អន្តរជាតិ
មន្ទីរបញ្ចកោណ៖ ចិនបដិសេធសំណើរៀបចំជំនួបរដ្ឋមន្រ្តីការពារជាតិនៅសិង្ហបុរី
30, May 2023 , 9:39 am        
រូបភាព
មន្ទីរបញ្ចកោណ បញ្ជាក់នៅថ្ងៃទី២៩ ខែឧសភាថា ចិនបានច្រានចោលសំណើរៀបចំជំនួបរដ្ឋមន្រ្តីការពារជាតិនៅសិង្ហបុរីក្នុងសប្ដាហ៍នេះ។ ទោះយ៉ាងណា អាម៉េរិកនៅតែមានឆន្ទៈរក្សាទំនាក់ទំនងជាមួយចិនដដែល។
 
«សាធារណរដ្ឋប្រជាមានិតចិន បានជូនដំណឹងថា ពួកគេបដិសេធការអញ្ជើញកាលពីដើមខែឧសភាសម្រាប់ជំនួបរវាងរដ្ឋមន្រ្តីការពារជាតិ ឡយ អូស្ទីន និងសមភាគីចិន លី សាងហ្វូ នៅសិង្ហបុរីនៅសប្ដាហ៍នេះ។» អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក ឧត្តមសេនីយ៍ត្រី Pat Ryder បញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយ។
 
បើតាមអ្នកនាំពាក្យដដែល ការមិនមានឆន្ទៈរបស់ចិនក្នុងការចូលរួមដោយមានអត្ថន័យនៃទំនាក់ទំនងយោធានិងយោធា​ មិនបានបង្អាក់ការប្ដេជ្ញាចិត្តរបស់អាម៉េរិកក្នុងការបើកចំហទំនាក់ទំនងជាមួយកងទ័ពរំដោះប្រជាជនឡើយ។
 
លោក អូស្ទីន និងលោក លី រំពឹងបង្ហាញវត្តមាននៅសិង្ហបុរីក្នុងសប្ដាហ៍នេះដូចគ្នាសម្រាប់ជំនួប Shangri-La ដែលជាវេទិកាសន្តិសុខដ៏សំខាន់មួយ។ កាលពីឆ្នាំ២០២២ លោក អូស្ទីន បានជួបសមភាគីចិន វៃ ហ្វឹងហឺ នៅក្រៅកិច្ចប្រជុំនេះដែរ ហើយបន្តជួបគ្នាម្ដងទៀតនៅសៀមរាបអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងដៃគូ ប៉ុន្តែភាពតានតឹងរវាងមហាអំណាចទាំង២ នៅតែមិនស្រាកស្រាន្តដដែល។
 
តាមពិតទៅ ការបដិសេធរបស់ចិន ក៏មិនមែនជាលើកទី១ដែរ។ បើតាមមន្រ្តីអាម៉េរិក ចិនបានច្រានចោលសំណើរៀបចំជំនួបស្ទើរគ្រប់កម្រិត។ សម្រាប់ជំនួបរដ្ឋមន្រ្តីការពារជាតិវិញ ចិនទំនងនៅតែខឹងអាម៉េរិកដែលដាក់ទណ្ឌកម្មលោក លី កាលពីឆ្នាំ២០១៨ ជុំវិញការទិញអាវុធពីរុស្ស៊ី។ ប៉ុន្តែមន្ទីរបញ្ចកោណអះអាងថា​ ទណ្ឌកម្មនេះ មិនបានរារាំងការជួបគ្នាឡើយ៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com