កីឡាអន្តរជាតិ
អន្តរជាតិ
អាជ្ញាធរចិនព្រមានអំពីការឆបោក ចំពោះការចង់ជួប Messi ត្រូវចំណាយជាង៤ម៉ឺនដុល្លារ
12, Jun 2023 , 8:29 pm        
រូបភាព
អាជ្ញាធរចិនព្រមានអំពីការឆបោកដែលអាចកើតមាន​ ចំពោះការធ្វើដំណើរទស្សនកិច្ចរបស់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi ទៅកាន់ទីក្រុងប៉េកាំង។


កីឡាករដែលជួយអាហ្សង់ទីនលើកពានរង្វាន់ World Cup 2022 នឹងបង្ហាញវត្តមាននៅក្នុងប្រទេសចិន សម្រាប់ការប្រកួតមិត្តភាពទល់នឹងក្រុមអូស្ត្រាលី នៅថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ២០២៣។ វត្តមានរបស់កីឡាករវ័យ ៣៦ឆ្នាំ កំពុងក្លាយជាទីចាប់អារម្មណ៍របស់ជនបោកប្រាស់ ដើម្បីទាញផលប្រយោជន៍។
 
មន្ត្រីប៉ូលិសស្ថិតនៅក្នុងទីក្រុងប៉េកាំងផ្ទាល់ បានព្រមាន និងប្រឆាំងចំពោះការឆបោកតាមរយៈរូបភាពជាការផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងទូលំទូលាយ ដែលបានផ្សាយថា ការជួបជាមួយនឹង Messi ត្រូវចំណាយប្រាក់ប្រមាណ ៣សែនយន់ (៤២,០០០ដុល្លារ)។
 
បើតាមការបង្ហោះមួយនៅលើបណ្តាញសង្គម ​Weibo ដ៏ល្បីរបស់ប្រទេសចិនពីសំណាក់ការិយាល័យសន្តិសុខសាធារណៈរបស់ទីក្រុងប៉េកាំងបាននិយាយបែបកំប្លែងលើការបង្ហោះនោះថា៖«ប្រសិនបើអ្នកត្រូវបានគេបោកប្រាស់ប្រាក់ ៣សែនយន់ យើងនឹងលើកកែវជល់មួយសម្រាប់អ្នក។»។ 
 
ការបង្ហោះនៅលើបណ្តាញអ៊ិនធឺណិតផ្សេងទៀតបានបង្ហោះអំពីការលក់សំបុត្រចូលទស្សនាសម្រាប់តម្លៃប្រមាណ ៥០០០យន់ ក៏ដូចជាសំបុត្រ VIP ដែលអាចទទួលបានអាវ អង្គុយកៅអីជួរមុខ និងការថតរូបជាមួយ Messi សម្រាប់តម្លៃ ៨០០០យន់។ មិនតែប៉ុណ្ណោះសម្រាប់ការចំណាយប្រាក់ ៥០លានយន់ Messi នឹងអាចបង្ហាញវត្តមាននៅលើការផ្សព្វផ្សាយទំនិញរបស់ម្ចាស់អាជីវកម្មរបស់មនុស្សដែលបានចំណាយប្រាក់លើរឿងទាំងនេះ។
 
ខ្សែប្រយុទ្ធ Messi ធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃទី៩ ខែមិថុនា ហើយរូបគេនឹងដឹកនាំក្រុមម្ចាស់ពានរង្វាន់ World Cup 2022 ប្រកួតទល់ក្រុមអូស្រា្តលីនៅក្នុងកីឡដ្ឋាន Workers ដែលទើបជួសជុលថ្មីដែលអាចផ្ទុកមនុស្សចំនួន ៦៨,០០០នាក់៕
 

Tag:
 ​Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com