ជាតិ
ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរច្រើនជាងគេ នាដើមខែកក្កដា
11, Jul 2023 , 6:59 pm        
រូបភាព
រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ទេសចរជាតិ-អន្តរជាតិចំនួនជាង៦ម៉ឺននាក់បានដើរកម្សាន្តនៅខេត្តព្រះសីហនុ នាសប្តាហ៍ទី១ នៃខែកក្កដានេះ។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរចំនួន ២៨៦ ៩៥៩នាក់ ក្នុងនោះមានទេសចរជាតិ ២៥០ ៨៨៧នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៣៦ ០៧២នាក់ បានដើរកម្សាន្តទូទាំងប្រទេស។ 


បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី ១១ ខែកក្កដា ទេសចរបានចេញដើរកម្សាន្តទូទាំងប្រទេសជាង ២៨ម៉ឺននាក់ ថយថុះជាង ៦ភាគរយបើធៀបទៅនឹងសប្តាហ៍កន្លងមក។ ខេត្តគោលដៅដែលស្រូបទាក់ទាញភ្ញៀវបានច្រើនជាងគេ រួមមាន ព្រះសីហនុ បាត់ដំបង រាជធានីភ្នំពេញ កំពត សៀមរាប និងខេត្តកណ្តាល។
 
ខេត្តព្រះសីហនុ ទទួលបានទេសចរចំនួន ៦១ ៣៨០ នាក់, ខេត្តបាត់ដំបង ៣៤ ០៨០ នាក់, រាជធានីភ្នំពេញ ៣២ ៧២៧នាក់, ខេត្តកំពត ២៨ ១៣៧នាក់, ខេត្តសៀមរាប ២០ ២៦៨នាក់ និងខេត្តកណ្តាល ២០ ៥៤១នាក់។ 
 
ចំនួនភ្ញៀវទេសចរទាំង ២៨ម៉ឺននាក់នេះ ត្រូវបានរាប់បញ្ជូលទាំងអ្នកធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស។ សូមជម្រាបថា រយៈពេល៦ខែនៃឆ្នាំ២០២៣នេះ  ខេត្តព្រះសីហនុទទួលបានទេសចរទៅកម្សាន្តសរុបចំនួន ៣ ៣៩១ ២៣៣នាក់ កើនឡើង ៦៥ភាគរយ បើធៀបទៅនឹងឆមាសទី១នៃឆ្នាំ ២០២២ មានទេសចរចំនួន ២ ០៤៩ ៤៩៤នាក់។  ទេសចរជាង៣លាននាក់នេះ ក្នុងនោះភ្ញៀវជាតិ ចំនួន ៣ ២១៣ ៤៥១នាក់ កើនឡើង៧៦ភាគរយ និងភ្ញៀវអន្តរជាតិចំនួន ១៧៧ ៧៨២នាក់ ថយចុះ ២១ភាគរយ បើធៀបរយៈពេលដូចគ្នាឆមាសទី១នៃឆ្នាំ២០២២៕
 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com