កីឡាអន្តរជាតិ
អន្តរជាតិ
Pochettino៖ យើងចង់នាំភាពរីករាយមកកាន់ Chelsea ឡើងវិញ
04, Jul 2023 , 5:10 pm        
រូបភាព
លោក Mauricio Pochettino អ្នកចាត់ការទូទៅថ្មី Chelsea នឹងកែប្រែក្រុមឱ្យទៅកាន់ភាពខ្លាំងឡើងវិញ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏លំបាកកាលពីរដូវកាលមុន ២០២២-២៣។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះ អះអាងថានឹងនាំភាពរីករាយឱ្យតោខៀវវិញ។


រដូវកាលមុន ​Chelsea បញ្ចប់ចំណាត់ថ្នាក់លេខ ១២ ក្នុងតារាងក្របខណ្ឌ Premier League ដោយរកបានត្រឹមតែ ៤៤ពិន្ទុពីការប្រកួតចំនួន ៣៨លើក ហើយដោយរកបានជ័យជម្នះត្រឹមតែ ១១ប្រកួតប៉ុណ្ណោះ។ ប៉ុន្តែពេលបច្ចុប្បន្នក្រុមបានរុះរើ និងកែប្រែយ៉ាងខ្លាំង ចាប់តាំងពីលោក Pochettino ទៅដល់ ​Stamford Bridge។ ស្របពេលលក់កីឡាករមួយចំនួនធំ Chelsea បាននាំចូលកីឡាករថ្មីរួមមានខ្សែប្រយុទ្ធមានទេពកោសល្យ Christopher Nkunku និង Nicolas Jackson វិញផងដែរ។
  


ខណៈសម្លឹងរកមើលការកសាងក្រុមតោខៀវឡើងវិញ លោក Pochettino បាននិយាយថាលោកចង់នាំភាពរីករាយមកកាន់ក្រុម Chelsea ក្នុងការប្រកួតប្រជែងដ៏អស្ចារ្យឡើងវិញ។ 
 
«យើងចង់នាំភាពរីករាយមកកាន់ក្លិបដ៏អស្ចារ្យនេះឡើងវិញ។ ប្រវត្តិសាស្ត្រនៃក្លិប Chelsea គឺដើម្បីឈ្នះ ប៉ុន្តែរឿងដែលសំខាន់នោះគឺរកវិធី រកផ្លូវថាយើងនឹងត្រូវកសាងក្រុមបែបណាដើម្បីជ័យជម្នះទាំងនោះ ក្នុងរយៈពេល ១០ទៅ ១៥ឆ្នាំចុងក្រោយ Chelsea ជាក្រុមដ៏អស្ចារ្យក្នុងប្រទេសអង់គ្លេស។ ខ្ញុំចង់បង្កើតអារម្មណ៍បែបនេះ ហើយខ្ញុំរីករាយសម្រាប់ការងារជាមួយនឹងក្រុមកីឡាករវ័យក្មេងរបស់យើង»។ នេះជាការអះអាងរបស់លោក Pochettino។ 
 
​កាលពីរដូវកាល ២០២២-២៣​ ក្រុមតោខៀវជាក្រុមតែមួយស្ថិតក្នុង Premier League ដែលបានចំណាយប្រាក់ជាង ៧០០លានដុល្លារ​ក្នុងការនាំចូលកីឡាករថ្មីមកកាន់ក្រុម ដោយកាលនោះក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Graham Potter ជាងពាក់កណ្តាលរដូវកាល និងលោក Prank Lampard ចុងរដូវកាល។
 
មុនចាប់ផ្តើមរដូវកាល ២០២៣-២៤ ក្រុមស្ថិតក្នុងទីក្រុងឡុងដ៍មួយនេះ បានបញ្ចេញកីឡាករសំខាន់ៗជាច្រើនដែលធ្លាប់បានជួយក្រុមឈ្នះពានរង្វាន់នាពេលកន្លងមកដូចជា ​Kai Havertz, Kalidou Koulibaly, Eduard Mendy, Mateo Kovacic និង N’Golo Kante ទៅកាន់ក្រុមនានាក្នុងក្របខណ្ឌ Premier League ក៏ដូចជាទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីត៕

Tag:
 (Mauricio Pochettino
  Chelsea)
© រក្សាសិទ្ធិដោយ thmeythmey.com