អន្តរជាតិ
ប្រមុខការទូតឥណ្ឌូណេស៊ី៖ អាស៊ីអាគ្នេយ៍ ត្រូវតែជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ
11, Jul 2023 , 4:39 pm        
រូបភាព
កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ នៅថ្ងៃទី១១ ខែកក្កដា។ រូបភាព The Sun Daily
កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ នៅថ្ងៃទី១១ ខែកក្កដា។ រូបភាព The Sun Daily
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានបញ្ជាក់ជាថ្មីថា រាល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីការពារតំបន់អាស៊ីអាគ្នេយ៍ ឱ្យជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ។ បើតាមប្រមុខការទូតរូបនេះ គ្មានអាវុធណា ខ្លាំងជាងអាវុធនុយក្លេអ៊ែរឡើយ។
 
ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៅក្នុងក្រុងហ្សាការតា នៅថ្ងៃទី១១ ខែកក្កដា ប្រមុខការទូតឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានលើកឡើងថា ក្នុងពេលបច្ចុប្បន្ន ពិភពលោកកំពុងតាមដានមើលពីហានិភ័យកម្រិតខ្ពស់នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាងពេលណាទាំងអស់។ បើទោះមិនបញ្ជាក់ពីជម្លោះណាមួយ ប៉ុន្តែលោកស្រីទំនងសំដៅដល់សង្រ្គាមនៅអ៊ុយក្រែន ដែលមានការប្រឈមមុខរវាងមហាអំណាចនុយក្លេអ៊ែររុស្ស៊ី និងអាម៉េរិក រួមទាំងប្រទេសកាន់កាប់អាវុធនុយក្លេអ៊ែរផ្សេងទៀត ខណៈកូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនលើក។ 
 
«គ្មានអាវុធណាមានកម្លាំងខ្លាំង និងបំផ្លាញជាងអាវុធនុយក្លេអ៊ែរឡើយ»។ លោកស្រី Marsudi បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរក្នុងថ្ងៃទី១១ ខែកក្កដា ដោយបន្តថា ពិភពលោកស្ថិតនៅមួយជំហានប៉ុណ្ណោះពីមហន្តរាយពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានឥណ្ឌូណេស៊ី Antara។ 
 
ទន្ទឹមនេះ ប្រមុខការទូតឥណ្ឌូណេស៊ីរូបនេះ បានកត់សម្គាល់ថា តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ បានជួយឱ្យតំបន់មួយនេះ អាចថែរក្សាសន្តិភាព និងស្ថិរភាព តាមរយៈសន្ធិសញ្ញាកាត់បន្ថយសព្វាវុធ និងការមិនរីកសាយអាវុធនុយក្លេអ៊ែរ។ បើតាមលោកស្រី Marsudi អាស៊ានមិនអាចមានសុវត្ថិភាពពិតប្រាកដឡើយ បើទោះមានអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់។ 
 
បន្ថែមពីនេះ ប្រមុខការទូតឥណ្ឌូណេស៊ី ក៏បានបង្ហាញការសោកស្តាយផងដែរ ដែលគ្មានរដ្ឋកាន់កាប់អាវុធនុយក្លេអ៊ែរណាមួយចុះហត្ថលេខាលើពិធីសារតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ 
 
សន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ដែលស្គាល់ថាជាសន្ធិសញ្ញាក្រុងបាងកក ត្រូវបានចុះហត្ថលេខាដោយសមាជិកអាស៊ានទាំងអស់ នៅក្នុងខែធ្នូ ឆ្នាំ១៩៩៥។ សន្ធិសញ្ញាមួយនេះ បានចែងថា រដ្ឋហត្ថលេខី មិនអាចអភិវឌ្ឍ ផលិត ទទួល កាន់កាប់ ឬគ្រប់គ្រងស្ថានីយអាវុធនុយក្លេអ៊ែរ ឬដឹកជញ្ជូនអាវុធនុយក្លេអ៊ែរដោយមធ្យោបាយណាមួយ ឬសាកល្បង និងប្រើប្រាស់អាវុធមួយនេះឡើយ។
 
ចំណែកពិធីសារនៃសន្ធិសញ្ញា SEANWFZ ជាការផ្តល់ការធានាផ្នែកច្បាប់ ដើម្បីប្រាកដថារដ្ឋកាន់កាប់អាវុធនុយក្លេអ៊ែរ មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងការគំរាមកំហែងចំពោះរដ្ឋជាសមាជិកសន្ធិសញ្ញា។ អាស៊ាន ក៏បើកចំហរពិធីសារ សម្រាប់ការចុះហត្ថលេខាដោយមហាអំណាចនុយក្លេអ៊ែរទាំង៥ មានដូចជា រុស្ស៊ី ចិន អង់គ្លេស បារាំង និងអាម៉េរិក។
 
សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន​លើកទី៥៦ ត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកក្កដា នៅក្រុងហ្សាការតា ឥណ្ឌូណេស៊ី ដោយមានរបៀបវារៈសំខាន់ៗជាច្រើន ក្នុងនោះមានដូចជា វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង ពាណិជ្ជកម្ម និងឧក្រិដ្ឋកម្មឆ្លងព្រំដែនជាដើម។
 
ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏មានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ានផងដែរ។ ប្រមុខការទូតប្រទេសដៃគូអាស៊ានមានអាម៉េរិក ចិន រុស្ស៊ី ជប៉ុនជាដើម នឹងមានវត្តមានក្នុងកិច្ចប្រជុំនេះ៕  
 

Tag:
 ឥណ្ឌូណេស៊ី
  នុយក្លេអ៊ែរ
  អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com