អន្តរជាតិ
បក្សជាតិថៃរួបរួម មិនដាក់លោក ប្រាយុទ្ធ ក្នុងការបោះឆ្នោតរើសនាយករដ្ឋមន្រ្តីឡើយ
10, Jul 2023 , 4:09 pm        
រូបភាព
លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃ។ រូបភាព AFP
លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃ។ រូបភាព AFP
បក្សជាតិថៃរួបរួម (UTNP) នឹងមិនដាក់លោកប្រាយុទ្ធ ចន្ទអូចា សម្រាប់ការបោះឆ្នោតរើសនាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតសភាខាងមុខឡើយ។ នេះបើតាមការប្រកាសរបស់លោក Pirapan Salirathavibhaga ប្រមុខបក្សជាតិថៃរួបរួម ក្នុងថ្ងៃទី១០ ខែកក្កដា។
 
នៅថ្ងៃទី១៣ ខែកក្កដា សភាទាំងពីរថ្នាក់ ពោលគឺរដ្ឋសភា និងព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំរួមមួយ ដើម្បីរើសនាយករដ្ឋមន្រ្តីថៃថ្មី។ ដើម្បីក្លាយជាប្រមុខរដ្ឋាភិបាលថ្មី បេក្ខជននាយករដ្ឋមន្រ្តី ចាំបាច់ត្រូវតែទទួលបានសំឡេងគាំទ្រច្រើនជាង៣៧៦កៅអី ឬលើសពីពាក់កណ្តាលនៃសមាជិកសភាទាំងពីរថ្នាក់ ៧៥០រូប។ 
 
ក្នុងការបោះឆ្នោតសភារើសនាយករដ្ឋមន្រ្តីថ្មីនេះ បក្សជាតិថៃរួបរួម នឹងមិនដាក់លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃ និងប្រធានបក្ស លោក Pirapan Salirathavibhaga សម្រាប់កៅអីនាយករដ្ឋមន្រ្តីឡើយ។ នេះបើតាមសំណេររបស់ប្រធានបក្សជាតិថៃរួបរួមលើបណ្តាញសង្គម Facebook នៅថ្ងៃទី១០ ខែកក្កដា។ 
 
តាមការប្រកាសរបស់ប្រមុខបក្សជាតិថៃរួបរួមរូបនេះ ការមិនចូលរួមប្រជែងយកតំណែងប្រមុខរដ្ឋាភិបាលបែបនេះ គឺដោយសារបក្សរបស់ខ្លួន មិនគាំទ្រគំនិតរដ្ឋាភិបាលមានសំឡេងភាគតិចនៅក្នុងរដ្ឋសភា ដែលអាចបំផ្លាញប្រយោជន៍របស់ប្រទេស។ 
 
បក្សជាតិថៃរួបរួម ដែលមានលោកប្រាយុទ្ធ ជាបេក្ខជននាយករដ្ឋមន្រ្តី អាចចូលរួមជាមួយសម្ព័ន្ធបក្សនយោបាយដឹកនាំដោយបក្ស Palang Pracharath បាន ដោយមានសំឡេង១៨៨ នៅក្នុងរដ្ឋសភា។ បើមានការគាំទ្រពីសមាជិកព្រឹទ្ធសភា ២៥០រូបថែមទៀត លោក​ ប្រាយុទ្ធ អាចនឹងក្លាយនាយករដ្ឋមន្រ្តីថៃជាថ្មី។ 
 
ប៉ុន្តែនៅពេលនោះ លោកប្រាយុទ្ធ ត្រូវដឹកនាំរដ្ឋាភិបាលសំឡេងភាគតិចនៅក្នុងរដ្ឋសភាដែលពិបាកក្នុងការអនុម័តច្បាប់ និងមិនអាចបន្តប្រតិបត្តិការរយៈពេលយូរបានឡើយ។ ក្នុងការបោះឆ្នោតនៅពេលកន្លងមក សម្ព័ន្ធបក្សនយោបាយដឹកនាំដោយបក្សឆ្ពោះទៅមុខ មានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា។ 
 
ក្នុងសំណេរលើបណ្តាញសង្គម Facebook ដដែលនេះ លោក Pirapan បានប្រកាសយ៉ាងច្បាស់ៗផងដែរថា បក្សរបស់លោក នឹងមិនគាំទ្រលោក Pita Limjaroenrat ជានាយករដ្ឋមន្រ្តីថៃនោះទេ ព្រោះបក្សឆ្ពោះទៅមុខស្វះស្វែងរកការកែប្រែច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ៕ 
 
 

Tag:
 ថៃ
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com