កីឡាអន្តរជាតិ
អន្តរជាតិ
លោក Gerrard ក្លាយជាអ្នកចាត់ការក្រុម ​​Al-Ettifaq នៅលីគអារ៉ាប៊ីសាអូឌីត
04, Jul 2023 , 2:00 pm        
រូបភាព
លោក Steven Gerrard ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុម ​Al-Ettifaq ស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមការប្រកាសរបស់ក្លិប​ស្ថិតនៅលីគ Saudi Pro League នៅថ្ងៃទី៣ ខែកក្កដា។
 
អតីតកីឡាករខ្សែបម្រើក្រុម Liverpool និងក្រុមជម្រើសជាតិអង់គ្លេសកាលពីខែមិថុនាកន្លងទៅ លោកបានប្រកាសឱ្យដឹងថាបានច្រានចោលសំណើរក្នុងការទៅដឹកនាំក្រុមស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ យ៉ាងណាអ្នកចាត់ការវ័យ​ ៤៣ឆ្នាំ បានផ្លាស់ប្តូរចិត្ត ដើម្បីទៅដឹកនាំក្រុមនៅប្រទេសអារ៉ាប់មួយនេះ ដូចកីឡាករល្បីៗលើពិភពលោកជាច្រើនរូបទៀត។
 
«យើងពិតជារំភើបណាស់ដែលបានប្រកាសថាលោក Steven Gerrard គឺជាគ្រូបង្វឹកថ្មីរបស់យើង។ គាត់មិនមែនជាមនុស្សចម្លែកចំពោះការឈ្នះពានរង្វាន់ផ្សេងៗ ជាវីរបុរសមួយរូបដែលនាំមកនូវប្រវត្តិសាស្ត្រដ៏រុងរឿង និងអនាគតដ៏គួរឱ្យរំភើបដល់ ​Ettifaq។»។ ក្លិប Al-Ittifaq បានប្រកាសបែបនេះ។
  


បើតាមការបញ្ជាក់របស់ប្រធានក្លិបលោក ​Khalid Al-Dabal បានបង្ហាញក្តីរំភើបយ៉ាងខ្លាំងចំពោះការចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ជាមួយនឹងក្លិប Al-Ittifaq ពីសំណាក់Gerrard ។ លោក Dabal បានរៀបរាប់ថាការមកដល់របស់អតីតគ្រូបង្វឹកក្រុម Aston Villa នឹងក្លាយជារឿងដ៏មានឥទ្ធិពល និងផលប្រយោជន៍បន្ថែមទៀតសម្រាប់ក្របខណ្ឌបាល់ទាត់ Saudi Pro League។
 
ប្រវត្តិនៃការដឹកនាំរបស់លោក Gerrard ដោយលោកបានជួយក្រុម Rangers ស្ថិតនៅក្នុងប្រទេសស្កុតឡែន ឈ្នះជើងឯក Scottish Premiership លើកដំបូងក្នុងរយៈពេល ១០ឆ្នាំ នៅក្នុងឆ្នាំ ២០២១ មុនពេលចាកចេញទៅដឹកនាំក្រុម Aston Villa។ ដឹកនាំក្រុម Aston Villa នៅក្នុងរដូវកាល ២០២២-២៣ បានជាង ១០ប្រកួតលោកត្រូវបានក្លិបបណ្តេញចេញព្រោះរងបរាជ័យ ៧ប្រកួតជាប់ៗគ្នា។
 
ការផ្លាស់ទៅកាន់ទឹកដីប្រទេសអារ៉ាប៊ីសាអូឌីតពីសំណាក់ Gerrard គឺជាអ្នកចាត់ការល្បីឈ្មោះដែលការផ្លាស់ទៅទ្វីបអាស៊ី បន្ទាប់ពីការផ្ទេររបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ទៅកាន់ក្លិប Al-Nassr កាលពាក់កណ្តាលរដូវកាលមុន។ Benzema ដែលជាកីឡាករទីពីរមានតម្លៃពលកម្មថ្លៃបំផុតនៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីត​ ដោយចូលរួមក្រុម Al-Ittihad៕

Tag:
 (Steven Gerrard
  Al-Ettifaq)
© រក្សាសិទ្ធិដោយ thmeythmey.com