អន្តរជាតិ
ក្រោយជំទាស់អស់មួយឆ្នាំ ប្រធានាធិបតីតួកគីឯកភាពឱ្យស៊ុយអែតចូលណាតូហើយ
11, Jul 2023 , 2:39 pm        
រូបភាព
ប្រធានាធិបតីតួកគី លោក តៃយីប អ៊ែរដូហ្កាន់ (ខាងឆ្វេង), លោក Jens Stoltenberg ប្រមុខអង្គការណាតូ (កណ្តាល) និងនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson នៅថ្ងៃទី១០ ខែកក្កដា។ រូបភាពយកពី Twitter របស់លោក Jens Stoltenberg
ប្រធានាធិបតីតួកគី លោក តៃយីប អ៊ែរដូហ្កាន់ (ខាងឆ្វេង), លោក Jens Stoltenberg ប្រមុខអង្គការណាតូ (កណ្តាល) និងនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson នៅថ្ងៃទី១០ ខែកក្កដា។ រូបភាពយកពី Twitter របស់លោក Jens Stoltenberg
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ បានឯកភាពផ្តល់ភ្លើងបៃតងក្នុងការគាំទ្រស៊ុយអែតជាសមាជិកអង្គការណាតូ (NATO) ក្រោយជំទាស់រយៈពេល១ឆ្នាំ ដោយសារតែក្តីបារម្ភជុំវិញបញ្ហាសន្តិសុខ។ នេះបើតាមការប្រកាសរបស់ប្រមុខអង្គការណាតូ លោក Jens Stoltenberg នៅថ្ងៃទី១០ ខែកក្កដា។
 
កន្លងមក មន្រ្តីស៊ុយអែត និងតួកគី បានជួបគ្នាជាច្រើនលើក ដើម្បីជជែកពីសមាជិកភាពរបស់ស៊ុយអែតទៅក្នុងអង្គការណាតូ ប៉ុន្តែវាមានការវិវដ្តតិចតួចប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រោយជំនួបនៅក្រុងវីលនីញូស លីទុយអានី ប្រធានាធិបតីតួកគី លោក តៃយីប អ៊ែរដូហ្កាន់ បានឯកភាពក្នុងការដាក់សំណើសមាជិកភាពរបស់ស៊ុយអែតទៅសភាខ្លួន។ 
 
«ខ្ញុំរីករាយក្នុងការប្រកាស...ប្រធានាធិបតីអ៊ែរដូហ្កាន់ បានយល់ព្រមដាក់ពិធីការចូលជាសមាជិករបស់ស៊ុយអែតទៅសភាឱ្យបានឆាប់រហ័ស និងធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាដើម្បីធានាពីការផ្តល់សច្ចាប័ន»។ អគ្គលេខាធិការអង្គការណាតូ លោក​ Jens Stoltenberg បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១០ ខែកក្កដា ដោយបន្តថា នេះជាថ្ងៃប្រវតិ្តសាស្រ្តមួយ។ 
 
យ៉ាងណាមិញ ប្រមុខអង្គការណាតូរូបនេះ មិនបានបញ្ជាក់ឡើយ ថាតើស៊ុយអែត នឹងក្លាយជាសមាជិកសម្ព័ន្ធយោធាជាផ្លូវការនៅពេលណា។ 
 
ដើម្បីចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ប្រទេសមួយ ចាំបាច់ត្រូវមានការយល់ព្រមពីប្រទេសសមាជិកណាតូទាំងអស់។ កន្លងមក តួកគី បានបដិសេធមិនទទួលស៊ុយអែតជាសមាជិក ដោយសារតែរដ្ឋាភិបាលក្រុងអង់ការ៉ា​ បានចោទរដ្ឋាភិបាលក្រុងស្តុកខុល គាំទ្រសកម្មជន Kurdish ដែលខ្លួនចាត់ទុកជាភេរវករ។ 
 
គួររំឭកថា ស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យចូលជាសមាជិកជាមួយគ្នា នៅក្នុងឆ្នាំ២០២២ ក្រោយពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ ប៉ុន្តែហ្វាំងឡង់ ត្រូវបានអនុញ្ញាតឱ្យចូលជាសមាជិកនៅក្នុងខែមេសា ឆ្នាំ២០២៣៕ 
 

Tag:
 តួកគី
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com