កីឡាអន្តរជាតិ
អន្តរជាតិ
Brozovic ចេញពី​ ​Inter Milan ទៅចូលរួមជាមួយ Ronaldo នៅ Al-Nassr
04, Jul 2023 , 7:30 pm        
រូបភាព
Marcelo Brozovic ខ្សែបម្រើសញ្ជាតិក្រូអាស៊ីរបស់ក្រុម Inter Milan បានផ្លាស់ទៅចូលរួមជាមួយ Cristiano Ronaldo នៅក្លិប Al-Nassr ស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយកិច្ចសន្យារយៈពេល ៣ឆ្នាំ។ ក្លិប Al-Nassr បានប្រកាសនាថ្ងៃទី៣ ខែកក្កដា។


​សម្រាប់តម្លៃនៃការផ្ទេរទៅក្លិបស្ថិតនៅក្នុងក្របខណ្ឌ Saudi Pro League មិនត្រូវបានបញ្ជាក់ឡើយ ប៉ុន្តែការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីតាលីបានឱ្យដឹងថា តម្លៃនៃការផ្ទេរប្រមាណ ១៨លានអឺរ៉ូ (១៨,៦៣លានដុល្លារ)។
  


«អ្នកគ្រប់គ្នាចង់បានគាត់ គាត់ចង់បានយើងដូចគ្នា។»។ ក្លិប Al-Nassr សរសេរនៅលើបណ្តាញសង្គម Twitter បែបនេះ។ ដោយឡែកសម្រាប់កីឡាករខ្សែបម្រើសញ្ជាតិក្រូអាស៊ីវិញបាននិយាយដូច្នេះថា ៖ « កុំបារម្ភអីខ្ញុំនៅទីនេះហើយ ខ្ញុំជ្រើសរើសក្លិប Al-Nassr។»។
 
​Brozovic វ័យ ៣០ឆ្នាំ បានចូលរួមក្រុម Inter Milan ក្នុងឆ្នាំ ២០១៥ និងបានជួយក្រុមស្ថិតក្នុងក្របខណ្ឌ Serie A ក្នុងឆ្នាំ ២០២០​-២១ ឈ្នះពានរង្វាន់ Italian Cup និងពានរង្វាន់ជាបន្តបន្ទាប់ក្នុងរដូវកាល ២០២២-២៣។ Brozovic ក៏បានជាកីឡាករម្នាក់លេងឱ្យក្រុម Inter នៅក្នុងការប្រកួត Champions League វគ្គផ្តាច់ព្រ័ត្រដែលរងបរាជ័យក្រោមថ្វីជើងក្រុម Manchester City លទ្ធផល ១-០ រដូវកាលមុន។
 
ក្របខណ្ឌ Saudi Pro League បានក្លាយជាក្របខណ្ឌដ៏ទាក់ទាញមួយពីសំណាក់កីឡាករស្ថិតនៅក្នុងតំបន់អឺរ៉ុបចាប់តាំងពី Cristiano Ronaldo បានផ្លាស់ទៅកាន់ក្លិប Al-Nassr តាំងពីខែមករា។ 
 
នារយៈពេលចុងក្រោយមកនេះ ខ្សែប្រយុទ្ធ Karim Benzema ខ្សែបម្រើ N’Golo Kante បានទៅចូលរួមជាក្លិប Al-Ittihad។ ខ្សែការពារ​​ Kalidou Koulibaly ទៅចូលរួមក្រុម Al-Hilal និងអ្នកចាំទី Eduard Mendy ទៅចូលរួមក្លិប Al-Ahli៕

Tag:
 (Marcelo Brozovic
  Al-Nassr)
© រក្សាសិទ្ធិដោយ thmeythmey.com