អន្តរជាតិ
លោកPita​ អំពាវនាវជាថ្មីឱ្យសភាបោះឆ្នោតរើសខ្លួនជានាយករដ្ឋមន្រ្តី
11, Jul 2023 , 6:19 pm        
រូបភាព
លោក Pita Limjaroenrat ប្រធានបក្សឆ្ពោះទៅមុខ និងជាបេក្ខជននាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
លោក Pita Limjaroenrat ប្រធានបក្សឆ្ពោះទៅមុខ និងជាបេក្ខជននាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
ធៀន ភារិន្ទ អន្តរជាតិ ()
 
មេដឹកនាំបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat បានអំពាវនាវឱ្យសមាជិកសភាទាំងអស់បោះឆ្នោតគាំទ្រខ្លួនធ្វើជានាយករដ្ឋមន្រ្តីថៃថ្មី ដើម្បីជួយប្រទេសអាស៊ីអាគ្នេយ៍មួយនេះឱ្យត្រលប់ទៅរកប្រក្រតីភាពនយោបាយឡើងវិញ។ បើតាមលោក Pita ការបោះឆ្នោតរបស់ប្រជាជនមកលើខ្លួនលោក គឺដោយសារប្រជាជនចង់ឃើញថៃមានការផ្លាស់ប្តូរ។ 
 
ថៃ បានកំណត់យកថ្ងៃទី១៣ ខែកក្កដា សម្រាប់ប្រជុំសភាទាំងពីរថ្នាក់ ពោលគឺរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីរើសប្រមុខរដ្ឋាភិបាលថ្មី។ មុនថ្ងៃរើសនាយករដ្ឋមន្រ្តី លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ និងជាបេក្ខជននាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យសមាជិកសភាទាំងពីរថ្នាក់បោះឆ្នោតរើសខ្លួនជានាយករដ្ឋមន្រ្តី។ 
 
«សូមផ្តល់ឱកាសឱ្យមានរដ្ឋាភិបាលមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា ដោយគោរពតាមឆន្ទៈរបស់ប្រជាជន និងដើរតាមផ្លូវប្រជាធិបតេយ្យ»។ លោក Pita បានបញ្ជាក់បែបនេះនៅក្នុងវីដេអូ ដែលបង្ហោះលើបណ្តាញសង្គម Facebook ក្នុងរយៈពេល ៤នាទី និង៣៣វិនាទី នៅថ្ងៃទី១១ ខែកក្កដា ដោយបន្តថា សូមឱ្យថៃវិលត្រលប់ទៅរកប្រក្រតីភាពនយោបាយឡើយវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ 
 
ទន្ទឹមនេះ ប្រមុខបក្សឆ្ពោះទៅមុខ បានបន្តផងដែរថា ប្រជាជនជាច្រើនលាននាក់ បានបោះឆ្នោតគាំទ្រខ្លួន និងជួយឱ្យបក្សខ្លួនមានកៅអីច្រើនជាងគេនៅក្នុងរដ្ឋសភា ដោយសារចង់ឃើញថៃមានការផ្លាស់ប្តូរ។ នៅក្នុងការបោះឆ្នោតរើសតំណាងរាស្រ្តកន្លងទៅ បក្សឆ្ពោះទៅមុន ទទួលបាន ១៥១អាសនៈ ដោយតាមពីក្រោយដោយបក្ស Pheu Thai។ 
 
បើតាមលោក​ Pita ប្រសិនបើថៃវិលត្រលប់ទៅរកប្រក្រតីភាពនយោបាយវិញ រដ្ឋាភិបាលរបស់លោក ដែលដឹកនាំដោយសម្ព័ន្ធបក្សនយោបាយចំនួន៨ និងមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា នឹងអាចដោះស្រាយបញ្ហាប្រជាជនបាន។ យ៉ាងណាក៏ដោយ លោក Pita ត្រូវរង់ចាំសេចក្តីសម្រេចរបស់សភាជាមុនសិន។ 
 
ក្នុងវីដេអូដដែល មេដឹកនាំបក្សវ័យក្មេងរូបនេះ បានបន្ថែមថា បើទោះសមាជិកសភាមិនចូលចិត្តគោលនយោបាយបក្សឆ្ពោះទៅមុខ ប៉ុន្តែសូមបោះឆ្នោតឱ្យរដ្ឋាភិបាលមានសំឡេងភាគច្រើនក្នុងរដ្ឋសភាសិន។ នៅពេលនយោបាយថៃវិលត្រលប់ទៅរកប្រក្រតីភាព សមាជិកសភាអាចត្រួតពិនិត្យ វាយប្រហារ ឬបោះឆ្នោតដករូបលោកចេញពីតំណែងបាន។ 
 
តាមរយៈសម្ព័ន្ធបក្សនយោបាយចំនួន ៨ លោក Pita បានទទួលសំឡេងគាំទ្រចំនួន ៣១២កៅអីរួចហើយ ប៉ុន្តែមេដឹកនាំបក្សរូបនេះ ត្រូវការសំឡេង៦៤កៅអីថែមទៀត ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថៃថ្មី។ តាមច្បាប់របស់ថៃ បេក្ខជននាយករដ្ឋមន្រ្តី ត្រូវតែទទួលបានសំឡេងគាំទ្រលើសពីពាក់នៃសមាជិកសភាទាំងពីរថ្នាក់ ៧៥០រូប។ 
 
កន្លងមក សមាជិកព្រឹទ្ធសភាមួយចំនួន បានប្រកាសដកការគាំទ្រលើលោក Pita វិញ ដោយសារគោលនយោបាយរបស់បក្សមានបំណងចង់កែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។ 
 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com