FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ណែនាំអាជ្ញាកណ្តាលបញ្ឈប់ការខ្ជះខ្ជាយពេលក្នុងការប្រកួត World Cup នារី 08, Jul 2023 , 4:59 pm
× សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ប្រាប់ទៅកាន់ក្រុមអាជ្ញាកណ្តាលដែលមានវត្តមាននៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ស្ត្រី Women’s World Cup 2023 នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ កុំឱ្យពន្យាពេលវេលាការប្រកួតខ្ជះខ្ជាយ ក្នុងពេលបន្ថែមពេលវេលាបង្គ្រប់។
FIFA ដាស់តឿនក្រុមអាជ្ញាកណ្តាលទៅលើ ពេលវេលាដែលបានខ្ជះខ្ជាយទៅលើ ការផ្លាស់ប្តូរកីឡាករ, កីឡាកររបួស, ការអបអរគ្រាប់បាល់ និងការត្រួតពិនិត្យប្រព័ន្ធ VAR។ FIFA ទាមទារឱ្យការបន្ថែមពេលវេលាបន្ថែមបង្គ្រប់នឹងត្រូវធ្វើឡើងនៅចុងម៉ោងតាមវគ្គនីមួយៗជាជាង បន្ថែមក្រោយពេលវេលា ៩០នាទីនៃការប្រកួត។
កាលពីការប្រកួតនៅក្នុងប្រទេសកាតា World Cup 2022 ពេលវេលាបន្ថែមបង្គ្រប់យូរបំផុតមានរយៈពេលដល់ទៅ ១១នាទី ដែលបានបូកបន្ថែមនៅក្នុងការប្រកួត។ ការប្រកួតរបស់ក្រុមអង់គ្លេស បើកឆាកទល់ក្រុមអ៊ីរ៉ង់ជាការប្រកួតមួយ ដែលត្រូវបានគេកត់ត្រាថា ជាការប្រកួតដែលខាតពេលវេលាប្រមាណដល់ទៅ ២៧នាទី។
អាជ្ញាកណ្តាលក៏ស្ថិតក្រោមការណែនាំបន្ថែមផងដែរ ដើម្បីឱ្យមានភាពសកម្មនៅលើពេលចាប់ផ្តើមការប្រកួតឡើងវិញ ដូចជាការទាត់បាល់ហ្វ្រីឃីក ការបោះបាល់ និងទាត់បាល់ជ្រុង ព្រមទាំងការទាត់បាល់ ចេញពីអ្នកចាំទីជាដើម។
ភាពខុសគ្នាសំខាន់ពីរ នៅក្នុងការប្រកួតក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បើធៀបនឹងប្រទេសកាតា អាជ្ញាកណ្តាលនឹងត្រូវប្រកាសពីការសម្រេចចិត្តចុងក្រោយ បន្ទាប់ពីត្រួតពិនិត្យនៅលើទីលានប្រកួតរួច។ អាជ្ញាកណ្តាល ក៏ត្រូវក្លាយជាផ្នែកនៃការបន្ថយការគៀបសង្គត់ពីសំណាក់អ្នកចាំទី ដែលព្យាយាមរំខានអ្នកទាត់បាល់ពិន័យ ១១ម៉ែត្រផងដែរ។
អាជ្ញាកណ្តាល នឹងប្រាប់ទៅកាន់ក្រុមអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន ក៏ដូចជាអ្នកតាមដានតាមរយៈកញ្ចក់ទូរទស្សន៍ អំពីការសម្រេចចិត្តចុងក្រោយ ដែលពួកគេនឹងត្រូវធ្វើឡើងសម្រាប់ការកាត់សេចក្តីការប្រកួតលើទីលាន៕
Tag:
FIFA
Women’s World Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com