កីឡាអន្តរជាតិ
អន្តរជាតិ
Neymar រងពិន័យ ៣,៣លានដុល្លារ ដោយសារជីកស្រះក្នុងបរិវេណផ្ទះ
04, Jul 2023 , 3:41 pm        
រូបភាព
ព្រះរាជអាជ្ញាក្នុងប្រទេសប្រេស៊ីល បានដាក់ពិន័យតារាបាល់ទាត់ Neymar ជាទឹកប្រាក់ប្រមាណ ៣,៣ដុល្លារ ដោយសាររូបគេជីកស្រះនៅក្នុងបរិវេណដីផ្ទះរបស់ខ្លួន នៅប្រទេសកំណើតប្រេស៊ីល ដោយគ្មានសិទ្ធិអនុញ្ញាត ឬអាជ្ញាប័ណ្ណបរិស្ថាន។ នេះបើតាមសេចក្តីប្រកាសរបស់អាជ្ញាធរប្រេស៊ីលនៅថ្ងៃទី៣ ខែកក្កដា។


បើតាមសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សាស្ថិតនៅក្នុងទីក្រុង Mangaratiba ​បានដាក់ការផាកពិន័យចំនួន ៤ សម្រាប់ការប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរដោយការកសាងស្រះសិប្បនិមិ្មតមួយនៅក្នុងដីផ្ទះរបស់ Neymar Jr។ 
 
«ការដាក់ទណ្ឌកម្មមានតម្លៃសរុបមានប្រមាណ ១៦លានរ៉ៃ (Reais) ប្រមាណ ៣,៣លានដុល្លារ។»។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលប្រកាសដោយព្រះរាជអាជ្ញាក្នុងទីក្រុង ​​Mangaratiba។ ដីផ្ទះវីឡាដ៏ធំស្គឹមស្គៃរបស់ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ មានចម្ងាយប្រមាណ ១៣០គីឡូម៉ែត្រពីទីក្រុង Rio ហើយទីនោះក៏ជាតំបន់ទេសចរណ៍ថែមទៀត។
 
ការបំពានលើការជីកនេះ អាជ្ញាធរបានរាប់បញ្ចូលជាការអនុវត្តការងារស្ថិតក្រោមការត្រួតពិនិត្យបរិស្ថានដោយគ្មានការអនុញ្ញាតត្រឹមត្រូវពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ចំពោះការជីកដី ការបង្ហូរទឹកទន្លេដោយគ្មានការអនុញ្ញាត។


 
បន្ទាប់ពីការដាក់ពិន័យនេះ ខ្សែប្រយុទ្ធក្រុម Paris Saint Germain មានរយៈពេល ២០ថ្ងៃសម្រាប់ប្តឹងឧទ្វរណ៍ផងដែរ។ រឿងហេតុរហូតធ្វើឱ្យ Neymar Jr ត្រូវបានអាជ្ញាធរផាកពិន័យ ដោយសារកាលពីថ្ងៃទី២២​ ខែមិថុនា បន្ទាប់ពីមានការបង្ហោះនៅលើបណ្តាញសង្គមនានា អាជ្ញាធរបានរកឃើញថាមានការបំផ្លាញបរិស្ថានធ្ងន់ធ្ងរនៅក្នុងដីផ្ទះដ៏ប្រណិតមួយកន្លែង ដែលមានក្រុមកម្មករបានកំពុងកសាងស្រះសិប្បនិមិត្ត ព្រមទាំងមានឆ្នេរខ្សាច់ថែមទៀត។ 
 
ក្រោយពេលរកឃើញ អាជ្ញាធរបានបិទទីតាំងសាងសង់នោះ និងបញ្ជាឱ្យបញ្ឈប់រាល់សកម្មភាពទាំងអស់ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបានរាយការណ៍ថា Neymar បានទៅធ្វើពិធីជប់លៀងនៅទីនោះ ហើយថែមទាំងងូតទឹកស្រះនោះថែមទៀត។
 
ដីផ្ទះវីឡាដ៏ធំស្គឹមស្កៃរបស់ Neymar ក្នុងទីក្រុង Mangaratiba ត្រូវបានអតីតសមាជិក Barcelona ទិញក្នុងឆ្នាំ ២០១៦ ហើយដីនោះមានទំហំប្រមាណ ១០,០០០ម៉ែត្រការ៉េ ដោយក្នុងនោះរួមមានទីតាំងចតឧទ្ធម្ភាគចក្រ ចំណែកក្នុងផ្ទះបំពាក់ដោយឧបរកណ៍ទំនើប ដូចជាបន្ទប់ស្ពា និងកន្លែងហាត់ប្រាណជាដើម៕

Tag:
 (Neymar Jr)
© រក្សាសិទ្ធិដោយ thmeythmey.com