កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ទស្សនកិច្ចនៅកាម៉េរូន ដែលជាប្រទេសកំណើតរបស់ឪពុក ជាលើកដំបូង 08, Jul 2023 , 2:59 pm
× Kylian Mbappe ខ្សែប្រយុទ្ធក្រុម Paris Saint Germain កំពុងតែធ្វើដំណើរទស្សនកិច្ចនៅប្រទេសកាម៉េរូន ដែលប្រទេសកំណើតរបស់ឪពុកគេលើកដំបូង ក្នុងសប្តាហ៍នេះ ខណៈអនាគតរបស់គេនៅក្លិបយក្សបារាំង កំពុងក្លាយជារឿងដ៏រសើប។
អ្នកគាំទ្រច្រើននាក់ បានចោមរោមនៅបរិវេណព្រលានយន្តហោះក្នុងទីក្រុង Yaounde ទឹកដីប្រទេសកាម៉េរូន កាលពីថ្ងៃទី៦ ខែកក្កដា ជាទីដែលតារាបាល់ទាត់សញ្ជាតិបារាំង វ័យ២៤ឆ្នាំ រូបនេះត្រូវទស្សនកិច្ចរយៈពេល ៣ ថ្ងៃ។
«វាពិតជាកិត្តិយសណាស់សម្រាប់ខ្ញុំ ដែលបានមកទីនេះ ជាប្រទេសមួយដែលជាប្រទេសកំណើតរបស់ខ្ញុំ ជាមួយនឹងគ្រួសាររបស់ខ្ញុំ ហើយបានឃើញមនុស្សជាច្រើននៅទីនេះផ្ទាល់។ ពួកគេបានបង្ហាញក្តីស្រលាញ់មកកាន់ខ្ញុំ។»។ Mbappe បាននិយាយបែបនេះ នាថ្ងៃទី៧ ខែកក្កដា បន្ទាប់ពីបានជួបនាយករដ្ឋមន្ត្រីកាម៉េរូន លោក Joseph Dion Ngute។
នៅប្រទេសកាម៉េរូន Mbappe បានបង្ហាញវត្តមានក្នុងសកម្មភាពកីឡា ដោយបានចូលរួមការប្រកួតកីឡាបាល់បោះ ជាមួយអតីតកីឡាករបាល់បោះ Joakim Noah លេងនៅក្របខណ្ឌ NBA មុនពេលចូលរួមលេងបាល់ទាត់ ទល់ក្រុម Vent d’Etoudi FC ស្ថិតនៅក្របខណ្ឌទីពីរកាម៉េរូន។
នៅថ្ងៃទី៨ ខែកក្កដា Mbappe នឹងធ្វើដំណើរទៅកាន់ទីក្រុងសេដ្ឋកិច្ច Douola និងភូមិកំណើតរបស់ឪពុក គឺលោក Wilfried Mbappe ដែលជាគ្រូបង្វឹកបាល់ទាត់ និងជាភ្នាក់ងាររបស់ Mbappe ផ្ទាល់។ ដំណើរទស្សនកិច្ចរបស់គេ ក៏រួមមានទៅកាន់សាលារៀន ដែលបានកសាងដោយមូលនិធិសប្បុរសធម៌ Mbappe ផ្ទាល់។
Mbappe ដែលមានម្តាយជាជនជាតិអាល់ហ្សេរី និងជាកីឡាការិនីបាល់បោះមួយរូប បានផ្តល់កំណើតដល់ Mbappe នៅក្នុងភាគភាគឦសាន ជាយក្រុងប៉ារីស។
ខណៈដែលរូបគេស្ថិតក្នុងប្រទេសកាម៉េរូន តារាបាល់ទាត់សញ្ជាតិបារាំងរូបនេះ កំពុងមានរឿងរ៉ាវដ៏រសើបជាមួយក្លិប PSG ដោយរូបគេបានផ្ញើលិខិតមួយ ទៅកាន់ក្លិបដោយមិនបន្តកិច្ចសន្យាទៀតឡើយ ក្រោយបញ្ចប់រដូវកាល ២០២៣-២៤។ កិច្ចសន្យារបស់គេនៅសល់ ១ឆ្នាំជាមួយ PSG។
យ៉ាងណាកាលពីពេលថ្មីៗនេះ ប្រធានក្លិប PSG លោក Nasser Al-Khelaifi ក៏បានតឿន Mbappe ឱ្យបន្តកិច្ចសន្យាថ្មីបន្តទៀត បើរូបគេចង់ស្នាក់នៅលេងនៅក្នុងក្លិបយក្សរបស់បារាំង។ មកដល់ពេលនេះ រឿងរ៉ាវនៃការបន្តកិច្ចសន្យារបស់ Mbappe នៅតែជាបញ្ហារសើប និងគួរឱ្យចាប់អារម្មណ៍បំផុតនៅលើពិភពបាល់ទាត់៕
© រក្សាសិទ្ធិដោយ thmeythmey.com