កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមបាល់ទាត់នារីហ្វីលីពីន រំពឹងទទួលការចាប់អារម្មណ៍ខ្លាំង ពេលបង្ហាញខ្លួនលើកដំបូង នៅ World Cup 09, Jul 2023 , 5:19 pm
× ក្រុមបាល់ទាត់នារីហ្វីលីពីន រំពឹងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីប្រជាជនខ្លួន ក្នុងពេល បង្ហាញខ្លួនប្រកួតប្រជែង នៅក្នុងពានរង្វាន់ FIFA Women’s World Cup 2023 ជាលើកដំបូង ដូចទៅនឹងកីឡាបាល់បោះ និងកីឡាប្រដាល់ដែរ។
ប្រវត្តិសាស្ត្រដ៏យូរលង់មួយ ក្នុងប្រវត្តិវិស័យកីឡារបស់ហ្វីលីពីន មិនធ្លាប់បានលេងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ពីមុនឡើយ ទាំងក្រុមបុរស និងក្រុមនារី។ ហ្វីលីពីនទទួលបានឱកាសលេង ក្នុងពានរង្វាន់បាល់ទាត់នារីពិភពលោក នៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់ ជាការប្រកួតដែលមានការកែរចនាសម្ព័ន្ធការប្រកួត ដោយមានការបង្កើនក្រុមរហូតដល់ ៣២ក្រុម លើកដំបូងដូចគ្នា។
ការប្រកួតលើកដំបូងរបស់ក្រុមនារីហ្វីលីពីន នឹងត្រូវចាប់ផ្តើមយុទ្ធនាការប្រកួតរបស់ខ្លួននៅថ្ងៃទី២១ ខែកក្កដា ដោយក្រុមដឹកនាំដោយគ្រូបង្វឹក Alen Stajcic សញ្ជាតិអូស្រ្តាលី នឹងត្រូវជួបក្រុមនារីស្វ៊ីស ក្នុងទីក្រុង Dunedin នៅក្នុងប្រទេសនូវែលសេឡង់។
លោក Stajcic និយាយថា ដំណើរផ្សងព្រេងរបស់ពួកគេ គឺចាប់ផ្តើមពីចំណុចសូន្យ ហើយទៅកាន់ព្រឹត្តិការណ៍ World Cup គឺជារឿងអព្ភូតហេតុ។ មិនតែប៉ុណ្ណោះ ពាក់កណ្តាលនៃកីឡាករ សុទ្ធសឹងតែមិនស្ថិតក្នុងនាមជាកីឡាករក្លិបអាជីព ដោយភាគច្រើនការហ្វឹកហាត់របស់ពួកគេ គឺដោយខ្លួនឯង នៅតាមតំបន់របស់ពួកគេ។
«វាជាប្រភេទឱកាស ដើម្បីឱ្យមានការកើនឡើងការចាប់អារម្មណ៍សម្រាប់ក្រុម។ ការប្រកួត ប្រជែង គឺជាបញ្ហាប្រឈមសម្រាប់យើងទាំងអស់គ្នា គឺត្រូវធ្វើយ៉ាងណា របៀបណា មិនត្រូវរីករាយនឹងអ្វីដែលយើងបានទៅដល់នោះទេ។ យើងត្រូវផ្តោតលើការប្រកួត។»។ លោក Stajcic វ័យ ៤៩ឆ្នាំ បានប្រាប់ទៅកាន់ទីភ្នាក់ងារ AFP តាមរយៈប្រព័ន្ធ Zoom។
ចាប់តាំងពីលោក Stajcic ត្រូវបានតែងតាំងជាគ្រូបង្វឹកកាលពីចុងឆ្នាំ ២០២១ ហ្វីលីពីនបានហក់ឡើងនូវចំនួនកម្រិតលំដាប់ថ្នាក់ FIFA ពីលេខ ៦៨ ដល់លេខ ៤៦ នាពេលបច្ចុប្បន្ន។
ចាប់ផ្តើមដំបូងនៅក្នុងព្រឹត្តិការណ៍ Women’s Asian Cup ក្នុងឆ្នាំ២០២២ ពួកគេធ្វើបាន យ៉ាងល្អ ដោយឈានជើងចូលក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយកាលនោះ រងបរាជ័យ ក្រោមថ្វីជើងក្រុមនារីកូរ៉េខាងត្បូង ហើយរក្សាបានតំណែង World Cup លើក ដំបូងរបស់ខ្លួន។
ក្រុមហ្វីលីពីន មកកាន់ការប្រកួតពានរង្វាន់ World Cup 2023 ដោយបាន ឈ្នះ ការ ប្រកួតនាពេលកន្លងមក ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ពួកគេឈ្នះមេដាយសំរឹទ្ធ និង ពានរង្វាន់ AFF Women’s Championship៕
Tag:
Women’s World Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com