អន្តរជាតិ
Arsenal ទិញ Havertz ពី Chelsea តម្លៃជាង ៨២លានដុល្លារ
22, Jun 2023 , 4:59 pm        
រូបភាព
ក្លិប Arsenal បានយល់ព្រមលើកិច្ចព្រមព្រៀងទិញយកខ្សែប្រយុទ្ធ Kai Havertz ពី Chelsea ក្នុងតម្លៃប្រមាណជាង ៦៥លានផោន (៨២,៧២លានដុល្លារ)។ នេះបើតាមរបាយការណ៍របស់កាសែត The Athletic ថ្ងៃទី២១ ខែមិថុនា។


បើតាមរបាយការណ៍ដដែលនោះ កិច្ចព្រមព្រៀងរវាងក្លិបជាមួយនឹងកីឡាករអន្តរជាតិអាល្លឺម៉ង់ Havertz វ័យ២៤ឆ្នាំ បានយល់ព្រមគ្នារួចរាល់ហើយ ដើម្បីផ្លាស់រូបគេទៅកាន់ក្រុមរហ័សនាមកាំភ្លើងធំនៅរដូវកាលក្រោយ។
 
ការផ្លាស់ទៅកាន់ Arsenal នឹងធ្វើឱ្យកីឡាករសញ្ជាតិអាល្លឺម៉ង់ ក្លាយជាកីឡាករមានតម្លៃខ្លួនថ្លៃទីពីរប្រចាំក្រុម បន្ទាប់ពីរក្លិបស្ថិតក្នុងទីក្រុងឡុងដ៍មួយនេះបានចំណាយប្រាក់ប្រមាណ ៧២លានផោន ទៅលើកីឡាករសញ្ជាតិកូតឌីវ័រ Nicolas Pepe ក្នុងឆ្នាំ ២០១៩។
 
Havertz បានចូលរួមក្រុម Chelsea នៅក្នុងឆ្នាំ ២០២០ ដោយបានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ ក្នុងតម្លៃផ្ទេរ ៧១លានផោន (៩០លានដុល្លារ) បន្ទាប់ពីរូបគេបានបង្ហាញខ្លួនលេងបានយ៉ាងល្អនៅក្នុងក្រុម Bayer Leverkusen។
 
កីឡាករវ័យ ២៤ឆ្នាំ ពេលលេងឱ្យក្រុម Chelsea រូប​គេបានជួយក្រុមឈ្នះពានរង្វាន់ Champions League នៅរដូវកាលដំបូងរបស់គេ ហើយក៏ជាអ្នករកគ្រាប់បាល់ជ័យជម្នះលើក្រុម Manchester City ១-០ នៃជំនួបវគ្គផ្តាច់ព្រ័ត្រ។
 
យ៉ាងណាក្នុងរដូវកាល ២០២២-២៣ ក្រុមតោខៀវហាក់បីជួបវិបត្តិនៃទម្រង់លេងរបស់ក្រុមយ៉ាងខ្លាំងក្រោយពេលការចូលកាន់កាប់ពីសំណាក់ម្ចាស់ក្លិបថ្មីលោក Todd Boehly ដោយពួកគេបានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ ១២ ជាចំណាត់ថ្នាក់ដ៏អាក្រក់បំផុត។ កាលពីពេលថ្មីៗនេះ Chelsea ទើបតែប្រកាសតែងតាំងលោក ​Mauricio Pochettino ជាគ្រូបង្វឹកក្រុមថ្មីសម្រាប់រដូវកាល ២០២៣-២៤ ដើម្បីស្រោចស្រង់ទម្រង់លេងរបស់ក្រុមទៅកាន់ការប្រជែងកម្រិតខ្ពស់ឡើងវិញ។
 
រដូវកាលមុន Arsenal ជាក្រុមប្រជែងពានរង្វាន់ Premier League ដ៏ជក់ចិត្តមួយ តែយ៉ាងណាឈានដល់ចុងរដូវកាលពួកគេចាប់ផ្តើមជួបបញ្ហាដោយរងបរាជ័យនៅប្រកួតមួយចំនួន ដែលបានធ្វើឱ្យពួកគេខកខានឱកាសឈ្នះលីគកំពូងអង់គ្លេស ក្រោយខកខានឈ្នះជិត ២០ឆ្នាំ។ Arsenal បញ្ចប់ចំណាត់ថ្នាក់លេខ២ ដោយ Manchester City ជាក្រុមជើងឯក៕
 

Tag:
 Arsenal
  Kai Havertz
© រក្សាសិទ្ធិដោយ thmeythmey.com