កីឡាអន្តរជាតិ
អន្តរជាតិ
Koulibaly ចេញពី Chelsea ទៅចូលរួមក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal
26, Jun 2023 , 3:36 pm        
រូបភាព
Kalidou Koulibaly ទៅចូលរួមក្លិប Al-Hilal ស្ថិតនៅក្នុងក្របខណ្ឌ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយចាកចេញពីក្រុម Chelsea បន្ទាប់ពីគេរួមរស់អស់រយៈពេល ១រដូវកាល។ ក្លិប Al-Hilal ប្រកាសអំពីវត្តមានរបស់ខ្សែការពារសញ្ជាតិសេណេហ្កាល់នេះ ថ្ងៃទី២៥ ខែមិថុនា។


«យើងនឹងបន្តបង្កើតប្រវត្តិសាស្ត្រទាំងអស់គ្នា»​។ នេះជាអ្វីដែលក្លិប Al-Hilal បានសរសេរនៅលើបណ្តាញសង្គម Twitter លាយឡំជាមួយនឹងវីដេអូខ្លីមួយបង្ហាញអំពីវត្តមាន ​Koulibaly។
នៅដើមរដូវកាល ២០២២-២៣ Koulibaly បានផ្លាស់ចេញពីក្លិប SSC Napoli ទៅចូលរួមជាមួយក្រុម Chelsea ដែលជាទីកន្លែងរូបគេបង្ហាញខ្លួនលេងបានចំនួន ៣២ប្រកួតសម្រាប់ក្រុមស្ថិតនៅទឹកដីអង់គ្លេស។
 
កីឡាករវ័យ ៣២ឆ្នាំ គឺជាកីឡាករទី ២ ហើយដែលបានផ្លាស់ទៅកាន់ក្លិប Al-Hilal ចេញពីក្លិបស្ថិតនៅទឹកដីប្រទេសអង់គ្លេសក្នុងក្របខណ្ឌ Premier League បន្ទាប់ពីកីឡាករសញ្ជាតិព័រទុយហ្កាល់ Ruben Neves ដែលចាកចេញពីក្លិប Wolverhampton Wanderers កាលពីសប្តាហ៍មុន។
 
ក្របខណ្ឌ Saudi Pro League ក្លាយជាក្របខណ្ឌលីគបាល់ទាត់ដ៏ទាក់ទាញសម្រាប់កីឡាករស្ថិតនៅតំបន់អឺរ៉ុប ចាប់តាំងពី Cristiano Ronaldo បានផ្លាស់ទៅកាន់ក្លិប Al-Nassr កាលពីខែមករាឆ្នាំ ២០២៣។
 
កាលពីពេលថ្មីៗនេះ ក្លិបជើងឯក Al-Ittihad បានចុះកិច្ចសន្យានាំយកកីឡាករ Karim Benzema ម្ចាស់ពានរង្វាន់ Ballon d’Or កាលពីដើមខែមិថុនា មុនពេលកីឡាករ N’Golo Kante សញ្ជាតិបារាំងដូចគ្នាផ្លាស់ចេញពី Chelsea ទៅចូលរួមក្លិបជាមួយ Benzema ដូចគ្នា។
 
ក្លិប Al-Hilal ជាក្លិបមួយដែលមានឥទ្ធិពលខ្លាំងក្នុងប្រទេសអារ៉ាប៊ីសាអីឌីត ដោយពួកគេតែងតែឈ្នះពានរង្វាន់ទាំងក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងតំបន់អាស៊ី ដល់ទៅ ៦៦ពានរង្វាន់ ហើយពួកគេក៏ជាក្រុមដែលរក្សាកំណត់ត្រាឈ្នះពានរង្វាន់ក្នុងលីគ ១៨លើក និង AFC Champions League ចំនួន ៤លើក៕
 

Tag:
 Chelsea
  Kalidou Koulibaly
© រក្សាសិទ្ធិដោយ thmeythmey.com