កីឡាអន្តរជាតិ
អន្តរជាតិ
Salt Bae ថាគ្មានអ្វីចម្លែកទេ ដែលខ្លួនចូលទីលានអបអរក្រុមអាហ្សង់ទីនឈ្នះ World Cup 2022
26, Jun 2023 , 6:29 pm        
រូបភាព
លោក Nusret Gokce ដែលគេស្គាល់ថា Salt Bae ជាចុងភៅដ៏ល្បីឈ្មោះ លើបណ្តាញសង្គម បានប្រាប់រឿងហេតុអំពីការចូលទៅក្នុងទីលានប្រកួត និងអបអរជ័យជម្នះជាមួយនឹងកីឡាករ Lionel Messi រួមទាំងក្រុមអាហ្សង់ទីនដទៃផ្សេងទៀត កាលពីខែធ្នូ ឆ្នាំ ២០២២ នៃព្រឹត្តិការណ៍ FIFA World Cup ក្នុងប្រទេសកាតា។


កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២២ ជាពេលដែលអាហ្សង់ទីនគ្រងជើងឯក World Cup លើកទីបីក្នុងប្រវត្តិសាស្ត្រ អំឡុងពេលក្រុមអបអរជ័យជម្នះ លោក Salt Bae បានក្លាយជាសត្រូវទីមួយ សម្រាប់ការបង្ហោះជាសាធារណៈលើបណ្តាញសង្គមនានា ចំពោះការចូលក្នុងទីលានប្រកួតនាកីឡដ្ឋាន Lusail។ ទង្វើររបស់ Salt Bae ត្រូវបានមហាជនដែលប្រើប្រាស់បណ្តាញសង្គមរិះគន់យ៉ាងខ្លាំងថាបានចូលអុកឡុកក្នុងពិធីអប​អរជ័យជម្នះរបស់ក្នុងអាហ្សង់ទីន។
  


លោក Salt Bae បានស្នើទៅកាន់ Messi កាលនោះឱ្យថតរូបភាពជាមួយគេ ក៏ដូចជាការលើកពានរង្វាន់ World Cup មិនតែប៉ុណ្ណោះបានបង្ហោះរូបគេអំពីការខាំមេដាយ ដែលកីឡាករអាហ្សង់ទីនបានឈ្នះ។ តាមពិតទៅ ពានរង្វាន់ World Cup ក៏ដូចជាមេដាយទាំងអស់ មានតែក្រុមដែលឈ្នះតែប៉ុណ្ណោះអាចមានសិទ្ធិកាន់ពេញលេញ រួមទាំងមន្ត្រីប្រចាំក្រុម ក៏ត្រូវបានអនុញ្ញាត ប៉ុន្តែសម្រាប់បញ្ហាចូលទីលានរបស់លោក Salt Bae បានក្លាយជាទៅជាចម្ងល់មួយមកដល់ពេលបច្ចុប្បន្ន។
 
និយាយប្រាប់ទៅកាន់កាសែត The Times លោក Salt Bae បានពន្យល់អំពីការគិតរបស់លោកថា ខ្លួនលោកផ្ទាល់ជាមួយនឹងក្រុមអាហ្សង់ទីនគ្មានអារម្មណ៍អ្វីដែលថាជាមនុស្សចម្លែកឡើយ។
«វាត្រូវបានបូករួមបញ្ចូលអំពីការស្រលាញ់ទៅលើក្រុមអាហ្សង់ទីន និងការចាប់អារម្មណ៍ចូលចិត្តរបស់ខ្ញុំផ្ទាល់។ ខ្ញុំស្រលាញ់អាហ្សង់ទីន ខ្ញុំបានទៅរស់នៅទីនោះ ខ្ញុំក៏បានទៅជួយគាំទ្រពួកគេ ហើយពួកគេច្រើននាក់នៅក្នុងក្រុមក៏ធ្លាប់បានទៅកាន់ភោជនីយដ្ឋានរបស់ខ្ញុំផងដែរ។ ខ្ញុំគ្មានអារម្មណ៍ទេថាជាមនុស្សចម្លែកជាមួយពួកគេ តែផ្ទុយទៅវិញវាជាពេលវេលាដ៏ពិសេស ខ្ញុំមិនអាចនិយាយអ្វីបានឡើយចំពោះហេតុផលដែលខ្ញុំនៅទីនោះ តែខ្ញុំនឹងមិនចូលទៅក្នុងទីលានម្តងទៀតឡើយ។»។ លោក Salt Bae បានលើកឡើងបែបនេះ។
  


ក្រៅពីនេះលោក Salt Bae បានអះអាងបន្ថែមថា មានមនុស្សជាច្រើនក៏បានចូលក្នុងទីលានដែរកាលនោះ ប៉ុន្តែមនុស្សជាច្រើនផ្សេងទៀត បែរជាផ្តោតចំណាប់អារម្មណ៍ទៅលើលោកតែម្នាក់។
 
លោក Salt Bae គឺជាចុងភៅសញ្ជាតិតួកគីដ៏ល្បីមួយរូប ព្រមទាំងភោជនីយដ្ឋានលោកផ្ទាល់ទៀតសោត។ លោកទទួលបានភាពល្បីល្បាញខ្លាំងលើកដំបូងបន្ទាប់ពីវីដេអូអំពីការចម្អិនម្ហូប នឹងការរោយអំបិលលើសាច់ដែលលោកបានចម្អិនរួច ចំពោះមុខភ្ញៀវ វីដេអូទាំងអស់នោះបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយធ្វើឱ្យលោកក្លាយជាបុគ្គលល្បីមួយរូបលើបណ្តាញសង្គមមកដល់ពេលបច្ចុប្បន្ន៕
 

Tag:
 World Cup
  Salt Bae
© រក្សាសិទ្ធិដោយ thmeythmey.com