អន្តរជាតិ
មេដឹកនាំកូរ៉េខាងត្បូង ជំរុញឱ្យពិភពលោកបង្ហាញការប្តេជ្ញាប្រឆាំងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង 10, Jul 2023 , 2:39 pm
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង (រូបក្នុងរង្វង់)។ រូបភាព AFP និង KCNA
× ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា បានជំរុញឱ្យសហគមន៍អន្តរជាតិ ចាំបាច់ត្រូវតែបង្ហាញពីការប្តេជ្ញាយ៉ាងមុតមាំ ក្នុងការប្រឆាំងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាងសេចក្តីប្រាថ្នារបស់ក្រុងព្យុងយ៉ាងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
មុនចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសម្ព័ន្ធយោធាណាតូនៅក្រុងវីលនីញូស ទឹកដីលីទុយអានី លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង បានផ្តល់កិច្ចសម្ភាសមួយជាមួយទីភ្នាក់ងារព័ត៌មាន AP ជុំវិញបញ្ហាកូរ៉េខាងជើង កិច្ចសហប្រតិបត្តិការសន្តិសុខ និងសង្រ្គាមនៅអ៊ុយក្រែនជាដើម។ តាមរយៈកិច្ចសម្ភាសនេះ លោក យូន បានប្រាប់ឱ្យសហគមន៍អន្តរជាតិបង្ហាញការប្តេជ្ញាប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាថ្មី។
«ពេលនេះ ជាពេលដែលត្រូវបង្ហាញយ៉ាងច្បាស់លាស់ថា ការប្តេជ្ញារបស់សហគមន៍អន្តរជាតិលើការប្រឆាំងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺរឹងមាំជាងបំណងប្រាថ្នារបស់កូរ៉េខាងជើងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ»។ មេដឹកនាំកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ ដោយបន្តថា រដ្ឋាភិបាលក្រុងសេអ៊ូល នឹងសង្កត់ធ្ងន់ពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់ក្រុងព្យុងយ៉ាងនៅកិច្ចប្រជុំអង្គការណាតូ ដែលនឹងធ្វើឡើងនៅថ្ងៃទី១១ និងថ្ងៃទី១២ ខែកក្កដា។
ចាប់តាំងពីកាន់អំណាចមក លោកប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ តែងស្វះស្វែងរកកិច្ចសហប្រតិបត្តិការជាច្រើនទាំងក្នុងតំបន់ និងអន្តរជាតិ ដើម្បីទប់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង ដែលតែងបាញ់មីស៊ីលជាញឹកញាប់ទៅក្នុងសមុទ្រខាងកើត ក្នុងគោលបំណងបង្ហាញសាច់ដុំរបស់ខ្លួន។
ក្នុងកិច្ចសម្ភាសដដែល លោកយូន បានបន្តថា ការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាពីសំណាក់សហគមន៍អន្តរជាតិលើក្រុងព្យុងយ៉ាង ជាឥទ្ធិពលលើការទប់ស្កាត់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ក៏ដូចជាមីស៊ីល។
បន្ថែមពីនេះ មេដឹកនាំកូរ៉េខាងត្បូង បានអះអាងថា លោកអាចនឹងជួបជាមួយប្រធានាធិបតីអាម៉េរិក និងនាយករដ្ឋមន្រ្តីជប៉ុន ក្នុងគោលបំណងជជែកពីកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីផងដែរ។
កន្លងមក វាមានទណ្ឌកម្មមិនតិចឡើយ ដែលត្រូវបានប្រទេសជាច្រើន រួមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដាក់លើកូរ៉េខាងជើង។ ប៉ុន្តែទណ្ឌកម្មទាំងនោះ មិនអាចរារាំងការប្តេជ្ញារបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង លើកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរបានឡើយ។ នៅក្នុងឆ្នាំ២០២២ អាម៉េរិក បានស្នើដាក់ទណ្ឌកម្មលើកូរ៉េខាងជើងជាថ្មី នៅក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែត្រូវបានចិន និងរុស្ស៊ីប្រើសិទ្ធិវេតូ ក្រោយហេតុផលថា ទណ្ឌកម្មទាំងនោះ មិនអាចបង្អាក់សកម្មភាពមីស៊ីលរបស់កូរ៉េខាងជើងបានឡើយ៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
ណាតូ
អាម៉េរិក
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com