អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាធ្វើការជាមួយលោក ពូទីន សម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ
12, Jun 2023 , 11:42 am        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសការប្តេជ្ញាកាន់ដៃប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុង​ការជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគោលដៅរួមគ្នារបស់ប្រទេសទាំងពីរ។ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង KCNA រាយការណ៍បែបនេះនៅថ្ងៃទី១២ ខែមិថុនា។
 
នៅក្នុងសារមួយផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៊ីក្នុងឱកាសទិវាជាតិរបស់រុស្ស៊ី មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបញ្ជាក់ជាថ្មីលើការគាំទ្រការសម្រេចចិត្តធ្វើសង្រ្គាមនៅអ៊ុយក្រែន និងព្រមទាំងបង្ហាញ​ការ​គាំទ្រពេញលេញ និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។
 
«យុត្តិធម៌​ប្រាកដ​ជា​ឈ្នះ ហើយ​ប្រជាជន​រុស្ស៊ី​នឹង​បន្ត​បន្ថែម​ភាព​រុងរឿង​ដល់​ជ័យជម្នះជាប្រវត្តិសាស្ត្រ​​»​។ KCNA បានស្រង់សំណេរក្នុងសំបុត្រលោក គីម បែបនេះ។ មេដឹកនាំកូរ៉េខាងជើងរូបនេះ ក៏បានទទូច​ឱ្យមានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធជាមួយទីក្រុងមូស្គូបន្ថែមទៀតស្របតាម បំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរដើម្បីសម្រេចបានគោលដៅធំលើការកសាង​ប្រទេស​ដ៏មានឥទ្ធិពលមួយ។
 
កូរ៉េខាងជើង បានព្យាយាមបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយវិមានក្រេមឡាំង​ចាប់​តាំង​ពី​ការ​លុកលុយនៅអ៊ុយក្រែនកាលពីឆ្នាំមុនមក ដោយមិនខ្វល់ខ្វាយពីការថ្កោលទោសជាអន្តរជាតិលើរុស្ស៊ីឡើយ។ ទីក្រុងព្យុងយ៉ាងថែមទាំងបានបន្ទោសលើគោលនយោបាយរបស់អាម៉េរិក និងលោកខា​ង​លិច​ចំពោះការបង្កជម្លោះមួយនេះ។
 
ទិវាជាតិរុស្ស៊ី ចាប់ផ្ដើមកើតឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ១៩៩០ ដែលជាជំហានដ៏សំខាន់មួយក្នុងគោលបំណងរំឭកដល់ការបំពេញសេចក្តីប្រាថ្នារបស់ប្រជាជនរុស្ស៊ីសម្រាប់សេរីភាព ប្រជាធិបតេយ្យ និងការបំបែករបាំងដែលរាំងពួកគេចេញពីពិភពលោកទាំងមូល៕

Tag:
 (កូរ៉េខាងជើង
  រុស្ស៊ី)
© រក្សាសិទ្ធិដោយ thmeythmey.com