បោះឆ្នោត
អន្តរជាតិ
លោក Pita ថាការជ្រើសរើសនាយករដ្ឋមន្រ្តីថៃ គឺត្រូវផ្អែកតាមប្រព័ន្ធប្រជាធិបតេយ្យ
10, Jul 2023 , 11:39 am        
រូបភាព
លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ បានបង្ហាញវត្តមាននៅពីមុខផ្សារទំនើប CentralWorld នៅផ្លូវប្រសព្វ Ratchaprasong ក្នុងថ្ងៃទី៩ ខែកក្កដា។ រូបភាព AFP
លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ បានបង្ហាញវត្តមាននៅពីមុខផ្សារទំនើប CentralWorld នៅផ្លូវប្រសព្វ Ratchaprasong ក្នុងថ្ងៃទី៩ ខែកក្កដា។ រូបភាព AFP
លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ នៅថ្ងៃទី៩ ខែកក្កដា បានលើកឡើងយ៉ាងច្បាស់ៗថា ការជ្រើសរើសនាយករដ្ឋមន្រ្តី គឺមិនមែនជាការជ្រើសយករូបលោក ឬបក្សឆ្ពោះទៅមុខឡើយ ប៉ុន្តែជាការជ្រើសរើសដោយផ្អែកតាមប្រព័ន្ធប្រជាធិបតេយ្យ។


មុនការជ្រើសរើសនាយករដ្ឋមន្រ្តីថៃថ្មីដោយសភាទាំងពីរថ្នាក់ លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ បានជួបជាមួយអ្នកគាំទ្រនៅពីមុខផ្សារទំនើប CentralWorld នៅផ្លូវប្រសព្វ Ratchaprasong ក្នុងថ្ងៃទី៩ ខែកក្កដា។​
 
ថ្លែងទៅកាន់អ្នកគាំទ្រខ្លួន ដែលមានសំលៀកបំពាក់ពណ៌ទឹកក្រូច និងមានកាន់ឆត្រផងនោះ លោក Pita បានអះអាងថា ការជ្រើសរើសនាយករដ្ឋមន្រ្តីថៃថ្មី មិនមែនជាការជ្រើសយករូបលោក ឬបក្សឆ្ពោះទៅមុខឡើយ ប៉ុន្តែវាជាការជ្រើសរើសដោយផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ។ 
 
មិនតែប៉ុណ្ណោះ លោក Pita បានស្នើឱ្យសមាជិកព្រឹទ្ធសភាបោះឆ្នោតគាំទ្រខ្លួន ដើម្បីមិនប្រឆាំងឆន្ទៈប្រជាជន ក៏ដូចជាសម្រាប់ប្រជាធិបតេយ្យ និងការវិលត្រលប់ទៅរកប្រក្រតីភាពនៃនយោបាយថៃផង។ 
 
កន្លងមក លោក Pita បានរងពាក្យបណ្តឹងរបស់គូប្រជែងជុំវិញការកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ ITV Public Company។ ជុំវិញបញ្ហានេះ គណៈកម្មការរៀបចំការបោះឆ្នោតថៃ ត្រូវសម្រេចលើការស្នើឱ្យតុលាការធម្មនុញ្ញកំណត់ពីភាពខុសច្បាប់របស់លោក Pita ក្នុងការកាន់កាប់ភាគហ៊ុននោះ។ ជាការឆ្លើយតប បេក្ខជននាយករដ្ឋមន្រ្តីថៃ បានអះអាងថា ជំហររបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ជារឿងធម្មតា និងដូចការរំពឹងទុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS។ 
 
មិនតែប៉ុណ្ណោះ មេដឹកនាំបក្សរូបនេះ ក៏បានឆ្លើយសំណួរជុំវិញវត្តមានអ្នកគាំទ្រលោកនៅមុខសភា ក្នុងថ្ងៃទី១៣ ខែកក្កដា ដែលជាថ្ងៃរដ្ឋសភា និងព្រឹទ្ធសភារើសនាយករដ្ឋមន្រ្តីថៃថ្មីផង។ បើតាមលោក Pita ប្រជាជនមានសិទ្ធិបញ្ចេញមតិរបស់ខ្លួន ហើយលោកមិនបានគិតឡើយថា វត្តមានរបស់ប្រជាជននៅមុខសភា នឹងដាក់សម្ពាធលើសមាជិកព្រឹទ្ធសភា។
 
មកទល់ពេលនេះ លោក​ Pita មានសំឡេងគាំទ្រ ៣១២កៅអីរួចហើយ តាមរយៈសម្ព័ន្ធបក្សនយោបាយចំនួន ៨។ យ៉ាងណាមិញ អ្នកនយោបាយវ័យក្មេងរូបនេះ ត្រូវការសំឡេងរហូតដល់ ៣៧៦កៅអីឯណោះ ពីព្រឹទ្ធសភា និងរដ្ឋសភា ដែលមានសំឡេងសរុប៧៥០ ដើម្បីក្លាយជាប្រមុខរដ្ឋាភិបាលថៃថ្មី។ 
 
កន្លងមក សមាជិកព្រឹទ្ធសភាមួយចំនួន បានប្រកាសដកការគាំទ្រលើលោក​ Pita វិញ ដោយសារតែគោលនយោបាយរបស់បក្សក្នុងការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។ ប្រធានរដ្ឋសភាថៃថ្មី Wan Muhamad Noor Matha ក៏ធ្លាប់លើកឡើងផងដែរថា ការបោះឆ្នោតរើសនាយករដ្ឋមន្រ្តី អាចធ្វើឡើងជាច្រើនជុំ៕ 
 

Tag:
 ថៃ
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com