ជាតិ
រដ្ឋមន្រ្តីកសិកម្ម ចង់ឱ្យសហគមន៍ព្រៃឈើចង្ក្រាន្តរយ រៀបចំកញ្ចប់សេវាទេសចរណ៍ដើម្បីបង្កើនចំណូល 30, Jun 2023 , 1:59 pm
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
×
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញឱ្យសហគមន៍ព្រៃឈើចង្ក្រាន្តរយ រៀបចំកញ្ចប់សេវាទេសចរណ៍ ដើម្បីបង្កើនចំណូលបន្ថែមទៀត។ លោករដ្ឋមន្ត្រីក្រសួងកសិកម្មលើកឡើងដូច្នេះ ក្នុងពេលលោកជួបជាមួយប្រជាសហគមន៍ជាង១០០នាក់ ក្នុងពេលដែល លោក និងដៃគូវិស័យឯកជន បានចុះពិនិត្យសក្តានុពល នៃសហគមន៍ព្រៃឈើចង្ក្រាន្តរយ នៅស្រុកវ៉ារិន ខេត្តសៀមរាប និងអភិវឌ្ឍតំបន់ការពារធនធានធម្មជាតិដោយផ្សារភ្ជាប់វិស័យកសិកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរ បន្ទាប់ពីតំបន់ប្រាសាទ។
លោក ឌិត ទីណា បញ្ជាក់ដូច្នេះ ៖«សហគមន៍អាចរៀបចំជាកញ្ចប់សេវាទេសចរណ៍ រួមមានការស្នាក់នៅ ម្ហូបអាហារ បន្លែ ត្រី សាច់ ដែលត្រូវបានដាំដុះ និងចិញ្ចឹមតាមបែបធម្មជាតិដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្ត នឹងអាចផ្តល់ប្រាក់ចំណូលជាប្រចាំដល់ប្រជាពលរដ្ឋ»។ លោក ឌិត ទីណា បានប្រាប់ដល់ប្រជាសហគមន៍ ឱ្យចូលរួមថែរក្សា ការពារ អភិរក្ស សមិទ្ធផលដែលទទួលបាន តាមរយៈការបង្កើត និងផ្តល់សេវាទេសចរណ៍ដែលមានគុណភាព និងរួសរាយទាក់ដល់ទេសចរ
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សូមបញ្ជាក់ថា នៅឆ្នាំ២០២០ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានផ្តួចផ្តើមគំនិតអភិវឌ្ឍ ដើម្បីទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តដំណើរកម្សាន្តផ្សងព្រេង បោះតង់ ទស្សនាសត្វស្លាបព្រៃ។ ក្រោមមូលនិធិរបស់សមាជិកនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅឆ្នាំ២០២៣ ហេដ្ឋារចនាសម្ព័នជាច្រើនត្រូវបានរៀបចំឡើង ដើម្បីបម្រើដល់ភ្ញៀវទេសចរមកកម្សាន្តក្នុងនោះមានដូចជា កន្លែងបោះតង់ ផ្សារកសិផលសហគមន៍ កន្លែងបុគ្គលិកស្នាក់នៅ ប្រព័ន្ធទឹកស្អាត កសាងផ្លូវបេតុងប្រវែង១០គីឡូម៉ែត្រ និងស្តារអូរបានប្រវែង៥គីឡូម៉ែត្រ៕
Tag:
ក្រសួងកសិកម្ម
ព្រៃឈើចង្ក្រាន្តរយ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com