងមក។
 
ម្ចាស់ក្លិបថ្មីលោក Todd Boehly បានបង្ហាញឱ្យឃើញថាលោកមិនខ្មាស់អៀននោះទេក្នុងការនាំចូលកីឡាករបន្ថែមទៀតនៅក្នុងទីផ្សារដោះដូរបន្ថែមទៀតនៅរដូវកាលក្រោយ។ រឿងមួយ Ronaldo គឺជាគោលដៅមួយសម្រាប់ Chelsea ហើយរូបគេក៏អាចចុះកិច្ចសន្យារយៈពេលវែងថែមទៀត ក្នុងការជួយនាំក្រុមតោខៀវវិលត្រលប់ទៅកាន់តំបន់កំពូលនៃ Premier League សារជាថ្មី។ តែយ៉ាងណា Chelsea រដូវកាលក្រោយគ្មានវត្តមានលេងនៅក្នុង UEFA Champions League ឡើយ។


 
៦. Real Madrid 
ជាទីកន្លែងដែលរូបគេសម្រេចក្តីស្រម៉ៃជាច្រើន ព្រមទាំងការឈ្នះពានរង្វាន់ Champions League ចំនួន ៤ ជាមួយនៅពេលប្រកបអាជីព។ Real Madrid ក៏ជាក្លិបមួយដែលជួយដល់ Ronaldo ឱ្យទទួលបានភាពជោគជ័យខ្លាំងនៅក្នុងអាជីពជាកីឡាករ។ 
 
វាមានបញ្ហាអ្វីឡើយដែល Ronaldo មិនស្ថិតនៅជាមួយនឹងក្លិបយក្សអេស្ប៉ាញម្តងទៀត តែយ៉ាងណារូបគេនៅតែជាជម្រើសកីឡាករតំបន់ប្រយុទ្ធដ៏ល្អមួយសម្រាប់ Real Madrid ក្នុងការលេងដោយគាំទ្រដល់អតីតមិត្តរួមក្រុម Karim Benzema៕
 


Tag:
 Cristiano Ronaldo
  Al Nassr
© រក្សាសិទ្ធិដោយ thmeythmey.com