កីឡាអន្តរជាតិ
អន្តរជាតិ
លោក ​Ancelotti អ្នកចាត់ការ Real នឹងក្លាយជាគ្រូបរទេសដឹកនាំជម្រើសជាតិប្រេស៊ីលលើកដំបូង
06, Jul 2023 , 8:29 am        
រូបភាព
លោក Carlo Ancelotti អ្នកចាត់ការក្រុម Real Madrid បច្ចុប្បន្ន នឹងប្តូរទៅកាន់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលវិញ សម្រាប់ការប្រកួតព្រឹត្តិការណ៍ Copa America 2024។ នេះបើតាមប្រភពមួយស្ថិតក្នុងសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី៤ ខែកក្កដា។


​កាលពីពេលថ្មីនេះ CBF ក៏បានប្រកាសអំពីការតែងតាំងអតីតគ្រូបង្វឹកក្រុម ​Fluminense លោក Fernando Diniz សម្រាប់តំណែងដឹកនាំប្រេស៊ីលណ្តោះអាសន្ន។
 
លោក Ancelotti បច្ចុប្បន្នកំពុងដឹក​ Real Madrid ខណៈដែលកិច្ចសន្យារបស់លោកនៅសល់ ១រដូវកាលទៀតជាមួយក្រុមអធិរាជស។ ផុតកិច្ចសន្យានៅអេស្ប៉ាញ លោកនឹងត្រូវដឹកនាំក្រុមប្រេស៊ីលនៅក្នុងពេលដែលប្រទេសស្ថិតក្នុងតំបន់ទ្វីបអាម៉េរិកខាងត្បូងមួយ​នេះ ប្រជែងពាន Copa America ដែលនឹងធ្វើឡើងនៅក្នុងប្រទេសអាម៉េរិកចាប់ពីខែមិថុនា ឆ្នាំ ២០២៤។
 
ប្រសិនបើលោក Ancelotti ដែលជាអតីតគ្រូបង្វឹកក្រុម AC Milan និង Chelsea ទៅដឹកនាំក្រុមប្រេស៊ីល នោះលោកនឹងក្លាយជាគ្រូបង្វឹកជនជាតិបរទេសដំបូងបំផុតដែលបង្វឹកក្រុមប្រេស៊ីលក្នុងរយៈពេលជិត ៦០ឆ្នាំ នៃប្រវត្តិសាស្ត្របាល់ទាត់ប្រេស៊ីល។ គ្រូបង្វឹកបរទេសដែលបានដឹកនាំក្រុមប្រេស៊ីលចុងក្រោយបង្អស់នោះគឺលោក Filpo Nunez សញ្ជាតិអាហ្សង់ទីននៅក្នុងឆ្នាំ ១៩៦៥។
 
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៦៤ឆ្នាំ ជាគ្រូបង្វឹកដ៏ខ្លាំងពូកែមួយរូប ដោយលោកបានដឹកនាំក្រុមខ្លាំងៗដូចជា AC Milan និង Real Madrid ឈ្នះពានរង្វាន់ Champions league ២លើកដូចគ្នា។ លោក Ancelotti បានជួយក្រុមដូចជា Chelsea, Bayern Munich, Paris Saint Germain, Real Madrid និង AC Milan ឈ្នះពានរង្វាន់តាមលីគនីមួយៗដែលក្លិបទាំងនោះបានប្រជែង។
 
កាលពីអំឡុងព្រឹត្តិការណ៍ World Cup 2022 ប្រេស៊ីលបានស្ថិតក្រោមការដឹកនាំរបស់លោក ​Tite តែក្រោយបញ្ចប់ការប្រកួតក្រោយចាញ់ក្រុមក្រូអាស៊ី គ្រូបង្វឹកសញ្ជាតិប្រេស៊ីលបានចុះចេញពីតំណែង។ លោក ​Ramon Menezes ត្រូវបានតែងតាំងជាគ្រូបណ្តោះអាសន្ន។
 
ប្រេស៊ីលដែលនឹងត្រូវស្ថិតក្រោមការដឹកនាំបណ្តោះអាសន្តពីសំណាក់លោក Fernando Diniz នឹងចាប់ផ្តើមយុទ្ធនាការប្រកួតប្រជែងវគ្គជម្រុះព្រឹត្តិការណ៍ World Cup 2026 របស់ខ្លួននៅក្នុងខែកញ្ញា ដោយការប្រកួតធ្វើឡើងក្នុងទឹកដីប្រទេសប្រេស៊ីល ដោយស្វាគមន៍ក្រុមបូលីវី មុនពេលទៅប៉ះប៉េរូ៕
 
 
 

Tag:
 Copa America
  ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com