កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ ចិនដាក់គោលដៅឆ្លងឱ្យផុតវគ្គចែកពូល និងទៅវគ្គបន្តបន្ទាប់តាមដែលអាចធ្វើបាន
04, Jul 2023 , 6:20 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីចិន ដាក់គោលដៅឆ្លងឱ្យផុតវគ្គចែកពូល និងវគ្គបន្តបន្ទាប់នៅក្នុងការប្រកួតពានរង្វាន់ Women’s World Cup 2023 ដោយមិនរំពឹងឈ្នះជើងឯក។ ដោយស្ថិតនៅពូល D សុទ្ធតែក្រុមខ្លាំងដូចជាអង់គ្លេស និង ដាណឺម៉ាកជាដើម ចិនស្ថិតក្នុងសម្ពាធមួយដ៏លំបាក់ ទោះទើបឈ្នះ Asian Cup កាលពីឆ្នាំមុនក្តី។


ក្រុមរហ័សនាមកូលាបដែក ធ្លាប់ជាក្រុមរងជើងឯកនៅក្នុងពានរង្វាន់ Women’s World Cup ក្នុងឆ្នាំ ១៩៩៩ ដែលកាលនោះជាព្រឹត្តិការណ៍បាល់ទាត់នារីលើពិភពលោកលើកទី៣។ 
  


សម្រាប់ការប្រកួតដែលនឹងធ្វើឡើងនៅក្នុងប្រទេសអូស្រា្តលី និងនូវែលសេឡង់ គ្រូបង្វឹករបស់ក្រុមបាល់ទាត់នារីចិនអ្នកស្រី Shui Qingxie ជឿជាក់ថានឹងអាចឆ្លងផុតវគ្គចែកពូល ពេលដែលប៉ះជាមួយក្រុមជើងឯកអឺរ៉ុប អង់គ្លេស, ដាណឺម៉ាក និងហៃទី ក្នុងពូល D។
 
«គោលដៅនៃការប្រកួត ​World Cup គឺធ្វើយ៉ាងណាទៅឱ្យបានឆ្ងាយតាមតែអាចធ្វើទៅបាន ជាជាងការប្រជែងពានរង្វាន់។ បំណងប្រាថ្នាមួយនេះគឺល្អ គ្រប់គ្នាអាចទទួលបានលើសពីនេះ ប៉ុន្តែវាល្អជាងដើម្បីឱ្យមានភាពប្រាកដនិយមជាង ហើយយើងគួរតែធ្វើឱ្យអស់ពីសមត្ថភាពក្នុងក្រុមរបស់យើង ហើយព្យាយាមឡើងទៅវគ្គបន្ត។»។ អ្នកស្រី Shui Qingxie បាននិយាយប្រាប់ទៅកាន់គេហទំព័រ Beijing Evening News បែបនេះ។
 
អង់គ្លេសជាក្រុមមួយត្រូវបានគេរំពឹងថានឹងជាក្រុមឈរកំពូលតារាង តែអ្នកស្រី Shui គ្រូបង្វឹកចិនបានគិតថាដំណើរការវិវឌ្ឍន៍របស់ចិនទំនងងជាពឹងផ្អែកលើលទ្ធផលការប្រកួតបើកឆាករបស់ពួកគេទល់ក្រុមដាណឺម៉ាក ក្នុងទីក្រុង Perth នាថ្ងៃទី២២ ខែកក្កដា។ 
 
ចិនរំពឹងខ្ពស់មួយទៀតលើកីឡាការិនីខ្សែប្រយុទ្ធ Wang Shuang ដែលជាកីឡាការិនីឈ្នះពានរង្វាន់ Asian Women’s Football of the Year ដែលលេងនៅក្លិប Racing Louisville FC នៅក្នុងក្របខណ្ឌ National Women’s Soccer League។
 
យ៉ាងណាការប្រកួត ៤លើកចុងក្រោយរបស់ចិន រកបានជ័យជម្នះត្រឹមតែ ១ប្រកួតប៉ុណ្ណោះ ដោយយកឈ្នះលើចិនតៃប៉ិ ចាប់តាំងពីឈ្នះពានរង្វាន់ Asian Cup។ ការប្រកួតផ្សេងទៀតពួកគេស្មើ ២ប្រកួត និង ចាញ់​ ១ប្រកួត ហើយការចាញ់ចុងក្រោយក្រោមថ្វីជើងស៊ុយអែត ៤-១៕

Tag:
 (Women’s World Cup 2023)
© រក្សាសិទ្ធិដោយ thmeythmey.com